ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថលនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២៤ ដើម្បីចូលរួមជាមួយមេដឹកនាំផ្នែកឌីជីថលនានាជុំវិញពិភពលោកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអនាគតឌីជីថលនៅកម្ពុជា។
ការចូលរួមពីលេខាធិការដ្ឋានអាស៊ាននេះ តបតាមការអញ្ជើញរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្នុងគោលដៅទទួលយកមតិយោបល់ចំណេះដឹងពីរង្វង់សមាជិកអាស៊ានអំពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់អនាគតឌីជីថលប្រកបដោយបរិយាបន្ន។ នេះបើតាមសេចក្តីប្រកាសរបស់អាស៊ាននៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤។
វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ DGF) ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនេះ ជាវេទិកាលើកដំបូងរបស់កម្ពុជា និងក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
វេទិកានេះរៀបចំឡើងក្នុងគោលដៅធំៗ ៣ ពោលគឺ ទី១ បង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល និងបង្កើតឱកាសជំរុញទំនាក់ទំនងវិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់ការវិនិយោគ, ទី២ ការផ្តល់សេវា និងដំណោះស្រាយបច្ចេកទេស និងទី៣ ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍សម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការ រៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ ២០២៤ ថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលកន្លងមកថា វេទិកានេះមានសារៈសំខាន់ណាស់ដើម្បីចែករំលែកឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មឌីជីថល កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្ត ដំណោះស្រាយឌីជីថល លើកកម្ពស់សេវាកម្មដែលផ្ដោតលើពលរដ្ឋជាគោលនិងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យក្នុងវិស័យសាធារណៈ។
លោកថ្លែងថា៖ «វេទិកានេះមានគោលបំណងស្វែងរកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»។
លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ថា ការចូលរួមពីភាគីអាស៊ានជារឿងសំខាន់មួយដើម្បីប្រមូលធាតុចូលក្នុងការសម្រួចផែនការយុទ្ធសាស្ត្របញ្ចកោណ និងគោលដៅឌីជីថលរបស់រដ្ឋាភិបាលកម្ពុជា តាំងពីបណ្តាដៃគូអាស៊ាន និងអ្នកជំនាញពីបណ្តាប្រទេសជុំវិញពិភពលោក។
លោកថ្លែងថា៖ «អាស៊ានមានសក្តានុពលច្រើនទៅលើវិស័យឌីជីថល ដោយសារយើងមានសមាជិកច្រើនទាំងចាស់ ទាំងថ្មី ហើយមានក្របខ័ណ្ឌដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ ហើយយើងមានគោលការណ៍គាំទ្រគ្នាដែលអាចចែករំលែក និងគាំទ្រគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលទាំងអស់គ្នា»។
ចំណែកលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចែករំលែកព័ត៌មាន ចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ ជាកត្តាសំខាន់ដើម្បីរុញច្រានការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យស្របតាមការវិវត្តរបស់សង្គមជាក់ស្តែង។ «កម្ពុជាចាំបាច់ត្រូវតែពង្រឹងសមត្ថភាពឌីជីថល ទាំងការប្រើប្រាស់ និងការការពារ។ បើយើងដើរក្រោយគេ សេដ្ឋកិច្ចយើងក៏យឺតជាងគេផងដែរ ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល ហើយវាក៏ជួយពង្រឹងប្រព័ន្ធសន្តិសុខជាតិផងដែរ»។
សូមជម្រាបថា វេទិការដ្ឋាភិបាលឌីជីថលទី១ ឆ្នាំ ២០២៤ របស់កម្ពុជានេះ ក៏នឹងមានវត្តមានបើកវេទិកាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤៕