ភ្នំពេញៈ របាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ ១៤៦ ក្នុងចំណោមប្រទេស ១៩១ ដែលជាប្រទេសមានការអភិវឌ្ឍមនុស្សមធ្យម។
បើតាមរបាយការណ៍របស់អង្គការ UNDP ដែលបានចេញកាលពីថ្ងៃទី ៧ ខែមីនា បានឱ្យដឹងថា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដំណើរការអភិវឌ្ឍន៍មនុស្សបានក្លាយទៅជាបញ្ហាដ៏គួរឱ្យបារម្ភមួយដោយសារតំបន់ទាំងនោះមិនស្ថិតក្នុងគន្លងឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពណាមួយទេហើយមនុស្សរាប់លាននាក់រស់នៅក្នុងស្ថានភាពជីវិតមិនច្បាស់លាស់ជាមួយកត្តាគំរាមកំហែងជាច្រើនដល់សន្តិសុខ សង្គម នយោបាយ និងបញ្ហាបរិស្ថានទៀតផង។
ទន្ទឹមនឹងការបារម្ភនេះ នៅក្នុងរបាយការណ៍បានឱ្យដឹងទៀតថា ដើម្បីពង្រឹងការអភិវឌ្ឍមនុស្សឡើងវិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺត្រូវកសាងឱ្យមានអភិក្រមមួយផ្អែកលើសសរស្ដម្ភចំនួន ៣ រួមមាន ការបញ្ជ្រាបអភិវឌ្ឍន៍មនុស្ស ការពិចារណាឡើងវិញពីយុទ្ធសាស្ត្រកំណើន និងការធ្វើឱ្យមានការផ្លាស់ប្ដូរ។
តាមរយៈការកសាងដោយឈរលើអភិក្រមទាំងនោះ បានធ្វើឱ្យប្រទេសមួយចំនួន រួមមាន សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម បង់ក្លាដែស ស្រីលង្កា និងប្រទេសប៊ូតាន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍមនុស្សរយៈពេលវែង។
ដោយឡែកនៅប្រទេសកម្ពុជា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សបានកើនឡើង ៥៦,៩ ភាគរយតាំងពីឆ្នាំ ១៩៩០ ដែលធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងក្រុមប្រទេសដែលមានការអភិវឌ្ឍមនុស្សមធ្យម ហើយមានចំណាត់ថ្នាក់១៤៦ ក្នុងចំណោម ១៩១ ប្រទេស នៅឆ្នាំ ២០២៣ ខណៈវឌ្ឍនភាពនេះ ក៏រួមបញ្ចូលការខាតបង់ដោយសារវិបត្តិកូវីដ ១៩ ផងដែរ។
ប្រភពដដែលបញ្ជាក់ថា៖ «វឌ្ឍនភាពរបស់កម្ពុជា ដែលសម្រេចបាននេះ គឺកើតឡើងដោយសារភាពប្រសើរឡើងផ្នែកសុខភាព និងជីវភាព ជាពិសេសអត្រាមរណភាពកុមារ អាហារូបត្ថម្ភ ការប្រើប្រាស់ធ្យូងចម្អិន អនាម័យ និងអគ្គិសនី។ ស្របពេលសម្រេចបានវឌ្ឍនភាពទាំងនេះ កម្ពុជានៅតែមានបញ្ហាប្រឈមសម្រាប់សូចនាករអប់រំ និងលំនៅឋាន ដោយភាពងាយរងគ្រោះនៅតែខ្ពស់»។
បើតាមរបាយការណ៍នេះ ទោះបីប្រទេសកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ គឺ ៥,២ ភាគរយ នៅឆ្នាំ ២០២២ និង ៥,៣ ភាគរយនៅឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែការមិនលើកកម្ពស់ការអភិវឌ្ឍមនុស្ស គឺវានឹងធ្វើឱ្យបាត់បង់កំណើនសេដ្ឋកិច្ចនេះដែរ។
ដូច្នេះក្នុងរបត់នេះ ប្រទេសកម្ពុជា ត្រូវពង្រឹងកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង និងមានភាពធន់ថែមទៀត ដោយការផ្ដល់អាទិភាពក្នុងការអភិវឌ្ឍមនុស្សស្របពេលនឹងការបន្តយកចិត្តទុកដាក់លើបញ្ហាបរិស្ថាននិងការថែទាំភពផែនដីសម្រាប់មនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ៕