អាជ្ញាធរឃុំឈ្នួមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ បានជីកប្រឡាយទឹកថ្មី ជាង ២ គីឡូម៉ែត្រ ទៅតភ្ជាប់ជាមួយនឹងប្រឡាយចាស់ឆ្ពោះទៅកាន់ បឹងអភិរក្សរហាលកេះ ស្ថិតនៅសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង) សម្រាប់ឱ្យភ្ញៀវទេសចរ ជិះទូកទស្សនាសត្វស្លាបនៅទីនោះ។
លោកខុង ប៊ុន មេឃុំឈ្នួមានជ័យបានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមីនាថា បច្ចុប្បន្ននៅទីនោះមានប្រឡាយចាស់ ប៉ុន្តែ ពិបាកសម្រាប់ភ្ញៀវទេសចរជិះទូកទៅទស្សនាសត្វស្លាបដោយសារនៅរដូវប្រាំងទឹកបានហូរទៅកាន់បឹងអភិរក្សអស់។ ដូច្នេះ នៅឆ្នាំ២០២៤នេះ អាជ្ញាធរឃុំ ដែលមានលោកជាអ្នកដឹកនាំបានសម្រេច ជីកប្រឡាយថ្មី (ប្រឡាយសិប្បនិម្មិត ) បន្ថែមទៀត ដើម្បីទុកសម្រាប់ភ្ញៀវទេសចរជិះទូកទស្សនាសត្វស្លាប ព្រោះរដូវនេះមានភក់ច្រើនពិបាកក្នុងការធ្វើដំណើរ។
លោក ខុង ប៊ុន បានថ្លែងថា៖ «ទីតាំងដែលយើងជីក គឺផ្តើមចេញពីចំណត ទីស្នាក់ការរបស់សហគមន៍ឆ្ពោះទៅកាន់បឹង។ ការជីកប្រឡាយនេះ ទទួលបានថវិកាពីអង្គការដៃគូ គេឱ្យ ១ ០០០ដុល្លារ និងការរៃអង្គាសពីសប្បុរសជននានា តាមរយៈការអំពាវនាវរបស់ខ្ញុំផ្ទាល់។ តាមគម្រោងនៃការចំណាយនៃការជីកប្រឡាយនេះ ប្រមាណ ២ ៥០០ដុល្លារ»។
បើតាមមេឃុំដដែលថា ចាប់តាំងពីបង្កើតតំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង)នេះមក មិនមានការរៀបចំផ្លូវ និងកែច្នៃសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្ត មើលទេសភាព និងសត្វស្លាបនៅឡើយទេ ប៉ុន្តែទើបនៅឆ្នាំ២០២៤ នេះ លោកបានរៀបចំផ្លូវគោក ប្រមាណ ៣គីឡូម៉ែត្រ និងជីកផ្លូវទឹកថ្មីប្រមាណ ២គីឡូម៉ែត្រថែមទៀត។
លោក ខុង ប៊ុន បញ្ជាក់ទៀតថា សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង) បូករួមទាំងផ្ទៃទឹក និងដីគោកសរុបចំនួន ២៨ហិកតា និងត្រូវបានបែងចែកជា២ គឺតំបន់ជម្រក និងតំបន់អភិរក្សសត្វស្លាប ដែលបច្ចុប្បន្នមានជាង ១០ ប្រភេទសត្វស្លាប រួមមាន៖ចង្កៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុំ មាន់ទឹក ជាដើម។
លោកបានបន្ថែមទៀតថា សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង) បច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យមកលេងកម្សាន្ត និងទស្សនាសត្វស្លាបជាច្រើន ជាពិសេសរៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ ហើយនៅក្រោយការរៀបចំប្រឡាយថ្មីនេះហើយ នឹងកាន់តែទាក់ទាញបន្ថែមទៀត ដែលអាចជួយលើកស្ទួយសេដ្ឋកិច្ចសង្គមមូលដ្ឋានកាន់តែល្អប្រសើរថែមទៀត។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងដែរថា សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង) មានសក្តានុពលខ្ពស់ចំពោះសត្វស្លាបគ្រប់ប្រភេទដែលកំពុងរស់នៅ និងកំពុងចូលរួមទទួលបានការអភិរក្សពីមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនោះ។
លោកបានឱ្យដឹងថា៖«ជារៀងរាល់ថ្ងៃ សត្វស្លាបទាំងនោះ កំពុងតែទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ មកទស្សនាតំបន់នោះ ដោយក្នុងនោះសហគមន៍ក៏បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធស្អាត សម្រាប់បង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរផងដែរ»៕