
ទិដ្ឋភាពដីក្នុងតំបន់ទន្លេសាបខេត្តពោធិ៍សាត់ នៅដើមខែកុម្ភៈនេះ។ រូប អាជ្ញាធរទន្លេសាប
ត្បូងឃ្មុំៈ អាជ្ញាធរខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តពោធិ៍សាត់ បានធ្វើការព្រមានជាថ្មី ទៅកាន់មន្ត្រី និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹក និងដីព្រៃតំបន់ធនធានធម្មជាតិ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវអនុវត្តតាមវិធានការច្បាប់ ក៏ដូចជាត្រូវបណ្ដេញចេញពីការងារ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការព្រមានដូចនេះក្នុងឱកាសលោកចុះសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកាឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងប្រចាំការ ការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក នៅទីតាំងតំបន់ក្របីក្រៀគ តំបន់ចម្ការចិន តំបន់ពស់អំបែង និងតំបន់ខ្នងក្រពើ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៩ ខែមីនា។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្តលើកឡើងថា៖ «សូមកុំបន្តទិញលក់ដី ដែលមិនទាន់ដឹងច្បាស់លាស់ និងមិនមានកម្មសិទ្ធិព្រោះវាជារឿងដែលខុសច្បាប់។ ដូច្នេះប្រសិនជាខ្ញុំរកឃើញមិនថា ជាមន្ត្រីរាជការ ឬប្រជាពលរដ្ឋឡើយ គឺមិនរួចខ្លួននោះទេ ទោះជារំលោភយកដីព្រៃលិចទឹក ១ ហិកតា ឬ ២ ហិកតាក្ដី។ នៅពេលអាជ្ញាធរវាស់ជាក់ស្ដែងឃើញហើយនឹងត្រូវដកបុណ្យស័កិ្តនិងអាចជាប់គុកថែមទៀត ដោយគ្មានការលើកលែងជាដាច់ខាត»។
លោកថាទាំងប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំង គឺមិនរួចខ្លួនឡើយ ហើយក៏កុំគិតថា ខ្លួនឯងជានគរបាលប៉ុស្តិ៍ ឬក៏ខាងបញ្ជាការកងរាជអាវុធហត្ថគឺមិនអាចរួចខ្លួនបានទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំត្រូវតែធ្វើយ៉ាងម៉េចរក្សាព្រៃលិចទឹកក្នុងដែនសមត្ថកិច្ចរបស់ខេត្តយើងនេះឱ្យបានគង់វង្ស ជាពិសេសក្នុងតំបន់ស្រុកក្រូចឆ្មារឱ្យខាងតែបាន»។
អាជ្ញាធរខេត្តត្បូងឃ្មុំឱ្យដឹងថា ចំពោះប្លង់កម្មសិទ្ធិដីធ្លី នៅស្រុកក្រូចឆ្មារ ឬនៅទូទាំងខេត្តត្បូងឃ្មុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនឹងចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ទៅលើទីតាំងដីណាដែលជាដីស្របច្បាប់ពិតប្រាកដ។
ចំណែក លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃទី ៧ ខែមីនាថា កន្លងមកទោះបីអាជ្ញាធរខេត្ត បានណែនាំ និងជំរុញឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិប៉ុន្តែរដ្ឋបាលខេត្ត នៅតែសង្កេតឃើញថា មានជនខិលខូចមួយចំនួនបន្តទន្ទ្រានក្នុងចេតនារំលោភបំពានលើច្បាប់ ព្រមទាំងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
លោកបានថ្លែងឱ្យដឹងថា៖ «ដើម្បីអភិរក្សធនធានជលផល និងជីវៈចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានស្ថិតស្ថេរ និងគង់វង្សសម្រាប់បម្រើជាប្រយោជន៍សាធារណៈព្រមទាំងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋយើងសូមណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់សកម្មភាពឈូសឆាយ រុករាន ទន្ទ្រានដីព្រៃលិចទឹកហ្នឹងជាបន្ទាន់»។
លោក វ៉ា ថន បានព្រមានថា ប្រសិនក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញបុគ្គល និងអ្នកពាក់ព័ន្ធល្មើសច្បាប់បានប្រព្រឹត្តសកម្មភាពទាំងនេះ នឹងត្រូវដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ បន្ថែមពីនេះ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលបាននិងកំពុងកាន់កាប់ដីព្រៃលិចទឹកដើម្បីអាស្រ័យផលកន្លងមក កុំបន្តរុករាន ទន្ទ្រានយកដីព្រៃលិចទឹកបន្ថែមធ្វើជាកម្មសិទ្ធិ ជាពិសេសដាក់គ្រឿងចក្រឈូសឆាយ ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្ត ពីព្រោះវាជាអំពើខុសច្បាប់។
រីឯ លោក ខូយ វីដា អភិបាលខេត្តពោធិ៍សាត់ ក្រោយពីបានចុះត្រួតពិនិត្យនៅទីតាំងមួយចំនួនក្នុងស្រុកវាលវែងកន្លងមក លោកក៏បានណែនាំឱ្យគណៈកម្មការថ្នាក់ខេត្ត បន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ ការទន្ទ្រានដីព្រៃតំបន់ធម្មជាតិ យកដីធ្វើជាកម្មសិទ្ធិ ដែលនាំឱ្យមហន្តរាយធនធានធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ។
លោកថា៖ «គណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង ៩ ក្រុម ត្រូវចាត់វិធានការដោយគ្មានការលើកលែង ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធទាំងនោះឡើយ ដែលកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងដែរថា ក្រសួងបានដាក់ចេញនូវវិធានការចំនួន ៤ ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ គឺការអនុវត្តច្បាប់ឱ្យបាន ១០០% ដោយបញ្ជូនបទល្មើសធនធានធម្មជាតិទៅតុលាការ ដើម្បីដាក់ទោសតាមច្បាប់កំណត់។ នៅក្នុងវិធានការនេះដែរ លោកបានឃើញអាជ្ញាធរខេត្តពោធិ៍សាត់បានចុះទៅផ្ទាល់ នឹងអនុវត្តដាក់ទោសទណ្ឌទៅលើជនល្មើសតាមច្បាប់កំណត់ដោយគ្មានការលើកលែងនោះឡើយ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹង!សូមលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមកាន់តែប្រសើរឡើងថែមទៀតសម្រាប់ការអនុវត្តច្បាប់ដើម្បីគ្រប់គ្រងធនធានធម្មជាតិរបស់យើងឱ្យមាននិរន្តរភាពនិងមានប្រសិទ្ធភាពថែមទៀត ក្នុងការទប់ស្កាត់ការបំផ្លាញ រុករាន ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ ដែលវាខុសនឹងច្បាប់»។
បន្ថែមពីនេះ លោកក៏លើកទឹកចិត្តឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។
សូមរំឭកផងដែរថា កាលពីចុងខែមករា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរទន្លេសាប និងស្ថាប័នពាក់ព័ន្ធបន្តអនុវត្តការចុះបញ្ជីដី និងកំណត់ព្រំដែននៅក្នុងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបប្រកបដោយសុក្រឹតភាពចីរភាព និងបរិយាបន្នដើម្បីថែរក្សាព្រៃលិចទឹក ត្រី ជាពិសេសជីវចម្រុះសម្រាប់ផលប្រយោជន៍រួមនិងមនុស្សជំនាន់ក្រោយ៕