ភ្នំពេញៈ របាយការណ៍ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញផលិតផលជលផលធម្មជាតិ ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ នេះ សម្រេចបានចំនួន ១៥ តោន ដែលស្មើនឹង ០,១៩ ភាគរយ នៃផែនការ ៨ ០០០ តោន គឺមានការថយចុះដោយសារតែប្រភេទត្រីដែលត្រូវនាំចេញមិនសូវសម្បូរ។
របាយការណ៍ដដែលបានបង្ហាញទៀតថា សរុបក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ នេះ ការនាំចេញការផលនៃផលិតផលជលផលធម្មជាតិ សម្រេចបាន ៣៨២ តោន។
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹនៅថ្ងៃទី ១១ ខែមីនាថា ការនាំចេញផលិតផលជលផល នាដើមឆ្នាំនេះ ថយចុះបន្តិច ដោយសារតែប្រភេទត្រីដែលត្រូវនាំចេញ មិនសូវសម្បូរ និងនៅតូចៗ ខណៈដែលតម្រូវការពីក្រៅប្រទេសក៏មានការថយចុះផងដែរ។
លោកបានបញ្ជាក់ថា៖ «ផលិតផលដែលបាននាំចេញ១៥តោននេះ សុទ្ធតែជាផលិតផលជលផលធម្មជាតិ មិនមែនផលិតផលជលផលក្នុងវិស័យវារីវប្បកម្មនោះទេ។ តាមពិតទៅ ចំពោះទិន្នផលត្រីធម្មជាតិរបស់យើង មិនមានការថយចុះនោះទេ គ្រាន់តែវាសម្បូរតែប្រភេទត្រីតូចៗ ត្រីល្អិតៗ។ ដូច្នេះប្រភេទត្រីធំៗ ដែលល្អសម្រាប់ការនាំចេញមិនទាន់សម្បូរនៅឡើយ។ កាលពីខែមករា យើងមិនទាន់មានការនាំចេញទេ ទើបតែខែកុម្ភៈនេះ យើងនាំចេញបាន ១៥ តោននេះ»។
លោក ពុំ ស៊ីថា បានបន្ថែមថា ចំពោះការនាំចេញផលវារីវប្បកម្មវិញ មិនទាន់មាននៅឡើយទេ ដោយការនាំចេញអាចនឹងមាននៅខែបន្ទាប់ទៀត។
លោក ហេង ម៉េងទី ជំនួយការប្រធានក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation បានឱ្យដឹងថា ចាប់តាំងពីការនាំចេញ ផលិតផលអន្ទង់ស្រែ កំពឹស កាលពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបាននាំចេញ ៨ កុងតឺន័រហើយ ដែលស្មើនឹងប្រមាណជិត ៨ តោន។
លោកបានបន្ថែមថា ក្នុងចំណោមនេះ ការនាំចេញកំពឹសធម្មជាតិ គឺមានបរិមាណច្រើនជាងគេ ដែលមានប្រមាណជាង៥តោន ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនតាមរយៈការជ្រោមជ្រែងពីរដ្ឋបាលជលផល កំពុងស្នើសុំការអនុញ្ញាតពីអគ្គរដ្ឋបាលគយចិន ដើម្បីនាំចូលផលិតផលជលផលមួយចំនួនទៀតទៅកាន់ប្រទេសចិន។
លោកបានបញ្ជាក់ថា៖«ការនាំចេញរបស់យើងប្រមាណ៨តោននេះ គឺមិនមានឧបសគ្គអ្វីនោះទេ ហើយផលិតផលដែលយើងបន្តស្នើសុំខាងគយចិន ដើម្បីនាំទៅចិនបន្ថែមទៀត ក្រៅពីអន្ទង់ ខ្យងនិងកំពឹសនោះគឺប្រភេទត្រីទឹកសាប ដូចជាត្រីឆ្លាំង ត្រីស្លាត ត្រីប្រមា ជាដើម»។
លោកបញ្ជាក់ថា៖ «យើងបានសុំគេ៣ទៅ ៤ ខែមកហើយ តែមិនទាន់ឃើញការបើកភ្លើងខៀវពីខាងគយចិនសោះ ខណៈដែលខាងរដ្ឋបាលជលផលក៏បានជួយជំរុញ, ខាងអ្នកបញ្ជាទិញរបស់យើងនៅចិនក៏ជួយ តែមិនទាន់មានចម្លើយនៅឡើយ។ យើងកំពុងតែចាំគេឆ្លើយតប ដោយយើងបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការនាំចេញផលិតផលជលផលបន្ថែមទៀតនេះ»។
បើតាមរដ្ឋបាលជលផល នៅដើមឆ្នាំ ២០២៤ នេះ ការនេសាទទឹកសាបសម្រេចបានជាង ២០ ពាន់តោន ក្នុងនោះការនេសាទគ្រួសារក្នុងដែននេសាទសម្រេចបានជាង ១៨ ពាន់តោន ខណៈដែលការនេសាទគ្រួសារ ក្នុងវាលស្រែសម្រេចបាន ជាង ៥០០ តោន។ ដោយឡែកការនេសាទសមុទ្រវិញ សម្រេចបានជាង ១៦ ពាន់តោន និងការធ្វើវារីវប្បកម្មសម្រេចបានជាង ២៦ ពាន់តោន៕