ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាស់តឿនមន្ត្រីក្រោមឱវាទ និងណែនាំឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ទៅលើការប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ន ប ឱ្យបានត្រឹមត្រូវ។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកុម្ភៈក្រោយពេលមានសេចក្តីរាយការណ៍ពីបញ្ហាប្រើប្រាស់រថយន្តផ្លាកលេខ ន ប នេះខុសគោលដៅខ្លះនៅតាមបណ្តាខេត្តមួយចំនួន។
លោក ស សុខា បានបញ្ជាក់ថា៖ «ខ្ញុំសូមយកឱកាសនេះដាស់តឿនក៏ដូចជាផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទនៃក្រសួងមហាផ្ទៃជាពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ ន ប របស់យើងខុសរឿង។ឥឡូវតាមរយៈឯកឧត្តមស្នងការខេត្តព្រះសីហនុ ន ប មួយចំនួនគឺជិះទៅធ្វើការនៅកាស៊ីណូ ហើយកាលពីមុនក៏យើងធ្លាប់ឃើញដែរ ន ប មួយចំនួនឈប់នៅមុខ KTV ហ្នឹង»។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា រថយន្តដែលពាក់ផ្លាកលេខ ន ប នេះ គឺមិនអាចឱ្យទៅអ្នកផ្សេងខ្ចីយកទៅប្រើប្រាស់ខុសពីគោលការណ៍នោះ គឺ«សុំឱ្យប្រើប្រាស់ឱ្យចំមុខ និងចំជំនាញ»។
លោក ស សុខា បានណែនាំឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហានៃការប្រើប្រាស់រថយន្ត ន ប នេះ។ បើក្នុងករណីរកឃើញថា មានមន្ត្រីណាយកទៅប្រើប្រាស់ខុសច្បាប់ហើយគឺត្រូវដកផ្លាកលេខនោះមកវិញ ដើម្បីឱ្យរថយន្តនោះទៅបង់ជូនរដ្ឋទៅតាមផ្លូវច្បាប់។
លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះយើងឃើញថាបញ្ហានេះមានកើតឡើងបន្តិចនៅតាមបណ្តាខេត្ត ប្រើប្រាស់ខុសមធ្យោបាយ ហើយនេះមែនទែនទៅវាមិនគួរច្រើនដល់លើទៀតទេ។ ការយល់ដឹងច្បាប់ ការយល់ដឹងពីការប្រើប្រាស់មធ្យោបាយ ផ្លាកលេខ ន ប នេះ វាមិនគួរឈឺក្បាលទៀតទេមកដល់ម៉ោងនេះ។ ដូច្នេះត្រូវតែពិនិត្យយ៉ាងម៉ឺងមាត់ក្នុងការត្រួតពិនិត្យ។
ក្រៅពីនោះ លោក ស សុខា បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបញ្ហាអសន្តិសុខផ្សេងៗក្នុងសង្គមត្រូវបានពង្រឹង និងកែលម្អបានប្រសើរ ខណៈការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក៏មានការកែលម្អជាបណ្តើរៗដែរ។
ក្នុងឱកាសបើកសន្និបាតនេះកាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោក ស សុខា បានលើកឡើងពីលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានទាំងនៅចុងនីតិកាលទី៦ និងដើមនីតិកាលទី៧ នៃឆ្នាំ ២០២៣ និងភាពចាំបាច់នៃការដាក់ចេញយុទ្ធសាស្ត្រពាក់ព័ន្ធសម្រាប់ជាផែនទីបង្ហាញផ្លូវច្បាស់លាស់ក្នុងការអនុវត្តការងារក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃដែលជាផ្នែកមួយនៃការរួមចំណែកសម្រេចបានយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
តាមរយៈហ្វេសប៊ុកក្រសួងមហាផ្ទៃ លោក ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលកម្ពុជាបើកឱ្យដំណើរការពេញលេញលើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ ១៩ និងជាឆ្នាំដែលកម្ពុជារៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាជនពិការអាស៊ានលើកទី១២។
លោកបានរំលេចថា បើទោះបីស្ថិតក្រោមឥទ្ធិពលនៃហេតុការណ៍អសន្តិសុខជាសកលយ៉ាងណាក្តី ក៏ប៉ុន្តែនៅឆ្នាំ ២០២៣ កន្លងទៅ កងកម្លាំងនគរបាលជាតិបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធថែរក្សាការពារបានយ៉ាងល្អនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងធានាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រក្រតីកម្មគ្រប់ស្ថាប័នរដ្ឋ។
ក្រៅពីនេះ លោកក៏បានកត់សម្គាល់ថា៖ «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ការបង្ក្រាបសកម្មភាពក្មេងទំនើងការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យ និងការសង្គ្រោះជនរងគ្រោះត្រូវបានពង្រឹងការអនុវត្តជាប់ជាប្រចាំដែលធានាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ»។
បន្ថែមពីនេះ ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានពង្រឹង និងកែលម្អការអនុវត្តជាបណ្តើរៗទាំងក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាជនឆ្ពោះទៅសម្រេចគោលដៅបុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ និងមនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។
បើតាមលោក ស សុខា សម្រាប់ការងារអន្តោប្រវេសន៍ក៏ត្រូវបាន ជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលកិច្ចការនេះបានឆ្លើយតបជាវិជ្ជមានចំពោះនយោបាយទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្មវិស័យការងារ និងវិស័យផ្សេងៗទៀត។
លោកបានបន្ថែមថា៖ «ចំពោះការងារគ្រប់គ្រងច្រកទ្វារព្រំដែន ក្រសួងមហាផ្ទៃបានសហការជាមួយអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគ្រប់សកម្មភាពចេញ-ចូលឆ្លងកាត់ព្រំដែនដោយធានាបាននូវប្រក្រតីភាព និងសុវត្ថិភាពនៃការធ្វើដំណើរចេញ-ចូល ទំនាក់ទំនងពាណិជ្ជកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណែទម្រង់លើផ្នែកសន្តិសុខនេះ ប៉ុន្តែលោកថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានពេញលេញនៅឡើយទេ។
លោកថា៖ «ជាពិសេស បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងជាដើមនៅតែជាចំណុចដែលគួរឱ្យព្រួយបារម្ភដែលរដ្ឋាភិបាលថ្មី ក៏មានការលើកឡើងពីបញ្ហានេះ ហើយពង្រឹងយន្តការដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបលើបញ្ហាទាំងនេះដែរ»។
យ៉ាងណាមិញ តាមរយៈអង្គសន្និបាតខាងលើនេះលោក ស សុខា ក៏បានណែនាំដល់ភាគីពាក់ព័ន្ធបន្តពង្រឹងការងារបង្ក្រាបបទល្មើសនានា ទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ដែលឆ្លងដែនតាមព្រំដែនគោក និងទឹកបន្ថែមទៀត។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ២០២៣ កងកម្លាំងចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានជាង ៣ ០០០ ករណី ក្នុងចំណោមបទល្មើសទូទៅជាង ៣ ៥០០ ករណី និងបានឃាត់ខ្លួនជនសង្ស័យជាង ៥ ០០០ នាក់នៅទូទាំងប្រទេស។ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ចំនួនបទល្មើសមានការកើនឡើងប្រមាណ ៧០០ ករណីស្មើនឹង ២៧ ភាគរយ៕