ភ្នំពេញៈ លោក ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាងថា គណ​បក្សប្រឆាំង​ទាំង​នៅក្នុង​ប្រទេស ​និង​នៅក្រៅ​ប្រទេស គឺ​បាន​បាត់​បង់​ការគាំទ្រ និង​ប្រជាប្រិយភាព​ស្ទើរតែ​ទាំងអស់​ហើយ ស្រប​ពេលដែល​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ឡើងកាន់តំណែង​ជានា​យក​​រដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។

​លោក ប៉ែន បូ​ណា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែមីនា​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​កាលពីពេល​ថ្មីៗ​នេះ មិនមាន​អ្នកគាំទ្រ​គណបក្សប្រឆាំង​ធ្វើបាតុកម្ម​តវ៉ា ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ដោយ​សារ​តែ​ក្រុមប្រឆាំង​ប្រមូល​គ្នីគ្នា​មិនបាន​។

លោក​អះអាងថា មូលហេតុ​ធ្វើឱ្យ​គណបក្សប្រឆាំង​ចុះ​ប្រជាប្រិយ​ភាពខ្លាំង​បែបនេះ ព្រោះ​ជាធម្មតា​គណបក្ស​មួយ​ឡើងកាន់​រាជរដ្ឋាភិបាល គណ​បក្សប្រឆាំង​តែងតែ​ចុះ​ខ្យោ​យ ដូចជា​ឧទាហរណ៍​នៅ​ប្រទេសអូស្ត្រាលី​ជា​ទឡ្ហីករណ៍​មួយ​ស្រាប់ ព្រោះ​នៅ​ទីនោះ មាន​អ្នកប្រឆាំង​រដ្ឋាភិបាល​ច្រើន ប៉ុន្តែ​ចុងក្រោយ​អស់​ស្ទើរ​ទាំងស្រុង​។

​បើតាម លោក ប៉ែន បូ​ណា ទិដ្ឋភាព​នៃ​ការគាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ចំពោះ​ ហ៊ុន ម៉ា​ណែ​ត មាន​ចំនួន​រាប់ពាន់នាក់​។ ជាក់ស្តែង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅក្នុង​ប្រទេស​អូស្ត្រាលី​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២ ​ពាន់​នាក់ ឬ​លើសពីនេះ បាន​ចេញមក​ទទួល​ស្វាគមន៍ ខណៈដែល​ក្រុម​អ្នកប្រឆាំង​ចេញមក​តវ៉ា​វិញ​មាន​ចំនួន​តិចតួច​បំផុត​។

​លោក​លើកឡើងថា​៖ «​នៅពេលដែល​សម្តេច​ធិបតី​ទៅដល់​អូស្ត្រាលី មាន​ក្រុមប្រឆាំង​មួយ​ក្តាប់​តូចបាន​ស្រែកថា គេ​អត់​ទទួលស្គាល់​នាយករដ្ឋមន្ត្រី​កម្ពុជា ខណៈ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ក្រាលកម្រាល​ស្វាគមន៍ ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​ធិបតី​ ហ៊ុន ម៉ា​ណែ​ត យ៉ាង​កក់ក្តៅ​នៅលើ​ទឹកដី​របស់ខ្លួន​»​។​

​លោក​បន្ថែមថា​៖ «​នៅពេល​ក្រុម​ប្រឆាំង​មួយ​ក្តាប់​តូច​ទាំងនោះ គេ​នាំគ្នា​ស្រែក​ឱ្យ​រដ្ឋាភិបាល​​អូស្ត្រាលី​ដាក់​សម្ពាធ​ទៅលើ​រាជ​​រដ្ឋាភិបាល​កម្ពុជា ក្រោម​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ជា​ដើម បែរជា​នៅពេល​ជួប​សន្ទនា​ជាមួយ​សម្តេច​ធិបតី​នាយក​រដ្ឋ​​មន្ត្រី អូស្ត្រាលី​ស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​បញ្ជាក់​ចំពោះ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា កម្ពុជា គឺជា​ប្រទេស​ដ៏​អស្ចារ្យ​ប្រកបដោយ​ភាព​ធន់ ទោះបី​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម​ក៏ដោយ​»​។ 

​បើតាម​លោក បូ​ណា កម្ពុជា​គឺជា​ប្រទេស​ដ៏​អស្ចារ្យ​នេះ ដែល​មានន័យ​គ្រប់គ្រាន់ និង​ផ្តល់​ការកោតសរសើរ ព្រមទាំង​ជាការ​ផ្តល់នូវ​យុត្តិធម៌​ទៅដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​រាជ​ដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កសាង​ប្រទេស​កម្ពុជា ឱ្យមាន​ការរីកចម្រើន​។

លោក​បន្ថែមទៀតថា មិនថាតែ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទេ ថ្នាក់​ដឹក​នាំ​គ្រប់គ្នា​ទាំងអស់​ពេល​ជួប​លោក ​ហ៊ុន ម៉ា​ណែ​ត  ឬ​លោក ហ៊ុន សែន ដែលជា​អតីត​នាយករដ្ឋមន្ត្រី គេ​ប្រើពាក្យ​កម្ពុជា​អស្ចារ្យ ដោយ​មិន​នឹកស្មានថា ចេញពី​របប​ខ្មែរក្រហម វិ​វ​ឌ្ឍ​រហ័ស មិន​ខុសពី​បណ្តា​ប្រទេស​រីកចម្រើន​ដទៃ​ឡើយ​។​

​លោក ជ័យ តិច អ្នក​សិក្សាការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច និង​ជា​អ្នកតាមដាន​ស្ថានការណ៍​ន​យោ​បាយ​នៅ​កម្ពុជា បាន​ថ្លែង​ទទួល​ស្គាល់​ថា ក្រុម​គណបក្សប្រឆាំង​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​ពិតជា​ធ្លាក់​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង ជាពិសេស​អ្នក​គាំទ្រ​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស​តែម្តង​។

លោក​លើក​ឡើង​ថា មាន​ហេតុផល​មួយចំនួន ដូចជា​ការបែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស និង​បែក​ទៅជា​ច្រើន​ក្រុម និង​បក្ខពួក រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​ទៅ​បង្កើត​គណបក្ស​ថ្មីៗ​ទៀត​។​

​មួយវិញទៀត​ការដឹកនាំ​របស់​ក្រុមប្រឆាំង​នេះ​ទៀតសោត​ក៏​មិនមាន​ភាពច្បាស់លាស់ ហើយ​មានមតិ​វាយប្រហារ​តែ​ទៅលើ​បុគ្គល និង​គ្រួសារ​ជាជាង​រិះគន់​ដើម្បី​ស្ថាបនា​ក្នុងការ​ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើន​។

លោក​ជ័យ តិច អះអាងថា​៖ «​ការធ្លាក់ចុះ​ប្រជា​​ប្រិយភាព​របស់​គណបក្ស​ប្រឆាំង ក៏​ដោយសារតែ​ប្រជាប្រិយភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី៧ នេះ​តែម្តង​ដោយ​ក្នុងនោះ​គឺ​នាយករដ្ឋមន្ត្រី​ថ្មី សម្តេច ហ៊ុន​ ម៉ា​ណែ​ត នេះតែម្តង មាន​ប្រជា​ប្រិយភាព និង​មានការ​គាំទ្រ​ច្រើន ជាពិសេស​មាន​កិច្ចទំនាក់ទំនង​និង​កិច្ចសហការ​ពី​បណ្តា​ប្រទេស​មួយចំនួន ដូច​ប្រទេស​អឺរ៉ុប អូស្ត្រាលី និង​អាមេរិក​ជាដើម​»​។​

​លោក រ៉ុង ឈុន ​ទីប្រឹក្សា​គណ​​បក្ស​កម្លាំង​ជាតិ លោក​ លី សុធា​រ៉ា​យុ​ត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន និង​លោក គឹម​សួរ ភី​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាវិន័យ គណបក្ស​ឆន្ទៈ​ខ្មែរ មិនអាច​ទាក់​ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ១០ ខែមីនា​៕