មណ្ឌលគិរីៈ ក្នុងឆ្នាំ ២០២៣ ខេត្តមណ្ឌលគិរី បានស្តារគម្របព្រៃឈើឡើវិញបានជាង ២៥ ហិកតា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្រោមជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) ដោយបានធ្វើសកម្មភាពដាំកូនឈើជាចម្បង។
តាមរយៈព្រឹត្តិបត្រប្រចាំខែធ្នូ ឆ្នាំ ២០២៣ ចេញផ្សាយដោយ USAID នៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា គម្របព្រៃឈើប្រមាណ ២៥,៤៤ ហិកតា បានស្តារឡើងវិញ នៅខេត្តមណ្ឌលគិរីតាមរយៈសកម្មភាពដាំកូនឈើចំនួន ២៧ ១២៥ ដើម នៅស្រុកកែវសីមា ក្រោមការសម្របសម្រួលពីក្រសួងបរិស្ថាន តាមរយៈជំនួយ USAID នៃគម្រោង USAID មរតកបៃតង, អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា។
ក្រុមការងារនៃគម្រោងមរតកបៃតង បានរៀបចំព្រឹត្តិការណ៍ជាច្រើនពេញ ១ ឆ្នាំ២០២៣ លើការលើកកម្ពស់ការយល់ដឹងពីការស្តារគម្របព្រៃឈើ ព្រមទាំងកៀរគរការគាំទ្រពីពលរដ្ឋមូលដ្ឋានប្រមាណ ៦០០ នាក់ ឱ្យចូលរូមដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការដាំដើមឈើឡើងវិញ ក្នុងសហគមន៍របសស់ខ្លួន ដែលជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេល ៤ ឆ្នាំ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ជាគំនិតផ្តួចផ្តើមចេញពីគម្រោង REDD+ កែវសីមា។
USAID បញ្ជាក់ថា៖ «គោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹងគម្របព្រៃឈើលើផ្ទៃដី ១ ០០០ ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃនិងស្តារស្រទាប់ដីដែលរិចរិលខូចគុណភាពឡើងវិញ។ ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងអប់រំសហគមន៍ដែលរស់នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃកែវសីមា អំពីសារៈសំខាន់នៃការការពារព្រៃឈើរយៈពេលវែងសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់ និងភាពជោគជ័យនៃគម្រោងរេដបូក [REDD+] ផងដែរ»។
ជាមួយគ្នានេះដែរ គម្រោងមរតកបៃតងនេះ ក៏មានគម្រោងក្នុងការដាំកូនឈើបន្ថែម ៥ ម៉ឺន ៥ ពាន់ដើម លើផ្ទៃដី ៥០ ហិកតាលើដីព្រៃដែលខូចគុណភាព បន្ថែមទៀត ដែលផ្ទៃដីទាំងនោះធ្លាប់ទទួលរងការកាប់ឆ្ការពីមុន។
ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៨ ខែកុម្ភៈថា រដ្ឋាភិបាលកម្ពុជាមានគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ខណៈនៅឆ្នាំ ២០២៤ រដ្ឋាភិបាលនឹងដាំដើមឈើឱ្យបាន ១ លានដើម តាមរយៈយុទ្ធនាការដាំកូនឈើ។
លោកសង្កត់ធ្ងន់ថា ការចូលរួមពីដៃគូនានា តួយ៉ាងពី USAID ពិតជាមានសារៈសំខាន់សម្រាប់ចូលរួមចំណែកក្នុងការស្តារគម្របព្រៃឈើ ដែលក្រសួងសាទរចំពោះការពួតដៃគ្នា ដើម្បីសម្រេចចក្ខុវិស័យរដ្ឋាភិបាលលើការការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងវិបត្តិអាកាសធាតុ។
លោកបន្តថា៖«កន្លងមកមានការសហការពីដៃគូនានា ទាំងអង្គការ USAID អង្គការ WWF ក៏ដូចជាអង្គការនានាទៀត ក្នុងការជួយការងារអភិរក្ស ការងារដាំដុះកូនឈើ ហើយនៅតាមសហគមន៍ខ្លួនឯងក៏ចូលរួមយុទ្ធនាការដាំដើមឈើនេះដែរ ដែលបង្ហាញពីសម្ទុះមួយ»។
លោកបន្តថា ការពង្រីកភាពបៃតង តាមរយៈការដាំដើមឈើពិតជាមានសារៈសំខាន់ ស្របតាមយុទ្ធសាស្ត្រចក្រាបរិស្ថានរបស់រដ្ឋាភិបាល ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនតួយ៉ាង បង្កើតទិដ្ឋភាពបៃតងក្នុងបរិស្ថាន ទប់ស្កាត់វិបត្តិអាកាសធាតុ បង្កើតភាពស្រស់ស្អាតដែលបម្រើជាគោលដៅទេសចរណ៍ជាដើម។
ជុំវិញបញ្ហានេះ លោកហេង គឹមហុង ប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន យល់ថា ផែនការនិងសកម្មភាពនៃការដាំដើមឈើឡើងវិញនៅតំបន់សឹករេចរឹលនេះ ជាវិធានការល្អមួយផងដែរលើការស្តារគម្របព្រៃឈើឡើងវិញ ជាជាងកាប់ឆ្ការតំបន់ដីព្រៃសឹករេចរឹលទាំងនោះមកធ្វើជាកម្មសិទ្ធិឯកជន។
ទោះជាយ៉ាងណា លោកស្នើទៅកាន់រដ្ឋាភិបាល និង USAID ដូច្នេះថា៖«ក្រៅពីវិធានដាំដើមឈើនៅតំបន់សឹករិចរិល គួរតែមានវិធានការ ២បន្ថែមទៀត គឺទី១ ការបង្កើនកិច្ចសហប្រិតបត្តិការបង្ក្រាបបទល្មើសឱ្យគ្រប់ជ្រុងជ្រោយលើបទល្មើសធនធានធម្មជាតិ។ ទី២ ពង្រឹងនិងគាំទ្រទៅដល់ភ្នាក់ងារមិនមែនរដ្ឋាភិបាល ដូចជាសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋ ឱ្យចូលរួមការពារនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមទៀត កន្លងមកមានខ្លះហើយ តែគួរបន្ថែមទៀត»។
លោក ហេង គឹមហុង ក៏សំណូមពរឱ្យរដ្ឋាភិបាលបង្កើនការបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ ហើយចៀសវាងមានពាក់ព័ន្ធបទល្មើស ឬមានអំពើពុករលួយណាមួយ និងត្រូវធានានិរន្តរភាពនៃដើមឈើដែលបានដាំ តាមរយៈយន្តការថែទាំដែលមានប្រសិទ្ធភាព៕