ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា ខណៈភាគីកូរ៉េបន្តផ្តល់ឱកាសការងារកាន់តែច្រើនជូនពលករកម្ពុជាដែលមានបំណងទៅបម្រើការងារទីនោះ ក្រោមហេតុផលពលករកម្ពុជាបានខិតខំបំពេញការងារដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។
ការបង្កើនកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្នុងពេលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងបានជួបពិភាក្សាកាងារជាមួយលោក លី ចង់ស៊ីក (Lee Jung Sik) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងលោក លី ឆល់វូ (Lee Cheol Woo) អភិបាលខេត្តក្យង់សាំងប៊ូកដូ ផងដែរ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ១០ មីនា ឆ្នាំ ២០២៤។
នៅក្នុងជំនួបនោះ លោក ហេង សួរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦ មក។
លោកបានបញ្ជាក់ថា៖ «តាមរយៈប្រព័ន្ធនេះពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ»។
ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ លោក ហេង សួរ បានស្នើលោក លី ចង់ស៊ីក ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញដែលមានស្រាប់ ព្រមទាំងពិនិត្យមើលលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េជាមួយនាយកដ្ឋានពេទ្យការងារ។ អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េជាមួយបេឡាជាតិសន្តិសុខសង្គម, អង្គភាពសេវាព័ត៌មានការងារកូរ៉េ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងការផ្តល់ជំនួយបន្ថែមលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ក្នុងជំនួបនេះ ភាគីរដ្ឋមន្ត្រីមុខរបរនិងការងារកូរ៉េបានសន្យាថា នឹងបន្តផ្តល់ឱកាសការងារជូនបងប្អូនពលករកម្ពុជាដែលមានបំណងទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក៏ដូចជាសហការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរួមគ្នាដើម្បីទទួលបានលទ្ធផលវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ។
បើតាមក្រសួងការងារ នៅក្នុងឱកាសនោះ «ឯកឧត្តម លី ចង់ស៊ីក បានកោតសរសើរក្រសួងការងារដែលបានសហការលើការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ និងទាន់ពេលវេលាព្រមទាំងបញ្ជាក់ថា ពលករកម្ពុជាមានការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាម ស្មោះត្រង់ ដែលកត្តាទាំងនេះនាំឱ្យក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ»។
ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា លោក លី ចង់ស៊ីក សន្យាថា នឹងពិនិត្យមើលលទ្ធភាពផ្តល់កិច្ចសហការឱ្យបានលឿន និងបានថ្លែងអំណរគុណក្រសួងការងារសម្រាប់កិច្ចសហការជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំង ២ នាពេលកន្លងមក។
ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហេង សួរ ក៏បានជួបពិភាក្សាការងារជាមួយលោក លី ឆល់វូ អភិបាលខេត្តក្យង់សាំងប៊ូកដូផងដែរ កាលពីថ្ងៃទី ៦ ខែមីនា ដោយភាគីទាំង ២ នឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតល្មួតបន្ថែមទៀតនិងជួយអភិវឌ្ឍវិស័យការងារ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសការរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរឡើង។
យោងតាមក្រសួងការងារ នៅក្នុងជំនួបនោះ លោកអភិបាលខេត្តថានឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
ជុំវិញការបញ្ជូនពលករទៅកូរ៉េនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងថា កម្ពុជាក៏មិនខុសពីប្រទេសផ្សេងៗទេគឺដើម្បីទទួលបានប្រាក់ចំណូលសមរម្យ។
លោកបានបន្តថា ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ តាមរយៈស្ថាប័នមានសមត្ថកិច្ចក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅទីនោះ គឺជារឿងវិជ្ជមានដែលជាផ្នែកមួយផ្តល់ឱកាសដល់យុវជនខ្មែរដែលបានខិតខំព្យាយាមរៀនសូត្រ និងជំនាញមួយចំនួនឆ្លើយតបតម្រូវទីផ្សារការងារនៅក្រៅប្រទេស។
លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា៖ «ក្រៅពីការទទួលបានប្រាក់ឈ្នួលខ្ពស់ បងប្អូនពលករទទួលបានជំនាញ បទពិសោធន៍ការងារ ដូច្នេះយើងសង្កេតឃើញថាពលករខ្មែរមួយចំនួនគាត់ចប់អាណត្តិការងារ ហើយវិលត្រឡប់មកខ្មែរវិញអ្នកខ្លះមានជំនាញធ្វើជាថៅកែ ខ្លះបើកកសិដ្ឋាន និងអាជីវកម្មផ្សេង»។
យ៉ាងណាក្ដី លោក ប៉ាវ ស៊ីណា បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមរយៈស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការជួយអន្តរាគមន៍ពលករខ្មែរដែលជួបការលំបាកផ្សេងៗ។
យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ពលករខ្មែរដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េមាន ៩ ៧៧៨ នាក់ ក្នុងនោះមានស្រី ២ ៧១៩ នាក់៕