ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រាររព្ធទិវាជាតិអំណាន និងការតាំងពិព័រណ៍សៀវភៅដ៏សម្បូរបែប គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន ក្នុងការលើកកម្ពស់ការអានសៀវភៅ និងជាការភ្ជាប់ទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ នាឱកាសដែលលោកធ្វើជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយពិព័រណ៍សៀវភៅនេះត្រូវរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
លោកបានបន្ថែមថា ការតាំងពិព័រណ៍សៀវភៅដ៏សម្បូរបែបគឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជនជាមួយបរិយាកាសរីករាយ និងជិតស្និទ្ធ ជាពិសេសបង្កើតថ្នាលទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍ការលើកទឹកចិត្ត និងការបណ្តុះទម្លាប់នៃការអាន និងតែងនិពន្ធសម្រាប់កសាងអនាគតសង្គមជាតិឱ្យភ្លឺថ្លា។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖«ព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធឱ្យកាន់តែផុសផុល ទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាជនគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈនៅទូទាំងកម្ពុជា»។
លោកបានរំឭកទៀតថា កាលពីឆ្នាំ ២០១៦ ជាឆ្នាំទី១ នៃការប្រារព្ធទិវាជាតិអំណាន មិនទាន់បានរៀបចំជាការប្រកួតប្រជែងបាននៅឡើយទេ គឺគ្រាន់តែមានការអានអត្ថបទ ការនិទានរឿង និងការស្មូតកំណាព្យជានិមិត្តរូបតែប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧មក មានការរៀបចំការប្រកួតប្រជែងថ្នាក់រាជធានី ខេត្ត និងកម្មវិធីជាច្រើនទៀត។
ក្នុងនោះកម្មវិធីទិវាជាតិអំណានថ្នាក់ជាតិមានដូចជា៖ បាឋកថារបស់ថ្នាក់ដឹកនាំ វេទិកាពិភាក្សាដោយវាគ្មិនសំខាន់ៗ ការតាំងពិព័រណ៍សៀវភៅ ការប្រកួតប្រជែងអានអត្ថបទ ការស្មូតកំណាព្យ ការតែងនិពន្ធរបស់សិស្សានុសិស្ស ដើម្បីទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍របស់មន្ត្រីអប់រំ និងសាធារណជនផងដែរ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar)បានឱ្យដឹងដែរថា អង្គការស៊ីប៉ា មិនដែលខកខានឡើយ ដោយឆ្នាំនេះ ស៊ីប៉ា បានដាក់ស្តង់សៀវភៅចំនួន៣ស្តង់។លោកបានអះអាងថា ទាំងទិវាអំណានជាតិ និងពិព័រណ៍សៀវភៅ ជាព្រឹត្តិការការណ៍មួយក្នុងការដាស់តឿនស្មារតីឱ្យសាធារណជនចាប់អារម្មណ៍ពីអត្ថប្រយោជន៍នៃការអានសៀវភៅ។
ទោះយ៉ាងណាក៏ដោយ លោក ហុក សុទ្ធិ បានបង្ហាញការយល់ឃើញថា ដើម្បីជំរុញឱ្យប្រជាជនកម្ពុជាមានទម្លាប់ក្នុងការអាននិងធ្វើឱ្យការអានក្លាយជាវប្បធម៌មិនមែនជាកាតព្វកិច្ចបាន មិនមែនត្រឹមតែការរៀបចំកម្មវិធីពិព័រណ៍សៀវភៅ ឬទិវាជាតិអំណាន វាគ្រប់គ្រាន់នោះទេ លុះណាតែសាធារណជន ជាពិសេសឪពុកម្តាយ ត្រូវបង្កើតទម្លាប់នៃការអានធ្វើជាគំរូដល់កូន។
លោកបានបញ្ជាក់ថា៖ «យើងគាំទ្រចំពោះការជ្រោមជ្រែងរបស់ក្រសួងពាក់ព័ន្ធក្នុងការលើកកម្ពស់ការអាន ដោយយើងបានឃើញពីការរីកចម្រើននៃការអាន តាមរយៈកំណើននៃអ្នកអានសៀវភៅ អ្នកបោះពុម្ពសៀវភៅ យើងអាចកត់សម្គាល់បានថា ព្រឹត្តិការណ៍ទាំងនេះមានប្រសិទ្ធភាពខ្ពស់។យើងក៏ចង់ឱ្យឪពុកម្តាយចូលរួម ដើរតួនាទីសំខាន់ក្នុងការជំរុញការអានដល់កូន និងធ្វើវាឱ្យទៅជាវប្បធម៌អាន មិនមែនជាកាតព្វកិច្ច»។
ជាមួយគ្នានេះ លោក ហុក សុទ្ធិ ក៏បានអំពាវនាវដល់អ្នកបោះពុម្ពសៀវភៅនិងអ្នកនិពន្ធសា្នដៃសៀវភៅគ្រប់ប្រភេទត្រូវរៀបរៀងសៀវភៅដែលមានគុណភាពនិងផ្តល់ប្រយោជន៍សម្រាប់អ្នកអាន ចៀសវាងការលួចចម្លងស្នាដៃអ្នកដទៃដែលជាទង្វើខុសច្បាប់។
សូមជម្រាបថា ក្រសួងអប់រំ ក្រោមកិច្ចសហការយ៉ាងល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងវប្បធម៌ និងក្រសួងព័ត៌មានជាដើមបានរៀបចំទិវាជាតិអំណាន និងការតាំងពិព័រណ៍សៀវភៅចំនួន ៩ លើកហើយទាំងលើកនេះ។ ចំណែកពិព័រណ៍សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ សហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំការតាំងពិព័រណ៍សៀវភៅរហូតដល់ទៅ ១០៦ ស្តង់ មកពី ៥៦ ស្ថាប័ន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ៩ រហូតដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤៕