ព្រះសីហនុៈ រដ្ឋបាលស្រុកកំពង់សីលា បានហាមប្រជាពលរដ្ឋមិនឱ្យបរិភោគត្រីក្នុងស្ទឹងកំពង់សីលា ក្រោយពីមានត្រីងាប់ដោយសារការលេចធ្លាយកាកសំណល់រោងចក្រវេចខ្ចប់ផ្លែស្វាយ ខណៈមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត បានចុះប្រមូលសំណាក និងកំពុងស្រាវជ្រាវរកមូលហេតុករណីត្រីងាប់ក្នុងស្ទឹងនេះ។
ការហាមមិនឱ្យប្រជាពលរដ្ឋបរិភោគត្រីក្នុងស្ទឹងកំពង់សីលានេះ គឺធ្វើឡើងតាមរយៈសេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកកំពង់សីលា ដែលបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីត្រីជាច្រើនបានងាប់នៅក្នុងទឹកស្ទឹងនេះត្រង់ចំណុចក្រាំងអាត់ចាស់ ស្ថិតនៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា កាលពីសប្តាហ៍មុន។
រដ្ឋបាលស្រុក បានចាត់ក្រុមការងារចុះទៅពិនិត្យ តាមដាន រកប្រភពដែលបណ្ដាលឱ្យត្រីជាច្រើនបានងាប់នេះបន្ទាប់មកក៏ឃើញមានការលេចជ្រាបទឹកចេញពីក្នុងអាងស្ដុកកាកសំណល់របស់រោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បានហូរចូលទៅក្នុងទឹកស្ទឹងកំពង់សីលា។
បន្ទាប់ពីរកឃើញថា មានកាកសំណល់រោងចក្របានហូរចូលទឹកស្ទឹងហើយ ខាងអាជ្ញាធរស្រុកកំពង់សីលា បានសហការជាមួយកម្លាំងនរគបាលស្រុកស្នើសុំកម្លាំងអន្តរាគមន៍ពីខាងក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ចុះពិនិត្យ និងស្រាវជ្រាវ ក៏ដូចជាប្រមូលសំណាកពីទីតាំងស្ទឹងកំពង់សីលានេះផងដែរ។
រដ្ឋបាលស្រុកកំពង់សីលាបញ្ជាក់ថា ៖ «ដើម្បីចៀសវាងនូវផលប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋ សាធារណជន ដែលរស់នៅជុំវិញស្ទឹងកំពង់សីលា ផ្អាកការបរិភោគត្រី ដោយរង់ចាំលទ្ធផលពីមន្ត្រីជំនាញមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក៏ដូចជាមន្ទីរកសិកម្ម ហើយរដ្ឋបាលស្រុក យកសំណាកទឹកស្ទឹង និងត្រីដែលងាប់យកទៅពិសោធលម្អិតអំពីស្ថានភាពបន្តទៀត»។
បើតាមរដ្ឋបាលស្រុកកំពង់សីលា ក្រៅពីការប្រមូលសំណាកយកទៅពិសោធហើយ ក្រុមការងារក្រសួង និងមន្ទីរពាក់ព័ន្ធ ក៏បានចាត់វិធានការចំពោះមុខមួយចំនួនដោយឱ្យរោងចក្រត្រូវបញ្ឈប់ការចាក់ចោលសំណល់ (សម្បកនិងគ្រាប់ស្វាយ) ទៅក្នុងរណ្ដៅស្តុកសំណល់ជាបន្ទាន់ និងត្រូវយកកាកសំណល់ទាំងនោះទៅចោលនៅទីលានចាក់សំរាម។ ត្រូវវេចខ្ចប់ផ្លែស្វាយ រៀបចំទំនប់ព័ទ្ធជុំវិញស្រះស្តុកសំណល់ឱ្យមានភាពរឹងមាំ ដើម្បីការពារកុំឱ្យមានការលេចធ្លាយ ឬបាក់នៅរដូវភ្លៀង។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបដិសេធឆ្លើយតបសំណួរពីលទ្ធផលនៃការពិសោធសំណាកទាំងនោះ ដោយថ្លែងថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនអាចបកស្រាយបានឡើយ។ ចំណែកលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មិនអាចទាក់ទងបានឡើយ។
ចំណែកលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏មិនធ្វើអត្ថាធិប្បាយដែរ ដោយប្រាប់ឱ្យរង់ចាំសិន ខណៈទាំងក្រសួង និងអាជ្ញាធរខេត្ត កំពុងរង់ចាំការរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន៕