ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងឡាយ ទាំងផ្នែកវីដេអូ សរសេរប្លុក ជាពិសេសក្រុមអ្នករកលុយតាមអនឡាញ (MMO) ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទៅលើខ្លឹមសារមាតិការបស់ខ្លួន ដោយកុំគិតតែពីប្រាក់ចំណេញ និងចំនួនអ្នកមើលនោះឡើយ។
ការអំពាវនាវរបស់រដ្ឋមន្ត្រីព័ត៌មានធ្វើឡើងនៅក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលសន្និបាត PH GRAND ប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ១០ ខែមីនា។
លោក នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មាន អ្នកផលិតមាតិកានានា ត្រូវឈរនៅលើមូលដ្ឋានវិជ្ជាជីវៈ គោរពដល់សិទ្ធិឯកជនរបស់បុគ្គលដទៃ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិតដែលហុចផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយអាចបង្កចលាចលនិងភាពវឹកវរដល់សង្គមផង ក៏ព្រោះតែការចង់បានចំណាប់អារម្មណ៍លើមាតិកាខ្លួនពីអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងនៅលើ Facebook ឬ TikTok។
លោកបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ ឬប្លុកនឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈ សុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព»។
លោកបានបញ្ជាក់ថា ក្រសួងព័ត៌មានតែងគាំទ្រ និងលើកទឹកចិត្តទៅដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសការផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញផ្សព្វផ្សាយបែបចម្រុះ ដែលអាចជួយបម្រើដល់ប្រជាជនកម្ពុជាក្នុងការទទួលបានព័ត៌មានពិត និងឆាប់រហ័ស និងអាចលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋផង ដែលជាកត្តារុញច្រានដល់ដំណើរការអភិវឌ្ឍន៍ជាតិ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន រហូតមកទល់សព្វថ្ងៃ មានប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងបែបទំនើប ជាង ២ ពាន់នៅកម្ពុជា ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងដំណើរការផលិតខ្លឹមសារ និងមាតិកាផ្សេងៗ បូកផ្សំបណ្តាញសង្គមផ្សេងៗមិនថា ហ្វេសប៊ុក តិកតុក អ៊ីនស្តាក្រាម ធ្វីតធើររាប់លានគណនី ដែលផ្សព្វផ្សាយដល់សាធារណជនពាសពេញប្រទេស។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចាបានឯកភាពលើការអំពាវនាវរបស់រដ្ឋមន្ត្រីព័ត៌មាន ដោយលោកថា ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជារឿងដែលចាំបាច់សម្រាប់អ្នកផលិតមាតិកា ខ្លឹមសារនានា នៅក្នុងយុគសម័យឌីជីថលនេះ។ ដោយសារភាពរហ័សនៃការចែករំលែកមាតិកានានាទៅកាន់អ្នកអាន ហើយអាចកើតមានឥទ្ធិពលអវិជ្ជមានចេញពីរង្វង់មាតិកាដែលមិនត្រឹមត្រូវ។
លោកបានប្រាប់ថា៖ «បើសិនអ្នកផលិតមាតិកាទាំងឡាយមិនបានប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈច្បាស់លាស់ទេ នោះនឹងមានផលប៉ះពាល់ជាអវិជ្ជមាន ដែលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់សង្គម សីលធម៌សង្គម ប្រយោជន៍សាធារណជនទូទៅ ដែលចាំបាច់មានការផ្សព្វផ្សាយ និងអប់រំពីក្រមសីលធម៌វិជ្ជាជីវៈឱ្យបានទូលំទូលាយដើម្បីគ្រប់គ្រងនិងបង្ការហានិភ័យចេញពីអ្នកផលិតមាតិកាដែលមានចំនួនច្រើនសន្ធឹកសន្ធាប់»។
លោក ណុប វី បានលើកឡើងទៀតថា កិច្ចការចម្បង និងជាវិធានបន្ទាន់ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចំពោះបញ្ហានេះ គឺត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំធានាយ៉ាងណាឱ្យអ្នកផលិតមាតិកា អ្នកសារព័ត៌មានទាំងឡាយ ជាពិសេសអ្នកសារព័ត៌មានអនឡាញ បានជ្រាបច្បាស់នូវមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ជាជាងគិតតែពីប្រាក់ចំណេញតែ ១ មុខគត់។
ស្រដៀងគ្នានេះ លោក សេក សុជាតិនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងឌីជីថល ក៏បានគាំទ្រលើសារអំពាវនាវរបស់រដ្ឋមន្ត្រីព័ត៌មានផងដែរ។ លោកថ្លែងថា កម្ពុជាដល់ពេលដែលត្រូវគិតគូរគ្រប់គ្រងលំហូរព័ត៌មាន និងរឹតបន្តឹងចំពោះអ្នកផលិតមាតិកាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ខូចមុខមាត់ជាតិ មិនមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
«កាលណាយើងមានកង្វះខាតលើការគ្រប់គ្រងមាតិកានៅបណ្តាញសង្គម វានឹងធ្វើឱ្យប៉ះពាល់ដល់សង្គមយើងដោយសារតែការមិនខ្វល់ខ្វាយពីសណ្តាប់ធ្នាប់ និងគ្មានគោលការណ៍ត្រឹមត្រូវក្នុងការបង្កើតមាតិកា ដោយខ្វល់តែពីចំណូល។ យើងគួរពន្លឿនការគ្រប់គ្រង ឱ្យស្របតាមការវិវឌ្ឍរបស់បច្ចេកវិទ្យាឌីជីថល»។
លោកថា រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធគួរចាត់វិធានការរឹតបន្តឹងលំហូរព័ត៌មាន និងខ្លឹមសារនៅលើបណ្តាញសង្គមនៅកម្ពុជា ដែលលោកមានសុទិដ្ឋិនិយមខ្ពស់ថា ជាកិច្ចការដែលកម្ពុជាមានសមត្ថភាពអាចចាប់អនុវត្តបាន ដែលអាស្រ័យលើឆន្ទៈប៉ុណ្ណោះ ដើម្បីសុខដុមនីយកម្មសង្គម ជាពិសេសដើម្បីមុខមាត់ជាតិចៀសវាងរងការរិះគន់ពីមតិអន្តរជាតិថា កម្ពុជាអសមត្ថភាពគ្រប់គ្រងលំហូរព័ត៌មានក្នុងសង្គមខ្លួន៕