ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ព្រមទាំងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០ភាគរយ នៅឆ្នាំ២០៣០។
លោករដ្ឋមន្រ្តីបានប្តេជ្ញាចិត្តដូចនេះក្នុងឱកាសលោកចូលរួមវេទិកាពិភពលោក ស្តីពីសំណង់អគារ និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និងក្រសួងបរិស្ថាននៃប្រទេសបារាំង ធ្វើឡើងកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
លោក អ៊ាង សុផល្លែត បានថ្លែងនាវេទិកាពិភពលោកនេះថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់ និងសម្រេចបានតាមរយៈផែនការសកម្មភាពដូចជា ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ, ការអភិវឌ្ឍស្តង់ដាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
នៅមានផែនការសកម្មភាពផ្សេងទៀតដូចជា ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់សង់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសំបែង និងការផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន»។
កម្ពុជាទទួលស្គាល់សារៈសំខាន់នៃសេចក្តីប្រកាស DE CHAILLOT ហើយកំពុងទទួលបានការអនុម័តជាផ្លូវការ តាមរយៈក្រសួងការបរទេសនៃប្រទេសនានា ដើម្បីរួមគ្នាកសាងកេរដំណែល និងសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក អ៊ាង សុផល្លែត។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ជាថ្មីផងដែរថា កម្ពុជាប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកើនឡើងដល់៧០ភាគរយ នៅឆ្នាំ២០៣០ ដោយប្រទេសកម្ពុជា បានបង្កើត និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
បន្ទាប់ពីសន្និសីទ COP28 កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០ភាគរយ នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។
ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាបង្កើនភាពបៃតង ដោយដាំដើមឈើឱ្យបានជាង ១លានដើមក្នុង ១ឆ្នាំ ដើម្បីសម្រេចបានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។
លើសពីនេះ លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖«យើងបានចាប់ផ្តើមយុទ្ធនាការសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់បរិស្ថាននៃសំណង់អគារ ក្នុងនោះការលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងអត្ថប្រយោជន៍នៃការទទួលយកស្តង់ដាអគារបៃតងជាដើម»។
លោក ស៊ីម បូវិសាល មន្រ្តីគម្រោងរបស់ក្រសួងបរិស្ថាន និងជាអតីតទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានថ្លែងនៅថ្ងៃទី១១ ខែមីនាថា ការសាងសង់អគារបៃតង គឺមានការចំណាយច្រើនជាងការសាងសង់អគារធម្មតា ប៉ុន្តែគុណសម្បត្តិនៃអគារបៃតងគឺមានច្រើនលើសលប់ ហើយម្ចាស់អគារនឹងទទួលបានផលចំណេញខ្ពស់ពីប្រតិបត្តិការនៅក្នុងអគារ។
លោកបានជំរុញឱ្យវិនិយោគិន ឬអ្នកសាងសង់អគារក្រោយៗគួរគិតគូរឱ្យបានច្រើនលើសំណង់អគារ ដោយគួរគិតចាប់តាំងពីដំណាក់កាលសាងសង់ ការប្រើប្រាស់ (រស់នៅ) និងវាយកម្ទេចចោល។
លោកបានបញ្ជាក់ថា៖«អគារដែលសាងសង់នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មិនថានៅទីប្រជុំជន ឬនៅតាមខេត្តនោះទេយើងមិនទាន់បានគិតឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ អគារខ្លះ បានសាងសង់ដោយគិតពីសុខភាព និងសុមាលភាពនៃការរស់នៅហើយ ប៉ុន្តែមិនទាន់គិតពីនិរន្តភាពនៃអគារចំពោះបរិស្ថាននៅឡើយទេ»។
បើតាមក្រសួងបរិស្ថាន សព្វថ្ងៃនេះ កម្ពុជាបាននិងកំពុងដោះស្រាយផលប៉ះពាល់បរិស្ថាននៃវិស័យសំណង់ និងការប្រែប្រួលអាកាសធាតុ។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ កម្ពុជាបានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើសសរស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព សំដៅលើការធានាភាពស្អាត និងធ្វើឱ្យកម្ពុជាបៃតង នៅជុំវិញលំនៅដ្ឋាន ជាពិសេសក្នុងឧស្សាហកម្ម និងសហគ្រាសសំណង់នានា និងការគ្រប់គ្រងកាកសំណល់ឱ្យត្រឹមត្រូវផងដែរ៕