អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាស្តីពី «ការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់កុមារ និងយុវជន ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង» រយៈពេល២ថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឱ្យពួកគេអាចចែករំលែកព័ត៌មានថ្មីៗ អំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង។
ការរៀបចំវេទិកានេះក៏ដើម្បីកំណត់នូវបញ្ហានានាដែលកុមារ ក្មេងវ័យជំទង់ និងស្ត្រីវ័យក្មេង កំពុងជួបប្រទះ ដើម្បីរួមគ្នាបង្កើតនូវផែនការសកម្មភាពស្វែងរកមតិគាំទ្រ និងបង្កើតសេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រស្វែងរកមតិគាំទ្ររយៈពេល ៣ឆ្នាំ របស់កុមារ ក្មេងវ័យជំទង់ និងស្ត្រីវ័យក្មេង។ សិក្ខាសាលានេះក៏ដើម្បីកំណត់នូវអត្តសញ្ញាណនៃសម្ព័ន្ធស្តីពីការចូលរួមសម្រេចចិត្តរបស់ពួកគេសម្រាប់កិច្ចសន្ទនានាពេលអនាគតជាមួយអ្នកធ្វើសេចក្តីសម្រេច និងអ្នកបង្កើតគោលនយោបាយ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានថ្លែងក្នុងវេទិកានេះថា គោលដៅយុទ្ធសាស្ត្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា គឺដើម្បីសម្រេចបាននូវផលវិជ្ជមានដោយផ្ទាល់លើក្មេងស្រី ១លាននាក់ក្នុងចំណោមក្មេងស្រី ២.៥ លាននាក់ តាមរយៈកម្មវិធីរួមបញ្ចូលគ្នាឆ្នាំសារពើពន្ធ២០២៦។ ជាមួយនឹងកម្មវិធីរួមបញ្ចូលគ្នា និងតំណាងចម្រុះអង្គការភ្លែនអន្តរជាតិកម្ពុជាខិតខំផ្តល់សិទ្ធិអំណាចដល់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេង ជាពិសេសផ្តោតលើក្មេងជំទង់ និងស្ត្រីវ័យក្មេង ដោយជំរុញសមត្ថភាពរបស់ពួកគេឱ្យបង្ហាញពីកង្វល់ និងតស៊ូមតិសម្រាប់ខ្លួនឯង។
លោកស្រីថ្លែងបញ្ជាក់ថា៖ «ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេងជាធនធានមនុស្សនាពេលអនាគតរបស់ប្រទេស ការវិនិយោគលើការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ទោះបីជាមានការរីកចម្រើនក្នុងការចូលរួមរបស់យុវជន និងសមភាពយេនឌ័រក៏ដោយ ការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេងនៅតែមានការរឹតត្បិត»។
ទន្ទឹមនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា ប្តេជ្ញាបន្តភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដែលរួមមាន ស្ថាប័នរដ្ឋនិងអង្គការនានាដើម្បីគាំទ្របណ្តាញ និងក្រុមកុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេងក្នុងការធានាឱ្យមានការចូលរួមរបស់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេងកម្ពុជាក្នុងវេទិកាធ្វើសេចក្តីសម្រេចប្រចាំឆ្នាំ។ ក្រៅពីនេះក៏ចូលរួមផ្សព្វផ្សាយសំឡេងរបស់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេងឱ្យមានឥទ្ធិពលលើភាគីពាក់ព័ន្ធសំខាន់ៗក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។
ជាមួយគ្នានេះដែរលោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ថ្លែងថា ក្រសួងកិច្ចការនារី បាននិងកំពុងសហការគ្នាលើកិច្ចការមួយចំនួនដូចជាការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីជាដើម។ លោកបន្តថា នៅក្នុងកម្មវិធីនេះដែរ ក្រសួងបានរៀបចំ និងអនុវត្តដោយផ្ដោតទៅលើសមាសភាគរួមមានការពង្រឹងនិងពង្រីកគំនិតផ្ដួចផ្ដើមនានាដូចជា ក្លិប និងបណ្ដាញក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ និង កម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព ក្នុងការលើកកម្ពស់ភាពជាអ្នកនាំរបស់ក្មេងស្រី។
លោកថា បន្ថែមថាក្រសួងក៏បានផ្ដោតលើការលើកកម្ពស់ការគាំទ្រផ្នែកគោលនយោបាយ និងការចូលរួមសាធារណៈ សហគមន៍ និងអាណាព្យាបាល ព្រមទាំងការពង្រីកកម្មវិធីសិក្សាស្រាវជ្រាវថ្មីៗ និងអំណះអំណាង ក្នុងការគាំទ្រលើកម្មវិធីភាពជាអ្នកដឹកនាំក្មេងស្រី និងយេនឌ័រ។
លោកលើកឡើងថា៖ «ព្រឹត្តិការណ៍នាឱកាសនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការចូលរួម និងការអនុវត្តសិទ្ធិរបស់កុមារ ក្មេងជំទង់ និងស្ត្រីវ័យក្មេង ដើម្បីឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាពនិងទំនុកចិត្ត។ កិច្ចការទាំងអស់នេះ និងកម្មវិធីផ្សេងទៀតរបស់អង្គការភ្លែន ពិតជាបាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តួនាទីរបស់ស្ត្រី និងក្មេងស្រី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ»។
ទន្ទឹមនេះ លោកជឿជាក់ថា វេទិកាពិភាក្សានេះ នឹងក្លាយជាធាតុចូលមួយដ៏សំខាន់ សម្រាប់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ រួមទាំងក្រសួងកិច្ចការនារី និងអ្នកកាន់កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរ ដើម្បីយកទៅប្រើប្រាស់សម្រាប់រៀបចំតាក់តែង និងការសម្រួចកម្មវិធី និងគម្រោងនានា ដើម្បីបន្តលើការចូលរួមរបស់កុមារ យុវជន និងក្មេងស្រី។
ចំណែក កញ្ញា លេខ ការី ជាជនជាតិដើមភាគតិចព្រៅ និងជាទូតសុច្ឆន្ទៈនៃ “យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្នើគ្នា”បានប្ដេជ្ញាចិត្តនឹងខិតខំរៀនសូត្រយកចំណេះដឹងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចាប់យកឱកាស និងអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីមានលទ្ធភាពចូលរួមដោះស្រាយបញ្ហាក្មេងស្រី នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ កញ្ញាបញ្ជាក់ថា នឹងនៅតែបន្តសកម្មភាពរបស់ខ្លួន លុះត្រាតែក្មេងស្រី និងស្ដ្រីវ័យក្មេង ទទួលបាននូវការអប់រំពេញលេញ សមភាពយេនឌ័រ និងភាពស្មើគ្នាជាមួយក្មេងប្រុស ទាំងសមត្ថភាពការងារ និងការសម្រេចចិត្ត។
កញ្ញាថ្លែងថា៖ «ខ្ញុំសំណូមពរដល់ដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកិច្ចការនារី ក្រសួងអប់រំ និងក្រសួងដទៃទៀត ជួយផ្សព្វផ្សាយបន្ថែម និងលើកទឹកចិត្ត ផ្ដល់ឱកាសឱ្យកុមារ យុវជន ជាពិសេសក្មេងស្រី និងស្ដ្រីវ័យក្មេង ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ តាមរយៈការលើកឡើងពីតម្រូវការ និងដំណោះស្រាយរបស់ពួកគាត់ក្នុងវេទិកាសាធារណៈនានា ដើម្បីសម្រេចគោលបំណង និងក្ដីសុបិនរបស់ពួកគាត់ក្នុងការក្លាយជាពលរដ្ឋសកម្ម និងជាអ្នកដឹកនាំនាពេលអនាគត»៕