ភ្នំពេញ: នៅក្នុងព្រឹត្ដិការណ៍មួយ «សេចក្ដីបញ្ចប់នៃស្នេហា (កាបារ៉េ)» ជាការសម្តែងដែលបង្ហាញពីការលាយបញ្ចូលគ្នារវាងការច្រៀង ការរាំ ការសម្ដែង និងសៀក ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទស្សនិកជននៅ Bar Menaka ឯកោះពេជ្រ ជាមួយនឹងកម្មវិធីរៀបចំឡើង ២ ដងនៅថ្ងៃទី ៣ ខែមីនាវេលាម៉ោង ៦ ល្ងាច និង ០៨:៣០ យប់។
កិច្ចសហការនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើកដំបូងរវាងសាលាសិល្បៈសម្តែង និងហ្វារពន្លឺសិល្បៈ ដែលផ្តល់ជូននូវទស្សនីយភាពដ៏ពិសេសដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
ការសម្តែងមានគោលបំណងមិនត្រឹមតែដើម្បីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញនូវអារម្មណ៍ជាច្រើនតាមរយៈវិធីសាស្ត្រពហុជំនាញរបស់ពួកគេ។ អ្នកសម្ដែងដែលបានឆ្លងកាត់ដំណើរការរៀបចំយ៉ាងហ្មត់ចត់ នាំមកនូវវគ្គបណ្ដុះបណ្ដាលនៃបទពិសោធន៍ក្នុងវិស័យសិល្បៈផ្សេងៗ។
លោក K.B.Saadi សហស្ថាបនិកសាលាសម្ដែង និងជាអ្នកដឹកនាំនៃការសម្ដែងផ្ទាល់បានថ្លែងថា៖ «សេចក្ដីបញ្ចប់នៃស្នេហា» ដែលនឹងបង្ហាញដោយសិស្សសាលាសម្ដែង និងហ្វារពន្លឺសិល្បៈត្រូវបានរៀបចំឡើងក្រោមមូលបទនៃការសម្ដែងបែបកាបារ៉េ ដែលលាយឡំគ្នាទៅដោយសៀករហស្សកម្ម ការសម្ដែងរបាំប្រពៃណី របាំសហសម័យ និងការច្រៀង។
លោកបន្តយ៉ាងដូច្នេះថា៖ «យើងពឹងផ្អែកលើគំនិតច្នៃប្រឌិតភ្លាមៗរបស់តួសម្ដែង និងលើស្នាដៃសហសម័យរបស់អ្នកនិពន្ធអន្តរជាតិ ដើម្បីរចនាការសម្តែងនេះឡើង។ សម្រាប់ទស្សនិកជន បទពិសោធន៍នៃទស្សនីយភាពថ្មីនេះនឹងក្លាយជាឱកាសមួយដែលគួរឱ្យភ្ញាក់ផ្អើល និងមិនដឹងថា នឹងត្រូវរំពឹងអ្វីហើយនឹងឱ្យឃើញថា ការរួមបញ្ជូលនៃសិល្បៈខុសៗគ្នាធ្វើឱ្យការបង្ហាញសិល្បៈនោះកាន់តែមានឥទ្ធិពល»។
លោក Osman Khawaja នាយកប្រតិបត្តិនៃអង្គការហ្វារពន្លឺសិល្បៈ បានលើកឡើងថា សេចក្ដីបញ្ចប់នៃក្ដីស្នេហា គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃភាពជាដៃគូដែលហ្វារពន្លឺសិល្បៈតែងតែរីករាយលើកិច្ចសហប្រតិបត្តិការជាមួយសិល្បករ និងអង្គការសិល្បៈដទៃទៀត។
លោកបានឱ្យដឹងថា៖ «សិស្សានុសិស្សរបស់យើងអាចរៀន និងមានតួនាទីប្រកបដោយភាពច្នៃប្រឌិតក្នុងកម្មវិធីសម្ដែងបែបថ្មីនៃកាបារ៉េនេះ។ បទពិសោធន៍នៃការទស្សនាកាបារ៉េមានលក្ខណពិសេសក្នុងប្រទេសកម្ពុជាហើយការសម្តែងនេះជាការកម្សាន្ដសិល្បៈ និងវប្បធម៌តាមរបៀបថ្មី»។
លោក Khawaja ថា៖ «ហេតុដូច្នេះហើយសាលាសម្ដែង និងហ្វារពន្លឺសិល្បៈយើងខ្ញុំសូមគោរពអញ្ជើញអស់លោកអ្នក បងប្អូនឱ្យចូលរួមទទួលយកបទពិសោធន៍នៃទស្សនីយភាពសម្ដែងមួយនេះដើម្បីជាការកម្សាន្ដអារម្មណ៍តាមបែបរសជាតិថ្មី»។
អង្គការហ្វារលើកឡើងថា ការចូលរួមរបស់មហាជនមិនត្រឹមតែផ្ដល់តម្លៃ និងលើកទឹកចិត្តដល់តួសម្ដែង និងអ្នកពាក់ព័ន្ធដែលខិតខំយ៉ាងស្វិតស្វាញដើម្បីឱ្យការសម្ដែងទាំងមូលប្រព្រឹត្តទៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការទ្រទ្រង់សាលាសម្ដែងដែលបណ្ដុះបណ្ដាលសិស្សដោយឥតគិតថ្លៃ និងអង្គការហ្វារពន្លឺសិល្បៈដែលជាសាលាបង្រៀនសិល្បៈ និងសៀករហស្សកម្មមិនរកប្រាក់កម្រៃឱ្យបន្តជីវិតនៃបេសកកម្មរបស់ខ្លួន។
សំបុត្រដែលបានទិញ រាល់ការអបអរសាទរ និងរាល់ពាក្យពេចន៍នៃការគាំទ្របានរួមចំណែកយ៉ាងសំខាន់ដល់ទឹកចិត្ត និងការលើកទឹកចិត្តរបស់អ្នកសម្ដែង ដែលបានលះបង់ជាច្រើនម៉ោងរាប់មិនអស់ដើម្បីធ្វើស្នាដៃទម្រង់សិល្បៈថ្មីកម្ពុជានេះ។ជាងនេះទៅទៀត ការគាំទ្រពីទស្សនិកជន គឺចាំបាច់សម្រាប់អង្គការដូចជា សាលាសម្ដែងនិងហ្វារពន្លឺសិល្បៈជាដើម។
អង្គការហ្វារឱ្យដឹងថា៖ «ក្នុងនាមជាអង្គភាពមិនរកប្រាក់ចំណេញដែលផ្តោតលើសិល្បៈ សៀក និងការអប់រំសិល្បៈសម្តែង បេសកកម្មរបស់យើងជួយឱ្យយុវជនបញ្ចេញទេពកោសល្យ និងផ្តល់កន្លែងច្នៃប្រឌិត ដែលពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រពីសហគមន៍»។ សំបុត្រអាចរកទិញតាមអ៊ីនធឺណិត សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ពិសេសមួយក៏ដូចជាផ្ដល់ការគាំទ្រ ដល់ការអភិវឌ្ឍសិល្បៈរបស់កុមារ និងសិល្បករវ័យក្មេងនៅអង្គការហ្វារ៕