បាត់​ដំបងៈ​ អភិ​បាល​ខេត្ត​បាត់​ដំបង​លោក ​សុខ ​លូ​ បាន​ផ្ដួច​ផ្ដើម​ធ្វើ​យុទ្ធ​នាការ «​ផ្ទះ ​១ ​ខ្នង ​ដើមឈើ​ ១​ ដើម​» នៅ​ខែ​មិថុនា​ខាង​មុខ​ ក្នុង​គោល​បំណងលើក​កម្ពស់​សម្រស់​ទីក្រុង​បាត់​ដំបង​ឱ្យ​ក្លាយ​ជាទី​ក្រុង​បៃតង ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​មក​កម្សាន្ត​ឱ្យ​បាន​ច្រើន​។

​លោក​ សុខ លូ ​បាន​សរសេ​រលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​​កាលពី​ថ្ងៃទី​ ៧ ​ខែកុម្ភៈថា៖ «​យុទ្ធ​នាការ​ “​ផ្ទះ​ ១ ដើម​ឈើ ​១ ដើម​” ចាប់​ផ្តើម​ពី​ក្រុង​បាត់​ដំបង​មុន​គេ​។ រួម​គ្នា​ដើម្បី​បាត់​ដំបង​»​។​

​លោក ​ឆាយ ម៉ា​ទីណាល់ អភិ​បាល​រង​ខេត្ត​បាត់​ដំបង​បាន​ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា ​ក្រោម​ការ​ដឹកនាំ​របស់​អភិ​បាល​ខេត្ត​គឺ​បាន​ផ្ដួច​ផ្ដើម​យុទ្ធ​នាការ «​ផ្ទះ ១ ​ខ្នង ដើមឈើ​ ១ ដើម​» ខណៈ​ដែល​ពេល​នេះ​ អាជ្ញា​ធរ​កំពុង​រៀប​ចំ​កំណត់​គោល​ដៅ​នៅ​តាម​ដង​ផ្លូវ​សា​ធា​រណៈ​និង​ទីតាំង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ដើម្បី​ជា​កន្លែង​សម្រាប់​ធ្វើ​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ​។​

 លោក​បាន​បន្ត​ថា ​យុទ្ធ​នាការ​នេះ​គឺ​អាច​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​រដូវ​វស្សា ប្រ​ហែល​ជា​ខែមិថុនា​ ឆ្នាំ​២០២៤​ ខាង​មុខ​ពី​ព្រោះ​បច្ចុប្បន្ន​ជា​រដូវ​ប្រាំង ​ហើយ​ប្រសិន​បើ​រៀប​ចំ​ដាំ​ដើម​ឈើ​ពី​ឥឡូវ​ វា​អាច​ខាត​ពេល ​ខាត​កម្លាំង​ ក៏​ដូច​ជា​ដើម​ឈើ​ទាំង​នោះ​មិន​រស់​ជា​ដើម​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ដូច្នេះ​គោល​បំណង​សំខាន់​នៃ​ការធ្វើ​យុទ្ធ​នា​ការដាំ​ដើម​ឈើ​ហ្នឹងគឺ​ដើម្បី​លើក​កម្ពស់​សម្រស់​ទីក្រុង​បាត់​ដំបង​ឱ្យ​ក្លាយ​ជាទី​ក្រុង​បៃ​តងដែល​មាន​ភាព​ស្អាត ​បរិ​ស្ថាន​ល្អ ​មាន​ម្លប់​ត្រជាក់ ​ដើម្បី​ទាក់​ទា​ញ​ទេស​ចរ​ឱ្យ​ចូល​មក​លេង​ក្នុង​ខេត្ត​យើង​កាន់​តែ​ច្រើន​»​។​

​បើ​តាម​លោក ​ឆាយ ម៉ា​ទីណាល់ ​ថ្នាក់​ដឹក​នាំ​ខេត្ត នឹង​ចាប់​ផ្ដើម​អនុវត្ត​យុទ្ធនា​ការ​«​ផ្ទះ១ខ្នងដើមឈើ​១​ដើម​» នៅ​ក្នុង​ក្រុង​បាត់​ដំបង​។បន្ទា​ប់មក​ទៀតយុទ្ធ​នាការ​នេះ ​នឹងត្រូវ​អនុវត្ត​នៅ​បណ្ដា​ស្រុក​នានា​ដែល​ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​។ ​ ចំណែក​ដើម​ឈើ​ដែល​ គ្រោង​ដាក់​ដាំ​វិញ​មាន​ប្រភេទ​ដូច​ជា  ដើម​ឈើ​លម្អ ​នាង​នួន គគីរ​ បេង និង​ធ្នង់​ជា​ដើម​។ 

​ជុំវិញ​យុទ្ធនា​ការដាំ​ដើម​ឈើ​នេះ ​លោក​ស្រី ឆាយ ​ស៊ីវ​លីន ប្រធាន​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA)បាន​ថ្លែង​ថា គំនិត​ផ្ដួច​ផ្ដើម​របស់​ថ្នាក់​ដឹកនាំ​ខេ​ត្តបាត់​ដំបង គឺជា​រឿង​ល្អ​មួយ​សម្រាប់​រៀបចំថែទាំ​ឱ្យ​ទីក្រុង​បាត់​ដំបង​មាន​សម្រស់​ស្រស់​ស្អាត ​ក៏​ដូចជា ​មាន​បរិស្ថាន​ល្អ ​ដើម្បី​ផ្ដល់​ជា​សុខុ​មាល​ភាព​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រម​ទាំង​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។​

​លោក​ស្រី​បានបន្ត​ថា ​ដូច្នេះ​មិន​ថា​ការរៀបចំ​សាង​សង់​ហេដ្ឋារ​ចនាសម្ព័​ន្ធ កែ​លម្អ​សួន​សា​ធារណៈ ឬ​ក៏​ការដាំ​ដើម​ឈើ​នោះ​ទេ ​សុទ្ធ​តែ​ចូល​រួម​ចំណែក​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្ត​រជាតិ​ខណៈ​ដែល​ខេត្ត​បាត់​ដំបង​ជា​ខេត្ត​មួយ​មាន​រម​ណីយ​ដ្ឋាន​កម្សាន្ត​ជា​ច្រើន ទាំង​បែប​វប្ប​ធម៌ ក៏ដូច​ជា​ប្រវត្តិ​សាស្ត្រ​ជាដើម​។

​លោក​ស្រី​បាន​ថ្លែង​ថា​៖«​យើង​មើល​ឃើញ​អនា​គត ​យុទ្ធ​នាការ​ហ្នឹង​ នឹង​ធ្វើឱ្យ​ខេត្ត​បាត់​ដំបងក្លាយជា​​ទីក្រុង​បៃតង​ ដែល​ផ្ដល់​ជា​ម្លប់​ត្រជាក់​ដល់​ពល​រដ្ឋ​ក្នុង​ក្រុង​ផង ក៏ដូចជា​ទាក់ភ្នែក​ភ្ញៀវទេសចរ​ផង​ដែរ​ ពីព្រោះ​អ្នក​ទេសចរ​មិន​ថា​ក្នុង​ស្រុក ឬក្រៅ​ស្រុក​នោះ​ទេ ចូល​ចិត្ត​បរិ​ស្ថាន​ស្អាត និង​ភាព​បៃតង​»​។​

​ក្នុងនាម​អ្នកជំនាញ​ទេស​ចរណ៍​លោក​ស្រី ​បានលើក​ឡើង​ថា ​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត ក៏​គួរតែមាន​ការរៀបចំ​ឱ្យ​ក្រុង​-​ស្រុក​របស់ខ្លួនក្លាយជា​ក្រុង​-​ស្រុក​បៃតង​ផងដែរ ពីព្រោះ​កម្ពុជាជា​ប្រទេស​ដែលមាន​អាកាសធាតុ​ក្ដៅ ដូច្នេះ​ការជំរុញ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើនដើម្បីឱ្យ​ក្លាយជា​ខេត្ត​បៃតង គឺ​បានផ្ដល់​ប្រយោជន៍​យ៉ាង​ធំធេង​។ ក្នុងនោះ​មាន​ទាំង​ការផ្ដល់​ជា​ម្លប់​ត្រជាក់ ក៏ដូចជា​ផ្ដល់​បរិស្ថាន​ស្អាត​ល្អ ព្រមទាំង​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០២៣ ​កន្លងទៅ ទីក្រុង​បាត់ដំបងនៃ​ខេត្តបាត់ដំបងគឺជាទី​ក្រុង​ទី​១ដែល​បាន​ជាប់​ជា​«​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូណេស្កូ​»ក្នុងចំណោម​ទីក្រុង​ចំនួន​៥៥ ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ(UCCN)៕