​ភ្នំពេញៈ រាជរដ្ឋាភិបាល​គ្រោង​បង្កើត​អគ្គ​កុងស៊ុល​កម្ពុ​ជាថ្មី​មួយទៀត​នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​កិច្ចការ​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ ខណៈ​រាជរដ្ឋាភិបាល​​ថៃ ក៏​គ្រោង​នឹង​បង្កើត​កុងស៊ុល​ថ្មី​មួយទៀត​ផងដែរ នៅ​ខេត្តសៀមរាប​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ នៅ​ប្រទេស​ថៃ លោក​ ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លើកឡើងថា​៖ «​កម្ពុជា និង​ថៃ ប្រកាស​ពង្រឹង​ទំនាក់ទំនង​ការទូត ដោយ​កម្ពុជា​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល នៅ​ខេត្ត​សុង​ក្លា ហើយ​ថៃ​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល នៅ​ខេត្ត​សៀមរាប​»​។​

​លោក​លើកឡើងថា គោលដៅ​ចម្បង​នៃ​ការបង្កើត​ស្ថាន​អគ្គ​កុង​ស៊ុ​ល​ថ្មី​បន្ថែម​នេះ គឺ​ដើម្បី​សម្រួល​កិច្ច​​ការ​កុងស៊ុល និង​ជួយ​ជំរុញ​ផ្នែក​ពា​ណិ​ជ្ជ​កម្ម វិនិយោគ និង​ទេសចរណ៍ ជូន​​ប្រជាជន​នៃ​ប្រទេស​ទាំង​​ ២ ហើយ​ទាំង​​នេះ​ជា​លទ្ធផល​សម្រេចបាន​ផ្នែក​ន​យោ​បាយ និង​ការទូត នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​បាងកក​របស់​លោកនាយ​ក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​

​ការប្រកាស​ពី​គម្រោង​បង្កើត​អគ្គ​កុងស៊ុល​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត នា​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​-និយោជិត នៅ​ខេត្តកំពង់ស្ពឺ កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ​កន្លងទៅ លោក​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​បង្កើត​អគ្គ​កុងស៊ុល​នៅ​ខេត្ត​សុង​ក្លា និង​រៀប​​ចំ​ដាក់​មន្ត្រី​នៅ​ទីនោះ ដើម្បី​សម្រួល​ដល់​ពលករ​ក្នុង​ការរក​អន្តរាគមន៍ ឬ​ឯកសារ​នានា​។

លោក​ថ្លែង​នាពេលនោះ​ថា​៖ «​ដើម្បីឱ្យ​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ងាយស្រួល អ៊ីចឹង​! រុញ​សេវា​អី​ខ្លះ ដែល​យើង​អាច​ផ្តល់​បាន យើង​ត្រូវ​ពង្រឹង​សេវា​គ្របដណ្តប់​ជូន​គាត់​ទាំង​ការពន្យារ​លិខិតឆ្លងដែន ឬ​ឯក​​សារ​ស្របច្បាប់​ផ្សេងៗ​ជូន​ពលរដ្ឋ​យើង​»​។​

​ជុំវិញ​រឿងនេះ​លោក កត្តា អ៊​ន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា ស្ថាន​អគ្គ​កុងស៊ុល នឹង​បង្កើតឡើង​ឆាប់ៗ នៅពេល​ខាងមុខ​នេះហើយ​ការបង្កើត អគ្គ​កុងស៊ុល​ថ្មី​បន្ថែម​នេះ​បង្ហាញ​ពី​ទំ​នាក់​ទំនង​ការទូត​ល្អ​រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​។

លោក​ថា៖ «​លទ្ធផល​នេះ បង្ហាញ​ពី​ការគិតគូរ​ដល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ដល់​ពលករ​នៃ​ប្រទេស​ទាំង​ ២ ដែល​ចេញ​ចូលមក​ធ្វើ​ការងារ​។ ជួយ​សម្រួល​សេចក្តីត្រូវការ និង​ឆ្លើយតប​តម្រូវការ​របស់​ពលករ ជាពិសេស​ផ្នែក​ទិដ្ឋាការ និង​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ចំពោះ​ពលករ​»​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បាន​លើក​​ឡើង​ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្កើត​អគ្គ​កុង​ស៊ុ​ល​ថ្មី​ ១ ​ទៀត​នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ​នេះ ជា​យន្តការ​មួយ ល្អ​ដែល​នឹង​ជួយ​សម្រួល​ទៅ ដល់​កិច្ចការ​មួយចំនួនទៀត​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។

​លោក​បញ្ជាក់ថា​៖​ «​ក៏ប៉ុន្តែ​មន្ត្រី​នៅ​អគ្គ​កុងស៊ុល​ទាំងនោះ ត្រូវធ្វើ​ការ​ដោយ​សកម្ម ដាក់​ផលប្រយោជន៍ និង​របៀបវារៈ​ការពា​រ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ស្រុកថៃ ឱ្យបាន​ល្អ​​ផង ពីព្រោះ​អគ្គ​កុងស៊ុល​អាចជួយ​កិច្ចការងារ​ច្រើនណាស់​ដល់​ពលករ​មិន​ថា ពលករ​ស្របច្បាប់ និង​ខុសច្បាប់​នោះទេ ដូច្នេះ​ប្រសិទ្ធភាព​ក្នុងការ​ធ្វើការ​គឺជា​រឿង​សំខាន់​ណាស់​»​។

​លោក​បាន​បន្ថែមថា បើទោះបី​មានការ​បង្កើត​អគ្គ​កុងស៊ុល​ថ្មី​ក្នុងការ​ដោះស្រាយ និង​ជួយ​សម្រួល​លើ​កិច្ចការងារ​ផ្សេងៗ​សម្រាប់​ពលករ​ក៏ដោយ​តែ​ដំណោះស្រាយ​ល្អ​ផ្សេងទៀត​ដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​បន្ថែម និង​ឱ្យមាន​ប្រសិទ្ធភាព​នោះ​គឺ​យន្តការ​ទប់ស្កាត់​ការ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​បរទេស​។

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​គួរ​បន្ថែម និង​រឹតបន្តឹង​លើ​ករណីនេះ​បន្ថែមទៀត ដើម្បី​គាំពារ​សិទ្ធិ​ពលករ​នៅក្រៅ​ប្រទេស ពីព្រោះ​ពលករ​ដែល​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់ ពួកគេ​មាន​បញ្ហា​ប្រឈម​ច្រើនណាស់​ទាំង​ផ្លូវច្បាប់ និង​សិទ្ធិ​ការងារ​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៩ ខែ​​ធ្នូ ឆ្នាំ ​១៩៥០​។ បើតាម​លោក​ហ្ស​ង់ហ្រ្វង់​​ស័​រ តាន់ លោក ហ៊ុន​ ម៉ា​ណែ​ត ជា​អ្នកបើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​ ១ ​កម្រិត​ទៀត នៃ​ទំនាក់​​ទំនង​ការទូត​កម្ពុជា និង​ថៃ ដោយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ប្រទេស​ទាំង ​២​ បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា «​ដៃគូ​យុទ្ធសាស្ត្រ​»៕

​វ​ង្ស ដា​រា​វ៉ាឌី​