កោះកុងៈ ក្រុមអង្គការអភិរក្សសត្វព្រៃ បានឱ្យដឹងថា ឆ្កែព្រៃបង្ហាញវត្តមានរស់នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ខណៈប្រភេទសត្វនេះ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជ ហើយបច្ចុប្បន្ននេះចំនួនឆ្កែព្រៃ មិនមានការប៉ាន់ប្រមាណក្នុងប្រទេសណាមួយនោះទេ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានឱ្យដឹងថា ឆ្កែព្រៃ ជាប្រភេទសត្វរស់នៅជាលក្ខណៈសង្គម និងជាក្រុមៗដែលជាទូទៅមានពី ៥ក្បាល ទៅដល់ ១២ ក្បាល ហើយតាមឯកសារខ្លះ ក្រុមធំរបស់ឆ្កែព្រៃ មានរហូតដល់ ៤០ក្បាលឯណោះ។
ឆ្កែព្រៃ វាចូលចិត្តចាប់សត្វស៊ីមានលក្ខណៈជាក្រុម មិនមែនតែឯកឯងនោះទេ ខណៈដែលប្រភេទសត្វដែលឆ្កែព្រៃចូលចិត្តចាប់មានសត្វក្រចកជើងចម្ពាមដូចជា ឈ្លូស ប្រើស រមាំង និងទន្សោង ដែលមានទំហំកណ្តាល និងទំហំធំ។
លោកបញ្ជាក់ថា៖ «ឆ្កែព្រៃ ដើរតួនាទី និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។ ពួកវាជួយឱ្យមានតុល្យភាពក្នុងធម្មជាតិចំពោះចំណីអាហារ និងប្រភេទសត្វព្រៃមួយចំនួន។ ជាពិសេសពួកវាជាប្រភេទសត្វដែលទាក់ទាញទេសចរមកមើលសត្វព្រៃ ដោយសារតែការប៉ិនប្រសប់ និងយុទ្ធសាស្ត្រប្រមាញ់ជាក្រុមរបស់ពួកវា»។
បើតាមលោក សេង ទៀក ក្នុងទសវត្សរ៍ឆ្នាំ ៩០ តាមរយៈការដើរព្រៃ និងការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិ គឺក្រុមអភិរក្សបានប្រទះឃើញមានវត្តមានសត្វឆ្កែព្រៃច្រើនជាក្រុមៗដែលមានចំនួនពី ៥ ក្បាល ដល់ ១០ ក្បាលក្នុង ១ ក្រុម ដែលត្រូវបានរកឃើញមានរស់នៅក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា។
លោកបន្តថា ជាពិសេសតំបន់ខ្ពង់រាបភាគឦសាន ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងតំបន់ទេសភាពភាគខាងជើង មានខេត្តកំពង់ធំ និងព្រះវិហារ និងតំបន់ទេសភាពភ្នំក្រវាញមាន ខេត្តពោធិ៍សាត់ កោះកុង និងប៉ៃលិនជាដើម។
ប៉ុន្តែបច្ចុប្បន្ននេះ លោកថា តាមរយៈការដើរល្បាត និងរូបភាពចេញពីម៉ាស៊ីនថតដោយស្វ័យប្រវត្តិ ហាក់បីដូចជាមិនសូវជួបនិងចាប់បានរូបសត្វឆ្កៃព្រៃទេ ដូច្នេះមានន័យថា វត្តមានប្រភេទសត្វនេះ វាហាក់មានការថយចុះ។
លោក សេង ទៀក បន្ថែមថា៖ «យើងមិនមានតួលេខជាក់លាក់ណាមួយនៅឡើយទេសម្រាប់កម្ពុជា គ្រាន់តែដឹងថា ឆ្កែព្រៃ គឺនៅមានវត្តមាន និងអាចបន្តពូជបានក្នុងព្រៃនៃប្រទេសកម្ពុជានៅឡើយ»។
ជាមួយគ្នានេះ អង្គការអភិរក្សអន្តរជាតិកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ ខែមីនាថា ឆ្កែព្រៃ (Cuonalpinus) ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជដោយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដោយក្នុងនោះឆ្កែព្រៃមានចំនួនចន្លោះប្រហែលពី ៩៤៩ ក្បាល ទៅ ២ ២១៥ ក្បាលប៉ុណ្ណោះ ដែលនៅសេសសល់ទូទាំងតំបន់ដែលមានវត្តមានរបស់វា។
ប្រភពដដែលថា ដូច្នេះដោយសារតែលក្ខណៈជីវសាស្រ្តរបស់វា ឆ្កែព្រៃជាប្រភេទសត្វដែលមានលក្ខណៈអៀនប្រៀន និងអាថ៌កំបាំង ហើយបច្ចុប្បន្ននេះមិនមានការប៉ាន់ប្រមាណចំនួនសត្វឆ្កែព្រៃ ក្នុងប្រទេសណាមួយនោះទេ រួមទាំងប្រទេសកម្ពុជាផងដែរ។
អង្គការនេះបានបញ្ជាក់ថា៖ «ពួកវាប្រហែលជាប្រភេទសត្វមំសាសីលើគេមួយតែប៉ុណ្ណោះដែលនៅសេសសល់ រស់នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល។ ដូច្នេះហើយកត្តាគំរាមកំហែងចម្បងចំពោះឆ្កែព្រៃ គឺការបាត់បង់ទីជម្រកដោយសារសកម្មភាពរបស់មនុស្សមួយចំនួន ក៏ដូចជាការថយចុះនៃប្រភេទសត្វរំពាដែលជាចំណីអាហាររបស់ពួកវា និងកើតជំងឺផ្សេងៗ»។
បើតាមប្រភពខាងលើ ដើម្បីធានាឱ្យបាននូវការរស់រានមានជីវិតរបស់សត្វឆ្កែព្រៃ កិច្ចខិតខំប្រឹងប្រែងការងារអភិរក្សដែលផ្តោតលើដំណោះស្រាយនូវកត្តាគំរាមកំហែងទាំងនោះឱ្យមានប្រសិទ្ធភាព តាមរយៈបង្កើតការត្រួតពិនិត្យជីវៈចម្រុះជាប្រព័ន្ធ ដោយប្រើម៉ាស៊ីនថតរូបស្វ័យប្រវត្តិក្នុងការសិក្សា និងតាមដានសត្វព្រៃ។
ក្រោមកិច្ចខិតខំប្រឹងប្រែងអភិរក្សនេះបានប្រព្រឹត្តទៅដោយមានការសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ដោយធានាថា ប្រភេទសត្វដែលរងការគំរាមកំហែង រួមទាំងឆ្កែព្រៃ នឹងនៅតែបន្តរស់នៅក្នុងតំបន់ទេសភាពនេះ៕