ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បន្តកិច្ចសហប្រតិបត្តិការជាមួយកក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការអនុវត្តការងារលើកកម្ពស់ការវិនិយោគនៅក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកក៏សាទរផងដែរចំពោះចំណាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនធំៗរបស់អាមេរិកដែលចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។
ការសាទររបស់លោកហ៊ុន ម៉ាណែត ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលដឹកនាំដោយលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួប។
នៅក្នុងជំនួបនេះ លោក Brian D. McFeeters បានកោតសរសើរចំពោះការរីកចម្រើនរហ័សលើគ្រប់វិស័យនៅកម្ពុជា និងប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ ១៧ បង្ហាញចំណាប់អារម្មណ៍ និងមានបំណងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម ហើយស្នើសុំការស្វែងយល់បន្ថែមពីគោលនយោបាយវិនិយោគនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត សាទរចំពោះចំណាប់អារម្មណ៍បោះទុនវិនិយោគបន្ថែមនៅកម្ពុជា ពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ខណៈលោកបញ្ជាក់ប្រាប់ពីការបើកផ្លូវដល់ការវិនិយោគបរទេសពីរដ្ឋាភិបាលកម្ពុជា ដោយផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម បូកផ្សំគោលនយោបាយលើកទឹកចិត្តនានា និងគំនិតផ្តួចផ្តើមនៃគំរូអាជីវកម្មថ្មីៗតួយ៉ាង គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីសារៈសំខាន់នៃវិស័យឯកជនដូច្នេះថា៖«វិស័យឯកជន មិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុណ្តោះទេប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន»។
បន្ថែមពីនេះ លោកលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ឱ្យបន្តសហការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីដាក់ចេញ និងរៀបចំផែនការអនុវត្តជាសកម្មភាពជាក់ស្តែងសំដៅលើកកម្ពស់ទំនាក់ទំនង និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។
គួរបញ្ជាក់ថា គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ ១៧ ដែលចូលរួមពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីគឺជាក្រុមហ៊ុន ដែលប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យា បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល និងធានារ៉ាប់រងជាដើម។
នៅថ្ងៃដដែលនោះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ។
យោងតាមខ្លឹមសារផ្សព្វផ្សាយដោយ CDC គណៈប្រតិភូនៃក្រុមប្រឹក្សានេះ បានស្នើសុំការសម្របសម្រួលពី CDC ផ្ទាល់លើកិច្ចការវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្ម ដល់បណ្តាក្រុមហ៊ុនអាមេរិកទាំងនេះខណៈពីភាគីកម្ពុជាលោក ស៊ុន ចាន់ថុលបានបង្ហាញការត្រៀមខ្លួន ដើម្បីជួយសម្របសម្រួល។
ប្រភពដដែលឱ្យដឹងថា៖«ឯកឧត្តមស៊ុន ចាន់ថុល តាមរយៈជំនួបនេះ ក៏បានជម្រាបជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានលើទិសដៅធ្វើពិពិធកម្មផលបត្រវិនិយោគពីបណ្ដាប្រទេសនានា ដោយ ហេតុថា កម្ពុជា មានច្បាប់វិនិយោគដែលបើកចំហទូលាយជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសទាំងអស់»។
ជុំវិញរឿងនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្តែងការសាទរចំពោះចំណាប់អារម្មណ៍ដែលក្រុមហ៊ុនធំៗ អាមេរិកចង់ពង្រីកការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនខ្លះកំពុងដំណើរការទៅហើយ។ នេះជាសញ្ញាណដ៏វិជ្ជមានមួយស្របពេលរដ្ឋាភិបាលកំពុងបង្កើនការយកចិត្តទុកដាក់ផ្នែកការទូតសេដ្ឋកិច្ច និងកៀរគរវិនិយោគទុន។
ជុំវិញមូលហេតុចម្បងដែលក្រុមហ៊ុនអាមេរិកធំៗ ចង់ពង្រីកការវិនិយោគលោកផ្តល់ទស្សនៈដូច្នេះថា៖«កម្ពុជាយើងមានទីតាំងភូមិសាស្ត្រល្អ មានស្ថិរភាពនយោបាយ មានសុខសុវត្ថិភាពជាមួយកំណើនសេដ្ឋកិច្ចជាប្រចាំ ដែលផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដែលមិនផ្តល់ហានិភ័យដល់ទុនវិនិយោគ ហើយធនាគារពិភពលោកក៏បានព្យាករផងថា យើងរក្សាកំណើនសេដ្ឋកិច្ចពី ៥% ទៅ ៦% ហើយមានច្បាប់វិនិយោគថ្មីល្អផង ទើបអាចទាញចិត្តអ្នកវិនិយោគអាមេរិក»។
លោកគូសបញ្ជាក់ថា សម្រាប់សភាពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងដោះស្រាយ ជួយពង្រីកវិនិយោគទុននៅកម្ពុជា របស់ភាគីក្រុមហ៊ុនអាមេរិកទាំងថ្មីទាំងចាស់ ជាមួយយន្តការវិស័យឯកជនដែលភាគី និងរដ្ឋាភិបាលទើបបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
គួរជម្រាបជូនថា សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មទ្វេភាគីធំជាងគេលំដាប់ទី២ របស់កម្ពុជា ដែលនៅក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង ២ សម្រេចក្នុងទំហំ ៩,១៥ ពាន់លានដុល្លារ ដោយភាគច្រើនកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកប្រមាណ ៨,៩ ពាន់លានដុល្លារ ខណៈសហរដ្ឋអាមេរិកនាំចូលមកកម្ពុជាវិញក្នុងទំហំប្រមាណ ២៥៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕