​បាត់ដំបង​/​កំពង់ធំៈ អាជ្ញាធរ​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តស្ទឹងត្រែង បាន​ដាក់ចេញ​វិធានការ និង​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ និង​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​ជនខិលខូច​ដែល​ចូលទៅ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក៏ដូចជា ដីព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​។​

​ការដាក់ចេញ​វិធានការ​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី ​៣០ ខែមករា ឆ្នាំ​ ២០២៤ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ទន្លេសាប និង​ស្ថា​​ប័ន​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ចុះបញ្ជី​ដី និង​កំណត់ព្រំដែន​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​សុក្រឹតភាព ចីរភាព និង​បរិ​យាប​ន្ន ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក ត្រី ជាពិសេស​ជីវ​ចម្រុះ​សម្រាប់​ផលប្រយោជន៍​រួម និង​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​បញ្ជាក់ថា​៖ «​ការថែរក្សា​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប មិនមែន​ការពារ​ផលប្រយោជន៍​បុគ្គល​ឬមួយ​ផលប្រយោជន៍​នរណា​សម្រាប់​រយៈពេល​ខ្លី​នោះទេ គឺ​ផលប្រយោជន៍​សម្រាប់​ជាតិ​យើង​រយៈពេល​វែង អ៊ីចឹង​! ​ការការពារ​ជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​»​។​

​ជុំវិញ​ការ​អនុវត្ដ​វិធានការ​នេះ លោក សុក ហៃ អភិបាលរង​ខេត្តកំពង់ធំ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា ថ្នាក់ដឹកនាំ​ខេត្ត​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង ​៦ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដាក់​កម្លាំង​ដើរល្បាត​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក៏ដូចជា​ដីព្រៃ​និង​ដី​រដ្ឋ​ជាដើម​។​

​លោក​បន្តថា ក្រៅពី​ការដាក់​កម្លាំង​ដើរល្បាត​ហើយ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​នៅក្នុង​តំបន់​ទាំងនោះ​ផងដែរ​ដើម្បីឱ្យ​ប្រាកដថា រាល់​បទ​បញ្ជា​ដែល​ថ្នាក់​ខេត្ត​ដាក់​ចេញមក មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​មាន​ប្រសិទ្ធភាព​កម្រិតណា​។​

​លោក​បាន​ថ្លែងថា​៖ «​ដោយសារ​នៅ​គ្រប់​ក្រុង​-​ស្រុក​ទាំងអស់ គឺ​យើង​មាន​ទីបញ្ជាការ​មួយ​ដែលមាន​កម្លាំង​ចុះ​ល្បាត​សម្រាប់​ភូមិសាស្ត្រ​ក្រុង​-​ស្រុក​ទាំងនោះ ដូច្នេះ​ក្នុងករណី​ដែលមាន​បទល្មើស​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ក៏ដូចជា ការ​រុករាន​ដីព្រៃ​និង​ការទន្ទ្រាន​យក​ដី​រដ្ឋ​គឺ​សមត្ថ​កិច្ច​ដែល​នៅ​ប្រចាំការ​នៅ​តំបន់​នីមួយៗ​នោះ​គាត់​នឹង​ចាប់​ជនល្មើស​មក​ទទួលទោស​តាមច្បាប់​ជា​ធរមាន​»​។​

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា បុគ្គល​ណា​នោះទេ ដែលមាន​បំណង​ឬ​កំពុង​រុករាន​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក៏ដូចជា​រំលោភ​យក​ដី​រដ្ឋ និង​ដីព្រៃ សូមកុំ​រុករាន​ទន្ទ្រាន​បន្តទៀត បើ​ពុំ​នោះទេ​នឹង​ធ្វើឱ្យ​បាត់បង់​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​នៃ​ត្រី និង​សត្វ​គ្រប់​ប្រភេទ​ផងដែរ​។​

​ចំណែក​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិ​បាល​រង​ខេត្តបាត់ដំបង​ក៏បាន​ឱ្យដឹង​ដែរ​ថា ទោះបី​កន្លងមក ថ្នាក់ដឹកនាំ​ខេត្ត និង​រាជរដ្ឋាភិបាល​បានចេញ​ជា​វិធានការ​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​ទ​ន្ទ្រា​ន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣​ ក៏ដោយ ប៉ុន្តែ​ក្រុម​ជនល្មើស​និង​បុគ្គល​មួយចំនួន​នៅតែ​បន្តធ្វើ​សកម្មភាព​បំ​ផ្លិត​បំផ្លាញ​ធនធានធម្មជាតិ ក៏ដូចជា​ជីវចម្រុះ​ផ្សេងៗ​ដោយមាន​សភាព​ធ្ងន់ធ្ងរ​ពី ​១ ​ថ្ងៃ​ទៅ​ ១​ ថ្ងៃ​។​

​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​ទន្ទ្រាន​ដី​ខុសច្បាប់​នេះ លោក ប៊ុន​រិ​ទ្ធិ បាន​អះអាងថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាន​ណែនាំ​ឱ្យ​ក្រុង​-​ស្រុក​ទាំង​ ៤ ​នៅជាប់​តំបន់​បឹង​ទន្លេសាប​ចុះបង្ក្រាប និង​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​បំផុត​មិន​ថា បុគ្គល ក្រុម បក្ខពួក មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ ឱ្យតែ​មានការ​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣ ​នឹង​ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់​។​

​លោក​បានបញ្ជាក់​ប្រាប់ថា​៖ «​ទន្ទឹមនឹងនេះ យើង​ក៏បាន​ណែ​នាំឱ្យ​អាជ្ញាធរ​ទាំងនោះ ត្រូវធ្វើ​ការស្រាវជ្រាវ និង​វែក​រកមុខ​សញ្ញា​ជន​ដែល​បាន​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដោយ​គ្មាន​ការលើក​លែង​ឡើយ​»​។​

​ក្រៅពី​ការដាក់ចេញ​វិធានការ​បង្ក្រាប​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​ណែនាំ​ឱ្យ​អាជ្ញា​​ធរ​ក្រុង​-​ស្រុក​ទាំងនោះ​ត្រូវ​បង្ក្រាប​បទ​ល្មើស​នេសាទ​គ្រប់​រូបភាព​ផងដែរ ជា​ពិសេស​គឺ​ត្រូវ​អប់រំ​ដល់​ជន​ដែល​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ មុននឹង​ត្រូវអនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​បន្ថែម​របស់លោក សឿ​ម ប៊ុន​រិ​ទ្ធិ​។​

​ដោយឡែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង​បានឱ្យដឹង​តាមរយៈ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ថា មាន​បុគ្គល​មួយចំនួន​បាន​បំផុសបំផុល​ចលនា​ឱ្យធ្វើ​ការកាប់​រាន ដុត ឈូសឆាយ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែក​កាន់កាប់​ដីព្រៃ​ឈើ ដីព្រៃ​លិច​ទឹក ដី​តំបន់ការពារធម្មជាតិ ការទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការ​ទិញ​-​លក់​លើដី​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​វាត​យក​ធ្វើជា​កម្មសិទ្ធិ​ក្រោមលេស​ខ្វះ​ដី​អាស្រ័យ​ផល​ឬ​បង្កបង្កើនផល និង​លេស​ថា​មានការ​កាត់​ឆ្កៀល​ដី​សម្រាប់​ឱ្យ​សហគមន៍​ប្រើប្រាស់​អាស្រ័យ​ផល​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​គណៈកម្មការ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ថ្នាក់​ខេត្ត បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​បញ្ឈប់​រាល់​ការ​បំផុសបំផុល​ចលនា ទោះ​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ណាក៏ដោយ ក៏​ពុំមាន​សិទ្ធិ​រុករាន​ដីព្រៃ កាន់កាប់ និង​បែង​​ចែក​ដី​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក តំបន់​ដីព្រៃ​ឈើ​សហ​គម​ន៍ និង​នៅក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​នោះទេ​»​។​

​បន្ថែម​ពីនេះ​ទៀត លោក ស្វាយ ​សំ​អ៊ាង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេភូមិ មេឃុំ​-​ចៅ​-​សង្កាត់ និង​រដ្ឋបាល​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ត្រូវ​បញ្ឈប់​រាល់​ការបញ្ជាក់​លើ​លិខិត​ទិញ​-​លក់​ដី​រដ្ឋ ការ​​ផ្ទេរសិទ្ធិ ឬ​បញ្ជា​ក់លើ​ប្លង់​បង្ហាញ​ទី​​តាំង​ដី​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក តំបន់​ដីព្រៃ​ឈើ និង​តំបន់ការពារធម្មជាតិ​និង​ត្រូវ​និរាករណ៍​រាល់​លិខិតបញ្ជាក់​ទិញ​-​លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ​ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទី​​តាំង​ដី​ទាំងនោះ​៕