ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ជួយពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីមានឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។
លោកបានថ្លែងបែបនេះក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍន៍អន្តរជាតិនានាបានចូលរួមកាលពីថ្ងៃទី១១ ខែមីនា។ នេះបើយោងតាមការប្រកាសពីក្រសួងការងារ ។
លោក ហេង សួរ បានលើកឡើងថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែននិងសម្របសម្រួលខ្ពស់។ ដូច្នេះហើយការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យទទួលយកកម្លាំងពលកម្មជនមានពិការភាពចំនួន ១% សម្រាប់វិស័យឯកជន និងចំនួន ២% សម្រាប់វិស័យរដ្ឋ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសការងារកាន់តែច្រើនសម្រាប់ពួកគាត់»។
ទន្ទឹមនេះ ដើម្បីបន្តលើកកម្ពស់ និងជំរុញការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសង្គម និងទទួលបានការបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកទេស លោកថា ក្រសួងការងារ បានណែនាំឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ជម្រាលធ្វើដំណើរ និងថ្នាក់រៀនដែលអាចផ្តល់ភាពងាយស្រួលដល់ជនមានពិការភាពដើម្បីអាចទទួលបានជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងការត្រៀមខ្លួនសម្រាប់ឱកាសការងារនាពេលបច្ចុប្បន្ន។
បើតាមលោក ហេង សួរ ទោះបីយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ បានប្តេជ្ញា និងបានដាក់ចេញជាសកម្មភាពអាទិភាពក្នុងការជំរុញឱ្យជនមានពិការភាពអាចទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ដល់ការចូលរួមក្នុងសង្គមដែលសុទ្ធសឹងតែជាកោសិកាសង្គមដែលមិនអាចខ្វះបាន។
លោកបន្ថែមថា៖ «ជាមួយនឹងការប្ដេជ្ញាទាំងនេះ យើងក៏សូមលើកទឹកចិត្ត និងជំរុញឱ្យវិស័យឯកជនដូចជា រោងចក្រ សហគ្រាស បន្តខិតខំទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ និងបង្កលទ្ធភាពងាយស្រួលបន្ថែមទៀតដល់ជនមានពិការភាពអាចធ្វើការងារដោយរលូន»។
ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់លើជនមានពិការភាព ដោយបច្ចុប្បន្ននេះ ក្រសួងទាំង២បាននិងកំពុងបង្កើតឱ្យមានក្រុមការងាររបស់ខ្លួនសម្រាប់ជួយដោះស្រាយបញ្ហាជូនជនមានពិការភាព។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារសកម្មភាពជនពិការ ដែលក្រុមការងារនេះមានតួនាទីក្នុងការលើកកម្ពស់ស្ថានភាពមន្ត្រីរាជការដែលមានពិការភាពស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រីរាជការដែលជាជនមានពិការភាព ទទួលបានឱកាសបណ្ដុះបណ្ដាលសមត្ថភាព និងឱ្យជនដែលមានពិការភាពដទៃទៀត មានលទ្ធភាពក្នុងការទទួលបានឱកាសក្លាយជាមន្ត្រីរបស់ក្រសួងមហាផ្ទៃបានផងដែរ។
លោកថា៖ «បច្ចុប្បននេះ ក្រសួងមានមន្ត្រីរាជការដែលជាជនមានពិការភាពប្រមាណ ០,៩៣% បើធៀបជាមួយមន្ត្រីទាំងអស់របស់ក្រសួង ខណៈជាគោលដៅខាងមុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង់ឱ្យមានជនដែលមានពិការភាព ចូលបម្រើការងារនៅក្រសួងឱ្យបានកើនឡើងជាង ១%»។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច បាននិងកំពុងអនុវត្តកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងជនមានពិការភាព ឱ្យបានចំនួនសរុប ៣១៨ ៤៧៣នាក់ (ស្រីចំនួន ១៥៥ ៤១០នាក់) ហើយក្នុងនោះក្រសួង បានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួន ២៥៤ ៤១៩នាក់។
ចំពោះការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពនេះ គឺជួយឱ្យជនមានពិការភាពទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកញ្ចប់ជំនួយសង្គម និងប្រព័ន្ធគាំពារសង្គមរួមមាន៖ សេវាសុខភាព សេវាអប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ និងកិច្ចអន្តរាគមន៍នានាជាច្រើនទៀតដោយមិនគិតថ្លៃ និងប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ៕