​ភ្នំពេញៈ លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារីបាន​ថ្លែងថា ប្រទេស​កម្ពុជា ទទួលបាន​ការដាក់​ចំណាត់​​ថ្នាក់​ខ្ពស់បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក ដែលមាន​សេរីភាព​សម្រាប់​ស្ត្រី ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម និង​ធុរកិច្ច ខណៈ​ដែលមាន​ស្ត្រី​ប្រមាណ ​៧០​ ​ភាគរយ ជា​អ្នក​​តំណាង​អង្គភាព​សេដ្ឋកិច្ច​សរុប នៅ​កម្ពុជា​។​

​លោកស្រី​បាន​ថ្លែង​ដូចនេះ នា​ពិធី​អបអរសាទរ ខួប​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨ ​មីនា ឆ្នាំ​ ២០២៤ ក្រោម​មូល​បទ «​ស្ត្រី និង​ក្មេងស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល​» នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​១០ ខែមីនា ឆ្នាំ ​២០២៤ ដោយ​លោកស្រី​បាន​បន្ថែមថា ស្ត្រី បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុងការ​លើកកម្ពស់​ស្ថានភាព​ជីវភាព​គ្រួសារ និង​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​កម្ពុជា​។​

​លោកស្រី អ៊ឹ​ង កន្ថាផាវី បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ យើង​បានឃើញ​មាន​វត្តមាន​ស្ត្រី ជា​ម្ចាស់​អាជីវកម្ម​,​ម្ចាស់​ក្រុមហ៊ុន​ម្ចាស់​សហគ្រាស ឬក៏​មានមុខ​របរ​ផ្ទាល់ខ្លួន​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​។ យើង​មាន​មោទនភាព ដែល​ស្ត្រី​យើង គាត់​មាន​សមត្ថ​​ភាព និង​បន្ត​បង្កើន​សមត្ថភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុងការ​​រួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​»​។​

​លោកស្រី​បាន​បន្ថែមថា ទន្ទឹមនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​ការចូលរួម​របស់​ស្ត្រី​ក្នុងសង្គម​មាន​ភាពល្អប្រសើ​រ ផ្នែក​ស្ថានភាព​សុខុមាលភាព​វិញ​ក៏មាន​ភាពប្រសើរ​ឡើងជា​បន្ត​​បន្ទាប់​ផងដែរ​ដោយ​ក្នុងនោះ​អត្រា​មរណភាព​មាតា អត្រា​មរណភាព​របស់​ទារក និង​អត្រា​មរណភាព​របស់​កុមារ អាយុ​ក្រោម​ ៥ ​ឆ្នាំ មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​។

​លោកស្រី​ថា​៖ «​នៅ​ឆ្នាំ​ ២០២២ អត្រា​មរណភាព​មាតា ថយ​ចុះមក​ត្រឹម ១៥៤ ក្នុង​ ១០ ​ម៉ឺន​កំណើត​រស់ និង​ចំពោះ​ទារក​ថយចុះ​មក ត្រឹម​ ១២ ​នាក់ ក្នុងចំណោម​ ១ ០០០​ កំណើត​រស់ ខណៈ​កុមារ​ក្រោម​ ៥​ ឆ្នាំ​ចុះមក​ត្រឹម ១៦ ​នាក់ ​ក្នុងចំណោម​ ១ ០០០​ កំណើត​រស់​។ ជាមួយគ្នា​នោះ តាមរយៈ​ការអនុវត្ត​កម្ម​វិធី​ជាតិ​គាំពារ​សង្គម ស្ត្រី​បានទទួល​អត្ថប្រយោជន៍ ជា​បន្ត​បន្ទាប់ ជាពិសេស​សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​»​។​

​លោកស្រី កែវ មុំ ប្រធាន​​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​មាន​ភាព​អង់អាច​ណាស់ ក្នុងការ​ឈាន​ជើង​ប្រឡូក​នៅក្នុង​វិស័យ​ធុរកិច្ច ដោយ​សមាជិក​ជា​ស្ត្រី​របស់​សមាគម​បន្ត​មាន​កំណើន​ជា​បន្តបន្ទាប់ គួរ​ជាទី​មោទនៈ​។​

​លោកស្រីបាន​បន្ថែមថា ទិវា​​អន្តរជាតិ​នារី ៨ ​មីនា មិន​គ្រាន់​តែ​ជា​ទិវា​បង្ហាញ​ពី​សិទ្ធិ​របស់​នារី​ទេ តែ​វា​ថែមទាំង​បង្ហាញ នារី​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទ្រទ្រង់​អា​ជីវ​កម្ម​មួយ​ដោយ​ខ្លួនឯង និង​ទទួលបាន​ជោគជ័យ​។​

​លោកស្រីបានបញ្ជាក់​ទៀតថា​៖ «​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សមាគម ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ឃើញថា ស្ត្រី​ខ្មែរ​យើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ជាពិសេស​ការបើក​អាជីវ​​កម្ម​មួយ​ដោយ​ខ្លួនឯង​។ ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា លើក​ទី​៤ ឆ្នាំ​ ២០២៣ ជា​តឹកតាង​បង្ហាញ​ច្បាស់​ថា ស្ត្រី​ត្រូវបាន​គោរព និង​ឱ្យ​តម្លៃ ដែលជា​ចំណែក​មួយ​មិនអាច​ខ្វះ​បាន​ក្នុង​សហ​​គ្រិន​ភាព​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោកស្រី កែវ មុំ ថា ស្ត្រី​នៅតែមាន​បញ្ហា​ប្រឈម ក្នុង​វិស័យនេះ​។ លោកស្រី​បាន​បញ្ជាក់ថា​៖«​យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹងហើយថា ក្នុងចំណោម​សហ​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ប្រមាណ​ជាង ៦៥ ​ភាគរយ គឺមាន​ម្ចាស់​ជា​ស្ត្រី ដែល​ក្នុងនោះ ៩០ ​ភាគរយ​ត្រូវបាន​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ស្ត្រី តែ​ពួកយើង​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​នៅឡើយ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម​។​

​លោកស្រី កែវ មុំ បាន​បន្តទៀតថា​៖ «​ដូច្នេះ​យើង​ស្នើឱ្យ​មានការ​យកចិត្តទុកដាក់​បន្ថែមទៀត​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯក​​ជន វិនិយោគិន និង​ផ្នែក​ពាក់​ព័ន្ធ​នានា ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ស្ត្រី​កម្ពុជា​យើង​»​។​

​ទិវា​សហគ្រិន​ស្ត្រី ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​សកល​ដើម្បី​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​យុវតី​ឱ្យ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច តាម​​រយៈ​ការកសាង​បណ្តាញ​អ្នក​ដឹកនាំ​ស្ត្រី អ្នក​ច្នៃប្រឌិត និង​សហគ្រិន ដើម្បី​ផ្តួចផ្តើម​អាជីវ​កម្ម ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ពង្រីក​សហគមន៍​អាជីវកម្ម​ជុំវិញ​ពិភពលោក​។​

​ដោយឡែក ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដ៏​មហិច្ឆតា​នេះ ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា បាន​បង្កើត និង​ជំរុញ​បណ្តាញ​សំខាន់ៗ​ជា​បុគ្គល និង​អាជីវ​កម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី​កម្ពុជា ដើម្បី​បានដឹង​ពី​សក្តា​នុ​ពល​ពេញលេញ​របស់​ស្ត្រី និង​ការផ្លាស់ប្តូរ​ពិភពលោក​។​

​រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃ​រដ្ឋសភា បាន​បន្ត​កំណត់​ការ​​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេងស្រី នៅ​គ្រប់​វិស័យ ជា​អាទិភាព​ក្នុង​របៀប​​វារៈ​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី១ តាមរយៈ​ការពង្រឹង​ភាពជា​ពលរដ្ឋ ក្នុងសង្គម ដែលមាន​អរិយ​​ធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន ដែល​ក្នុងនោះ «​ស្ត្រី គឺជា​ស្នូល​»៕