ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបណ្តុះទម្លាប់អានសៀវភៅដើម្បីក្លាយជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ខណៈការអានគឺជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នានិងជួយឱ្យយើងអាចស្វែងរកគំនិតថ្មីៗទាំងចំណេះដឹង និងចំណេះធ្វើពេញ ១ ជីវិត។
ថ្លែងក្នុងទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ«អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» នៅថ្ងៃទី ១១ ខែមីនា លោកបានលើកឡើងថា ដើម្បីញ៉ាំងឱ្យគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានភាពសម្បូរសប្បាយ និងចម្រើនរុងរឿងជាលំដាប់ ការអានសៀវភៅគឺជាការរួមចំណែកដ៏សំខាន់។
លោកបានថ្លែងថា៖ «តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបណ្តុះវប្បធម៌អានសៀវភៅនឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយស្ត្រេស ហើយអានច្រើនកាន់តែក្មេងឡើង ចេះគិតពិចារណាឱ្យបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើតភាពច្នៃប្រឌិត និងទទួលបានគំនិតល្អៗទាន់សម័យកាល ប្រើប្រាស់ប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅគំនិតពុទ្ធិដ៏សម្បូរបែប»។
លោករដ្ឋមន្ត្រីបានបន្តថា៖ «ប្រសិនបើយើងចូលនិវត្តន៍ ហើយលែងធ្វើការ ដូច្នេះខួរក្បាលយើងនឹងលែងដំណើរការអសកម្ម និងអាចធ្វើឱ្យកោសិកាយើងស្លាប់ អ៊ីចឹងហើយបានជាការអាន ជួយបណ្តុះនូវកោសិកាថ្មីធ្វើឱ្យខួរក្បាលកាន់តែដំណើរការល្អ ដូច្នេះហើយទើបការអានកាន់តែច្រើននឹងធ្វើឱ្យយើងកាន់តែក្មេង»។
លោក ហង់ជួន ណារ៉ុន បានបន្ថែមថា ការរៀបចំទិវាជាតិអំណានលើកទី៩ នៅឆ្នាំនេះ ក៏ជាឱកាសផ្ទេរចំណេះដឹងទៅក្មេងជំនាន់ក្រោយដើម្បីឱ្យយុវជនជំនាន់ក្រោយមានការប្តេជ្ញាចិត្តបន្តការសិក្សាស្រាវជ្រាវ ក៏ដូចជាក្លាយជាអ្នកបន្តវេនលើជំនាញតែងនិពន្ធបន្ថែមទៀត។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានគាំទ្រចំពោះការរៀបចំទិវាជាតិអំណានរបស់ក្រសួងអប់រំនេះ ជាពិសេសការជំរុញឱ្យមានការបញ្ចេញមតិយោបល់ ចែករំលែកទាក់ទងនឹងអំណាន ដើម្បីជំរុញការអប់រំផ្នែកអំណាននៅកម្ពុជា។
លោកបានប្រាប់ថា៖ «បច្ចុប្បន្នវិស័យអំណាននៅកម្ពុជាគឺមិនអន់ទេ ដំណើរការជាបណ្តើរៗហើយ ដោយសារតែក្រសួងអប់រំ អង្គការដៃគូ និងស្ថាប័នអប់រំនានា បានយកចិត្តទុកដាក់ច្រើនលើវិស័យនេះ។ ប៉ុន្តែទោះជាបែបនេះក្តី ខ្ញុំនៅតែទទូចឱ្យបន្តពង្រឹងបន្ថែម ពិសេសជួយទៅដល់សិស្សដែលស្ថិតនៅតំបន់ដាច់ស្រយាលទីជនបទដែលជួបការលំបាកដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពឱ្យពួកគេបានយល់ដឹងពីវិស័យអំណានឱ្យកាន់តែទូលាយ»។
សូមរំឭកថា នៅក្នុងទិវាជាតិអំណានជាតិកាលឆ្នាំ ២០២៣ បានធ្វើឡើងក្រោមប្រធានបទ៖ «អំណានជាមាគ៌ាឆ្ពោះទៅបដិវត្តន៍កម្មវិស័យអប់រំ» មានអ្នកចូលរួមប្រមាណជាង ៣ ម៉ឺននាក់។ ដោយឡែកសម្រាប់ទិវាជាតិអំណានឆ្នាំ ២០២៤ នេះធ្វើឡើងក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»ដែលតាមរយៈទិវានេះក្រសួងអប់រំរំពឹងថា នឹងមានអ្នកចូលរួមដ៏ច្រើនកុះករមិនចាញ់ឆ្នាំមុនៗឡើយ៕