​ភ្នំពេញៈ នៅ​គ្រា​ដែល​ដំណាំ​ស្វាយចន្ទី កំពុងតែ​ជួប​បញ្ហា​ប្រឈម ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យ​គុណភាព និង​តម្លៃ​ស្វាយចន្ទី​មានការ​ធ្លាក់ចុះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប ជា​ដំណោះស្រាយ​មួយ​សម្រាប់​ប្រជាកសិករ ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

​កញ្ញា អ៊ឹ​ម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានលើកឡើង​នៅ​ថ្ងៃទី​ ១០ ខែមីនា​ថា ស្វាយចន្ទី ​គឺជា​ដំណាំ​ដែល​ក្រសួងកសិកម្ម​និយាយ​ដោយឡែក និង​រាជ​រដ្ឋាភិបាល​កម្ពុជា និយាយ​ជា​រួម កំណត់​ជា​ដំណាំ​មួយ​​ប្រភេទ​ដែលមាន​សក្ដានុពល​ខ្ពស់ សម្រាប់​លើកស្ទួយ​ជីវ​ភាព​ប្រជាកសិករ វិស័យ​កសិកម្ម និង​រួមចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។​

​កញ្ញា​បាន​បន្ថែមថា ដូចគ្នា​ទៅនឹង​ដំណាំ​ផ្សេងៗ​ទៀត​ដែរ តម្លៃ​របស់​ស្វាយចន្ទី​ប្រែប្រួល​ឡើង​ចុះ អាស្រ័យ​លើ​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​។ តម្លៃ​គ្រាប់ស្វាយចន្ទី​ក៏​លក់បាន​ថ្លៃ​ខុសគ្នា​ដែរ ទៅតាម​ទំហំ គុណភាព សំណើម និង​ប្រភេទ​ពូជ​ស្វាយ​ចន្ទី​។ គ្រាប់ស្វាយចន្ទី​លក់​ចំណេញ​ច្រើន​នៅពេល​ចាប់​-​ផ្ដើម​ប្រមូល​ផល​នា​ដើមរដូវ និង​ចំណេញ​តិច​នៅពេលដែល​ការប្រមូល​ផល​ធ្វើឡើង​ព្រមៗ​គ្នា ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ដែល​និយម​ទិញ​គ្រាប់​​ស្វាយចន្ទី​ពី​កម្ពុជា​។

​កញ្ញា អ៊ឹ​ម រចនា បាន​ពន្យល់ថា​៖ «​ផលចំណេញ​តិច​ឬ​ច្រើន​របស់​កសិករ​ដាំ​ស្វាយចន្ទី ក៏​ខុសគ្នា​ដែរ អាស្រ័យ​លើ​បច្ចេក​ទេស​នៃ​ការដាំដុះ​៖ ការបាញ់​ថ្នាំ ការដាក់​ជី កម្លាំង​ពលកម្ម​ថែទាំ​ស្វាយចន្ទី របៀប​ប្រមូល​ផល​ស្វាយចន្ទី សុទ្ធសឹងតែ​ជាការ​ចំណាយ​ដែល​ជះឥទ្ធិពល​ទៅលើ​ផលចំណេញ​របស់​បងប្អូន​ប្រជាកសិករ​។ នេះ​គេ​នៅ​មិនទាន់​និយាយ​ដល់​ការ​យល់ដឹង​ពី​ទីផ្សារ និង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការលក់​ដើម្បី​ទទួលបាន​ថ្លៃ​ខ្ពស់​ផង​ទេ​»​។​

​កញ្ញា​បាន​បន្ថែមថា ដោយ​កំណត់​បាន​ពី​កត្តា​ប្រឈម​របស់​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ ​២០២២-២០២៧ និង​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី៥ និង​ទី​៦ ដើម្បី​ជួយ​ប្រជាកសិករ ទាំង​បញ្ហា​បច្ចេកទេស ការផ្ដល់​ឥណទាន​តាម​ករណី​ចាំបាច់ ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​កសិផល និង​ជួយ​រក​ទីផ្សារ​លក់​ជូន​កសិករ ដូច​មានចែង​ក្នុង​មាត្រា​ ៦១ និង​ ៦២ នៃ​រដ្ឋធម្មនុញ្ញ​។​

​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប ជា​ដំណោះស្រាយ​មួយ​សម្រាប់​ប្រជាកសិករ​ដែល​លោក​ត្រូវការ​ការគាំទ្រ ទាំង​ក្នុង​បញ្ហា​បច្ចេកទេស ទុន ទីផ្សារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​។ ចំណែក ប្រជាកសិករ​ដែលមាន​ចំណេះ​ជំនាញ ក្រសួង​នៅ​តែ​ផ្ដល់​ការគាំទ្រ​តាមរយៈ​មន្ដ្រី​កសិកម្ម​ឃុំ​ដែល​នឹងដាក់​ពង្រាយ​នៅ​ទូទាំងប្រទេស ត្រឹម​ឆ្នាំ ​២០២៥​។ អ្នកនាំពាក្យ​ក្រសួង​​កសិកម្ម​បានបញ្ជាក់​បន្ថែម​។​

​ជា​ឆន្ទៈ​ប្រកបដោយ​គំនិត​សុទិដ្ឋិនិយម កញ្ញា រចនា បាន​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​និយាយ​យើង​ធ្វើ​។ ធ្វើ​ច្រើន កំហុស​តែងតែមាន​ចៀស​ពុំរួច​។ យើង​ស្វាគមន៍​ជានិច្ច​ចំពោះ​មតិ​រិះគន់​ស្ថាបនា​។ យើង​នឹង​បន្ត​រៀនសូត្រ កែលម្អ ហើយ​បន្ត​ធ្វើការ​ថែមទៀត​ដោយ​ឥត​រា​​ថយ ដើម្បី​ផលប្រយោជន៍​ប្រជាកសិករ វិស័យ​កសិកម្ម និង​ប្រជាជាតិ​»​។​

​ចំពោះ​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប សម្រាប់​កសិករ​ដាំ​ដុះ​ស្វាយចន្ទី​នេះដែរ លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា យល់ឃើញថា ថ្វីដ្បិតតែ​លោក​មិនទាន់​បានដឹង​ច្បាស់​អំពី​គោលដៅ​នៃ​ការ​ចងក្រង​គ្នា​ជា​សហគមន៍​ទំនើប​នេះ​ក៏ដោយ តែ​ការដែល​មិនបាន​ចងក្រង​គ្នា​ជា​សហ​​គម​ន៍ កសិករ​នឹង​បាត់បង់​ប្រ​យោជន៍​ចំនួន ​២ បើសិនជា​គ្មាន​ការ​ចងក្រង​ជា​សហគមន៍​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​កសិករ​បើ​មិន​រួមគ្នា​ជា​សហ​គម​ន៍ គាត់​បាត់​ប្រយោជន៍ ២ ដោយ​ទី១ មិនបាន​ទទួល​ការ​រៀនសូត្រ​ពី​អ្នកជំនាញ គ្មាន​នរណា​គេ​ដើរទៅ​បង្រៀន​ដល់ផ្ទះ​ទេ និង​ទី​២ បាត់បង់​ទីផ្សារ​ល្អ ក្រុមហ៊ុន​ត្រូវ​ការបញ្ជាទិញ​ក្នុង​ចំនួន​ច្រើន មិនអាច​ដើរ​ប្រមូល​តាម​ផ្ទះ​ទេ​។ សហគមន៍​ណា​ធានាថា​ប្រមូល​គ្រាប់​ឆៅ​បាន ក្រុមហ៊ុន​បញ្ជា​ទិញ ជាក់​​ស្តែង​ក្រុមហ៊ុន​ជប៉ុន​បញ្ជា​ទិញ​ពី​សហគមន៍​ជ័យ​សំបូរ (​កំពង់ធំ​)»​។​

​លោក​បាន​ថ្លែង​ឱ្យដឹង​បន្ថែមទៀតថា នាពេល​កន្លងមក នៅពេលដែល​សមាគម ធ្វើការ​ជាមួយ​សហគមន៍​ស្វាយចន្ទី ចំនួន ៤៥ ​សហគមន៍ ដែល​មកពី​ខេត្ត​នានា​ចំនួន​ ៩ ​ខេត្ត ខាង​សមាគម​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ជូន​សមាជិក​សហគមន៍​បាន ដូច​ជា​ការជួយ​បង្រៀន​ពី​បច្ចេក​ទេស​ផលិត​ជី​ងាយៗ​បាន​ដោយ​ខ្លួនឯង ដើម្បី​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​៕