ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​សកលភា​វូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា ដើម្បី​ពិភាក្សា​លើការរៀបចំ​ផែនការ​យុទ្ធសាស្រ្ត និងវិធានការ​អនុវត្ត​ក្នុងការលើក​កម្ពស់​សកលភាវូបនីយកម្ម​នៃអនុសញ្ញា​អូតាវ៉ា ដោយផ្តោត​លើការសម្រេច​បានតំបន់​ប៉ាស៊ីហ្វិក​គ្មាន​មីន និងជំហាន​ឆ្ពោះទៅរក​ការចូលជា​សមាជិក​នៃរដ្ឋដែល​បានកំណត់។

កិច្ចប្រជុំនេះ ធ្វើឡើងនៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន​ការចូលរួម​ពីតំណាង​ប្រទេស​ជាសមាជិក និងអង្គការ​អន្តរជាតិ រួមមាន ប្រទេស​កម្ពុជា អូស្រ្តាលី  បែលហ្សិក ចក្រ​ភពអង់គ្លេស កាណាដា ស៊្វីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ នេះបើតាមហ្វេសប៊ុករបស់អាជ្ញាធរមីន។
 
ក្នុងកិច្ចប្រជុំនោះ លោក លី ធុជ បានលើកឡើង​អំពីភាពជា​ប្រធាន នៃ​អនុសញ្ញា​ឆ្នាំ២០២៤​ របស់​កម្ពុជាក្រោម​ការដឹកនាំ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបាន​ដាក់ចេញ​នូវគោលដៅ យន្តការ និងផែនការ​ក្នុងសកម្មភាព​សកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរ​បណ្តាប្រទេស​មិនទាន់​ក្លាយជា​រដ្ឋភាគី ឱ្យបាន​ចូលរួម​ផ្តល់​សច្ចាប័ន/យល់ព្រម​ចូលរួម​ជារដ្ឋភាគី​នៃអនុសញ្ញា​អូតាវ៉ា។
 
លោកបញ្ជាក់​ថា៖«សកម្មភាព​សកលភាវូបនីយកម្ម អាចត្រូវ​បានធ្វើឡើង​តាមរយៈ​ទំនាក់ទំនង​ការទូត កំណត់ទូត កិច្ចប្រជុំ​កំពូល វេទិកា​កោះ​ប៉ាស៊ីហ្វិក កិច្ចប្រជុំ​ពាក់ព័ន្ធ និងការស្វែងរក​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​ពីប្រទេស​ជាមិត្ត ជាដើម»។
 
តាមរយៈ​អង្គប្រជុំនេះ ក៏បានសម្តែង​នូវការ​អបអរសាទរ និងគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងការធ្វើ​សកលភាវូបនីយកម្ម​នៃអនុសញ្ញា​អូតាវ៉ា។ 
 
សូមបញ្ជាក់​ថា ប្រទេសមិនទាន់​ក្លាយជារដ្ឋភាគី ​នៃអនុសញ្ញា​អូតាវ៉ា​មានចំនួន ៣៣ ហើយកាលពី​កិច្ចប្រជុំ​ក្នុង​ខែមករា ឆ្នាំ២០២៤ កន្លងទៅ អង្គប្រជុំ បានដាក់ចេញ និងកំណត់​គោលដៅ​ប្រទេសទមួយចំនួន​ដែលត្រូវ​ធ្វើ​សកម្មភាព​សកលភាវូបនីយកម្ម​រួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀត​ណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។

 
ដោយឡែក លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារ​នៅលើបណ្តាញ​សង្គមហ្វេសប៊ុក ចូលរួម​អបអរសាទរ​ខួប​ទី២៥ (១៩៩៩-២០២៤)​ នៃអនុសញ្ញា​ស្តីពី​ការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និងការបំផ្លាញ​គ្រាប់មីន​ចោល (អនុសញ្ញា​អូតាវ៉ា)។
 
លោកគូសបញ្ជាក់​ថា៖«ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃ​ដ៏មានសារៈ​សំខាន់ ដែលយើង​ទាំងអស់​រំឭក​ខួប​ទី២៥ នៃការចូល​ជាធរមាន​របស់​អនុសញ្ញា​អូតាវ៉ា។ អនុសញ្ញា​ដែលគួរកត់​សម្គាល់នេះ បានបង្ហាញ​ពីការប្តេជ្ញាចិត្ត​រួមរបស់​ពិភពលោក ក្នុងកិច្ច​ខិតខំប្រឹងប្រែង​បញ្ចប់​គ្រោះថ្នាក់​ ដែលបង្កឡើង​ដោយគ្រាប់មីន​ប្រឆាំងមនុស្ស។ ការចាប់​​ផ្តើម​នៃអនុសញ្ញា បានបង្កើត​នូវកំណត់ត្រាមួយ​នៅក្នុងប្រវត្តិសាស្រ្ត​រួមរបស់​មនុស្សជាតិ ក្រោមគោល​ដៅ​ការពារ​អាយុ​ជីវិត លើកកម្ពស់​សន្តិភាព និងជំរុញ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។
 
លោក ហ៊ុន ម៉ាណែត បានបន្ត​ថា ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លងមក ស្មារតី​មនុស្សធម៌នេះ​បានបំផុស​គំនិត​ឱ្យ​ប្រទេស អង្គការ និងបុគ្គល​នានាជុំវិញ​ពិភពលោក ធ្វើការ​ដោយមិនខ្លាច​នឿយហត់​ឆ្ពោះទៅរក​ការលុបបំបាត់​​គ្រាប់មីន ដែលជារឿយៗ​ប្រឈមនឹង​បញ្ហា និងឧបសគ្គ​ដ៏ធ្ងន់ធ្ងរ។
 
គួររំឭកថា កម្ពុជា​បានក្លាយជា​រដ្ឋភាគី​នៃអនុសញ្ញា​អូតាវ៉ា​ ​ក្នុង​ឆ្នាំ២០០០ ហើយបាន ​និងកំពុង​បំពេញ​កាត​ព្វកិច្ច ជារដ្ឋ​ភាគីគំរូ និងឈានមុខគេ​ក្នុងការលុបបំបាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស ហើយត្រូវបាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​សមិទ្ធផល​ក្នុងការងារ​បោសសម្អាតមីន​របស់​កម្ពុជា គឺជាសមិទ្ធផលមួយ​ផ្នែក​ធំ​របស់​ពិភពលោក។ 

ជាងនេះ​ទៅទៀត ក្នុង​ឆ្នាំ២០២៤ ស្របនឹង​ការអបអរ​សាទរ​ខួប​ទី២៥ នៃអនុសញ្ញា​អូតាវ៉ា កម្ពុជា ត្រូវរដ្ឋ​ភាគី​ចំនួន ១៦៤ បោះឆ្នោត​គាំទ្រ​ជ្រើសតាំង​ធ្វើជា​ប្រធាន និងម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ នៃអនុសញ្ញា ដែល​កម្ពុជា​អាចនឹង​ដឹកនាំ​បង្កើត​ផែនការ​សកម្មភាព ៥ ឆ្នាំ​សៀមរាប-អង្គរ និងសេចក្តីថ្លែង​ការណ៍​សៀមរាប-អង្គរ សម្រាប់​រដ្ឋ​ភាគី​ទាំងអស់៕