ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យសប្បុរសជនចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។
ការប្រកាសបែបនេះ ធ្វើឡើងតាមរយៈលិខិតអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនាថា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះរួមមាន៖កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ក៏ដូចជាអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ»។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ជាធម្មតាកងទ័ពដែលឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃក្ដី និងរវាងកម្ពុជា និងវៀតណាម ឬក៏រវាងកម្ពុជានិងឡាវ គឺកងទ័ពទាំងនោះសុទ្ធតែមានប្រាក់ខែ និងរបបគាំពារពីសង្គម។
ក៏ប៉ុន្តែរាល់ពេលដែលមានបុណ្យជាតិធំៗម្តងៗ លោកតែងតែឃើញមានអាជ្ញាធរថ្នាក់កណ្ដាល ឬក៏ថ្នាក់មធ្យម ក៏ដូចជាអ្នកដែលមានធនធាន បានចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពនាឱកាសមានបុណ្យជាតិទាំងនោះផងដែរ។
ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ទាំងអាជ្ញាធរ ក៏ដូចជាអ្នកមានធនធាន ក៏បាននាំយកនូវអំណោយជាថវិកា ស្បៀងអាហារ និងរួមទាំងសម្ភារផ្សេងៗ ដើម្បីយកទៅផ្ដល់ជូនកងទ័ពដែលកំពុងបំពេញតួនាទីការពារទឹកដី។
លោក ឈត ប៊ុនថង បានថ្លែងថា៖ «ចំពោះការអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគនេះ គឺជាការចង់បង្ហាញឱ្យឃើញនូវទឹកចិត្តស្រឡាញ់កងទ័ព ឬទឹកចិត្តកតញ្ញូចំពោះបងប្អូនកងទ័ព និងគ្រួសារបងប្អូនកងទ័ពដែលគាត់ស្ម័គ្រចិត្តទទួលយកការងារ ឬអម្រែកមួយដែលការពារប្រទេសជូនយើងនៅខាងក្នុងហ្នឹងហើយដែលធ្វើឱ្យយើងអាចរៀនសូត្រ ប្រកបមុខរបរ និងដើរលេងកម្សាន្តបានដោយសារបងប្អូនកងទ័ពយើងនៅការពារព្រំដែន»។
ជាមួយគ្នានេះ ការចូលរួមរបស់សប្បុរសជនក្នុងការជួយគាំទ្រ និងឧបត្ថម្ភជូនកងទ័ព ទោះបីជាចំនួនតិចក្ដី ច្រើនក្ដី គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា មនុស្សគ្រប់គ្នា គឺសុទ្ធតែស្រឡាញ់ និងឱ្យតម្លៃដល់កងទ័ពនៅតាមសមរភូមិដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីឱ្យកងទ័ពទាំងនោះកាន់តែមានទឹកចិត្ត ហ៊ានលះបង់ពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការការពារទឹកដី៕