ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ បានធ្វើទស្សនកិច្ចសិក្សានៅទីតាំងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងចុងក្រោយកម្រិតតំបន់ សម្រាប់រាជធានីភ្នំពេញ និងទីតាំងស្ថានីយផ្ទេរសំណល់បឹងតាមោក ដើម្បីស្វែងយល់បញ្ហាប្រឈម និងផែនការអនុវត្តលើការគ្រប់គ្រងសំរាម។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអមដំណើរដោយក្រុមការងារបច្ចេកទេស ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួន ២៥ នាក់។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ការធ្វើទស្សនកិច្ចនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទីលាន និងសិក្សា ក៏ដូចជាពិភាក្សាលើបញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្ត លើការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ»។
ជាលទ្ធផល ក្រុមការងារនៃក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសាមីទៅតាមភារកិច្ចរបស់ខ្លួន លើការងារគ្រប់គ្រង និងដំណើរការទីលាន ជាពិសេសលើការកែច្នៃ និងយន្តការកាត់បន្ថយសំណល់នានា ដែលទាមទារឱ្យមានការគិតគូរឱ្យបានរួចរាល់មុនដំណើរការទីលាន ដើម្បីរក្សានិរន្តរភាពនៃការគ្រប់គ្រងសំរាម សំណល់រឹង និងពន្យារអាយុកាលនៃការប្រើប្រាស់ទីលានសម្រាប់រាជធានីភ្នំពេញ។
តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានេះ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមូលដ្ឋានជាក់ស្តែងក្នុងការពិភាក្សាលើលក្ខខណ្ឌតម្រូវនានា សម្រាប់ការរៀបចំកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ដែលនឹងត្រូវផ្ទៀងផ្ទាត់ឡើងវិញដែលផ្ដោតសំខាន់លើតម្លៃ ចម្ងាយនៃការដឹកជញ្ជូន ការប្រើប្រាស់ និងគ្រប់គ្រងស្ថានីយផ្ទេរ ជាដើម នៅពេលដែលដាក់ដំណើរការទីលានកម្រិតតំបន់ខាងលើ៕