ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនគួរឱ្យកត់សម្គាល់។
លោកបានថ្លែងដូចនេះ នាថ្ងៃទី ១១ ខែមីនា ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលនិងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១ ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍតាមរយៈការអនុវត្តគោលនយោបាយឌីជីថល»។
ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នេះ រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ក៏ដូចជាក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍របស់កម្ពុជា ដែលមានរយៈពេល ៣ ថ្ងៃ។
លោកបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើជីឌីថលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់»។ ជាក់ស្ដែងការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ ដងនៃ GDP។ ចំណែកចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័តបានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាបន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបានអត្តសញ្ញាណ និងវប្បធម៌ជាតិ។
នៅក្នុងក្របខ័ណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ឆ្នាំ ២០២៥ និងយុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២-២០២៥ របស់ UN។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថា នឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារត្រឹមឆ្នាំ ២០៣០»។
នាពិធីបើក «វេទិការដ្ឋាភិបាលឌីជីថល» លើកទី១ ឆ្នាំ ២០២៤ នេះលោកហ៊ុន ម៉ាណែត ក៏បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ ផងដែរ។ ក្នុងនោះរួមមាន៖ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ, អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិ្តការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ និងអនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងក្នុងពិធីនោះដែរថា វេទិកា និងពិព័រណ៍នេះធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍នៃការធ្វើបដិវត្តកម្មឌីជីថល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញឌីជីថលក្នុងតំបន់ក៏ដូចជាបង្ហាញសមិទ្ធផលនៃបដិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា។
លោកថ្លែងថា៖ «បច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជា ការអប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
លោករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងជំរុញការស្រាវជ្រាវអភិវឌ្ឍន៍នវានុវត្តន៍ឌីជីថល ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗដូចជា វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗកម្មវិធីមនុស្សយន្ត រួមនឹងកម្មវិធីផ្សេងៗទៀត ដោយសហការជាមួយនឹងតួអង្គទាំងអស់។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា៖ «នៅក្នុងពេលដំណើរការនៃការធ្វើបដិវត្តកម្មឌីជីថលកាន់តែមានសម្ទុះទៅមុខ បញ្ហាសន្តិសុខ Cyber គឺជាអាទិភាពថ្មីដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះ ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខ Cyber យន្តការគ្រប់គ្រង និងអង្គភាពអនុវត្តនៅក្នុងពេលខាងមុខដ៏ឆាប់នេះដើម្បីការពាររឹងមាំ និងធន់នឹងការវាយប្រហារ»។
ជាមួយគ្នានោះដែរលោកក៏បានបញ្ជាក់ដែរថា ក្រសួងទូរគមនាគមន៍ក៏បានសហការជាមួយនឹងក្រសួងអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាដើម្បីជំរុញការបណ្តុះ-បណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឱ្យបានយ៉ាងតិច ១០ ម៉ឺននាក់ក្នុងរយៈពេល ១០ ឆ្នាំ។
ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះចែកចេញជា ២ ផ្នែក ក្នុងនោះរួមមាន ផ្នែករដ្ឋាភិបាលឌីជីថលដែលមានការរៀបចំពិភាក្សាលើប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិ និងផ្នែកទី២ ជាផ្នែកពិព័រណ៍ឌីជីថលដែលមានតាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលឌីជីថលសម្រាប់រដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថលដោយក្រសួងស្ថាប័ន និងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិចំនួន ១២០ ស្ថាប័ន និងក្រុមហ៊ុន៕