ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ស្ថាប័នជំនាញពាក់ព័ន្ធនៃប្រទេសកម្ពុជានិងអាល្លឺម៉ង់ ឱ្យបន្តពិភាក្សានិងសហការគ្នាក្នុងការរៀបចំជាយន្តការ ផែនការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្សនិងវិស័យសុខាភិបាលទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី ម៉ាទីណាស្ទែម ហ្វីប៊ិច Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូនៅវិមានសន្តិភាព កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបទ្វេភាគី។
នៅក្នុងជំនួបនេះ លោកស្រី Martina Stamm-Fibich បានថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះគឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាល ធនធានមនុស្ស និងវិស័យសុខាភិបាល ដោយសារតែវិស័យទាំង ២ នេះ មានសារៈប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំង ២។
លោកស្រីបានបញ្ជាក់ថា៖ «ជាក់ស្ដែង បច្ចុប្បន្នសហព័ន្ធអាល្លឺម៉ង់ក៏កំពុងជួបប្រទះនូវកង្វះខាតធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នាឱកាសនេះបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយលោកសង្ឃឹមថា ទំនាក់ទំនងនេះនឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត។
ឆ្លើយតបនឹងបំណងរបស់ភាគីអាល្លឺម៉ង់ក្នុងការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីលើវិស័យអប់រំ និងការណ្តុះបណ្តាលធនធានមនុស្សក៏ដូចជា វិស័យសុខាភិបាល លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភាគឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស។
លោកបានបញ្ជាក់ជូនដែរថា៖ «ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្លាំងក្នុងការពង្រឹងវិស័យសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សនិងជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអាល្លឺម៉ង់ ដែលមានរយៈពេលជាង ៥ ទសវត្សរ៍ ហើយឆ្នាំនេះគឺជាឆ្នាំទី៥៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ផងដែរ។បន្ថែមពីនេះតំណាងឱ្យកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានរួមចំណែកកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាមដោយផ្តោតលើវិស័យអប់រំ ការកសាងធនធានមនុស្សក៏ដូចជា លទ្ធិប្រជាធិបតេយ្យផងដែរ។
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាលោក គង់ សំនៀង បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងជួយឱ្យវិស័យអប់រំ ក៏ដូចជាវិស័យសុខាភិបាលនិងធនធានមនុស្សរបស់កម្ពុជាកាន់តែរីកចម្រើន។
លោកថា៖ «កិច្ចសហប្រតិបត្តិការនេះក៏ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលកម្ពុជាដែលព្យាយាមធ្វើយ៉ាងណាដើម្បីសេដ្ឋកិច្ចរីកចម្រើនតាមរយៈនៃការបង្កើនប្រសិទ្ធភាពគុណភាពនៃធនធានមនុស្សក្នុងវិស័យអប់រំក៏ដូចជាប្រសិទ្ធភាពនៅក្នុងវិស័យសុខាភិបាលដែលវិស័យទាំង ២ នេះបម្រើឱ្យផលប្រយោជន៍នៃសាធារណៈ»។
បើតាមលោក គង់ សំនៀង កិច្ចសហការនេះក៏ជាឱកាសល្អសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយត្រូវការប្រទេសប្រទេសអាល្លឺម៉ង់នៅប៉ែកអឺរ៉ុបដែលមានបទពិសោធន៍លើការងារទាំងនេះ។
លោកថា៖ «ជាធម្មតានៅពេលមានកិច្ចសហប្រតិបត្តិការ តែងតែមានលំហូរចេញចូលនៃអ្នកជំនាញមកពីអាល្លឺម៉ង់មកស្រុកខ្មែរ ហើយចំពោះមន្ត្រីរាជការ បុគ្គលិកនៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលកម្ពុជាក៏មានឱកាសក្នុងការធ្វើទស្សនកិច្ចសិក្សាដែលអាចទទួលបាននូវអាហារូបករណ៍ថ្មីៗសិក្សានៅប្រទេសអាល្លឺម៉ង់ និងពាំនាំនូវចំណេះដឹងនិងជំនាញថ្មីៗយកមកបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចនៅកម្ពុជា»។
ក្នុងនាមពលរដ្ឋកម្ពុជា លោក គង់ សំនៀង បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ដែលតែងតែបន្តជួយគាំទ្រជានិច្ចដល់កម្ពុជាទាំងរដ្ឋាភិបាលអាណត្តិចាស់ក៏ដូចជាអាណត្តិថ្មីនេះ។
ដោយឡែកនៅក្នុងជំនួបរវាងលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកស្រី ម៉ាទីណា ស្ទែមហ្វីប៊ិច នៅថ្ងៃទី ២៩ ខែកុម្ភៈ ភាគីទាំង ២ បានបង្ហាញគោលបំណងរួមគ្នាក្នុងការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ បន្ថែមទៀតតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក៕