លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញភាគីពាក់ព័ន្ធបន្តការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែសកម្មថែមទៀត ជាពិសេសពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ក្រាបល្បែងស៊ីសង និងត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។
នាឱកាសអញ្ជើញចូលរួមបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅ ការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ។
លោកបានកត់សម្គាល់ថា៖ «ការអនុវត្តការងារ ក្នុងរយៈពេល ៦ ខែដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលថ្មីៗ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជន ឱ្យបានកាន់តែប្រសើរ»។
ជាក់ស្តែង ក្រសួងមហាផ្ទៃ បានរៀបចំ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវបេសកកម្មចម្បងៗរបស់ក្រសួង និងការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី។
ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល សម្រេចបានក្នុងឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវអនុសាសន៍ គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែសកម្មថែមទៀត។
ក្នុងនោះ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។
ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ»៕