រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោក ហេង សួរ បានអំពាវនាវទៅកាន់ពលករពលការិនីខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ត្រូវគោរពច្បាប់ និងខិតខំរៀនជំនាញពីកន្លែងការងារ ដើម្បីអាចយកទៅប្រើប្រាស់សម្រាប់ការចិញ្ចឹមជីវិតនៅពេលអនាគត។
លោក ហេង សួរ បានលើកឡើងដូចនេះក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសហគមន៍ខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ២៥០ នាក់ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤។នេះបើយោងតាមហ្វេសប៊ុកលោក ហេង សួរ។
លោកបានបញ្ជាក់ថា៖ «សូមអំពាវនាវទៅដល់ពលករដែលរស់នៅ និងបម្រើការងារ ត្រូវគោរពច្បាប់ ថែរក្សាសុខភាព ខិតខំរៀនជំនាញវិជ្ជាជីវៈ វិលត្រឡប់ពេលចប់អាណត្តិការងារ មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នារក្សាសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបងប្អូនខ្មែរ និងកូរ៉េ»។
ទាក់ទងនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការងារនេះដែរ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ក៏បានរំឭកដល់ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យគោរពច្បាប់ និងបទដ្ឋានគតិយុត្តរបស់ប្រទេសកូរ៉េ សម្របខ្លួនរស់នៅ និងធ្វើការតាមបែបបទរស់នៅ វប្បធម៌ របស់កូរ៉េផងដែរ។
លោកបានប្រាប់បន្ថែមនាថ្ងៃទី ១១ ខែមីនាថា៖ «សូមឱ្យបងប្អូនពលករ រក្សាប្រពៃណីខ្មែរ និងផ្សព្វផ្សាយវប្បធម៌ ដោយភាតរភាព សុខដុមរមនាសង្គម សាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងសង្គម ជាពិសេសសហគមន៍ខ្មែរនៅកូរ៉េ ហើយក្នុងករណីមានតម្រូវការ ឬបញ្ហាអ្វី សូមទំនាក់ទំនងភ្នាក់ងារពលករ ឬអនុព័ន្ធការងារ ឬស្ថានទូតខ្មែរនៅកូរ៉េ»។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានថ្លែងគាំទ្រចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួង ខណៈលោកក៏អំពាវនាវឱ្យពលករកូរ៉េដូចគ្នាដែរនោះ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ និងកុំបង្កើតឱ្យមានជម្លោះ ពិសេសកុំស្ថិតក្រោមឥទ្ធិពលនយោបាយណាមួយផងដែរ។
លោកក៏បានស្នើដែរថា៖ «សូមឱ្យបងប្អូនពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីចៀសឆ្ងាយពីជំងឺជាយថាហេតុ ហើយត្រូវខិតខំរៀនសូត្រចំណេះជំនាញ ដើម្បីមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
ចំណែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានថ្លែងដែរថា កន្លងមកអ្នកដែលមានជំនាញ និងអ្នកដែលមានការអភិវឌ្ឍសមត្ថភាពនៅប្រទេសកូរ៉េ មិនសូវឃើញត្រឡប់មកប្រកបការងារនៅក្នុងប្រទេសវិញនោះទេ។ប៉ុន្តែលោកសង្ឃឹមថា នឹងមានពលករអាចយកចំណេះជំនាញ មកអភិវឌ្ឍការងារនៅប្រទេសកម្ពុជានាពេលខាងមុខ។
ទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យពលករខ្មែរ បើមានឱកាសគួរចាប់រៀនសូត្រនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញខ្លីៗបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនផងដែរ។
ពលករខ្មែរែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ លើជំនាញចម្អិនសាច់ លោក ហ៊ា ម៉េង បានឱ្យដឹងថា លោកបានមកធ្វើការនៅក្នុងរោងចក្រផលិតសាច់នៅប្រទេសកូរ៉េនេះបានជិត ៧ ឆ្នាំហើយ។
លោកបានឱ្យដឹងទៀតថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារគឺល្អ តែលោកបញ្ជាក់ថា ជំនាញដែលលោកបានរៀននៅក្នុងរោងចក្រ វាមិនអាចប្រើបាននៅកម្ពុជាឡើយ ដោយសារកង្វះរោងចក្រ។
លោក ហ៊ា ម៉េង បានបន្តថា៖ «ជំនាញក្នុងរោងចក្រមិនអាចប្រើបាននៅកម្ពុជាទេ តែជំនាញក្រៅពីរោងចក្រអាចប្រើបាននៅខ្មែរ ដូចជា ភាសាកូរ៉េ អាចបង្ហាត់ ឬបើកសាលាកូរ៉េ ហើយជំនាញធ្វើនំ អាចបើកហាងផលិតនំខេក នំបុ័ង នំប៉ាវ ផ្សេងៗ ....។ ចំណែកជំនាញកុំព្យូរទ័រ អគ្គិសនី ជួសជួល គឺអាចយកទៅប្រើនៅខ្មែរបានដែរ»។
បើតាមអ្នកនាំពាក្យក្រសួងការងារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ មានពលករស្នាក់នៅ និងកំពុងធ្វើការនៅប្រទេសកូរ៉េចំនួន ៥០ ៩៧០ នាក់ ក្នុងនោះស្រី មានចំនួន ១២ ៥៣៨ នាក់៕