ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីចាប់ផ្តើមគិតគូរពីការអវិឌ្ឍទាញផលរួមពីប្រេងកាត និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ។
អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«កិច្ចការមួយទៀត ដែលយើងបានឯកភាពគ្នា ដែលគាំង ២០ ឆ្នាំហើយ គឺការឯកភាពគ្នា ដើម្បីចាប់ផ្តើមគិតគូរអំពីការទាញផលរួមនៅតំបន់ត្រួតស៊ីគ្នានៃប្រេងកាតដែលយើងមាន»។
លោកបានថ្លែងបន្តថា តំបន់ត្រួតស៊ីគ្នានោះ មានកត្តា២ពាក់ព័ន្ធដែលទី១ គឺរឿងប្រេង និងទី២ គឺរឿងព្រំដែនទឹក។ ចំពោះកិច្ចការព្រំដែនទឹក គឺភាគីទាំង២ ត្រូវបន្តចរចាដោយប្រុងប្រយ័ត្ន ដែលផ្អែកទៅលើបច្ចេកទេស ហើយប្រើពេលយូរ ដើម្បីការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យជាតិរៀងខ្លួន។
លោកបានបញ្ជាក់ថា៖«សួរថា ហេតុអីបានជាយើងត្រូវពិចារណាទៅលើនេះ? សន្តិសុខថាមពលគឺជា យុទ្ធសាស្រ្តយូរអង្វែងរបស់កម្ពុជា និងថៃដូចគ្នា។ គ្មានស្អីធ្វើបាន គ្មានស្អីទៅរួច បើគ្មានថាមពលនោះទេ។ មនុស្សយើងក៏ត្រូវការថាមពលដែរ…អគារនេះដើរត្រូវការម៉ាស៊ីនត្រជាក់អគ្គិសនី រោងចក្រសហគ្រាសទាំងអស់ដើរត្រូវការថាមពលអគ្គិសនី…អ៊ីចឹងដើម្បីកំណើនសេដក្ឋកិច្ច កំណើនជីវភាពរស់នៅរបស់ប្រជាជនត្រូវការថាមពល»៕