ភ្នំពេញៈ កម្ពុជាបានស្នើដល់សហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការជួយលើវិស័យឧតុនិយម ជាពិសេសលើការព្យាករអាកាសធាតុ និងប្រព័ន្ធផ្តល់ដំណឹងប្រុងប្រយ័ត្នជាមុនដល់ប្រជាពលរដ្ឋងាយរងហានិភ័យ ដើម្បីកាត់បន្ថយការរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយការបង់ខាតសេដ្ឋកិច្ច។
ការស្នើនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោកថា ជេដ្ឋានិងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
នៅក្នុងជំនួបនោះ លោក ថោ ជេដ្ឋា បានលើកឡើងថា សហរដ្ឋអាមេរិកតែងតែផ្តល់ជំនួយដល់កម្ពុជាលើការកសាងនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងនោះក៏មានវិស័យធនធានទឹកដែលជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងធនធានទឹក។
លោក ថោ ជេដ្ឋា បានបញ្ជាក់ថា៖ «ក្រសួងធនធានទឹក នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផលនិងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិកលើកិច្ចការរបស់ក្រសួងធនធានទឹកចំពោះវិស័យឧតុនិយមលើការព្យាករអាកាសធាតុ និងប្រព័ន្ធផ្តល់ដំណឹងដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យមានការប្រុងប្រៀបជាមុនពីហានិភ័យបង្កឡើងពីគ្រោះមន្តរាយធម្មជាតិ ដែលអាចកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ច ព្រមទាំងសុំជំនួយលើការបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ។
បើតាមក្រសួងធនធានទឹក ជុំវិញសំណើនេះ លោក W.Patrick Murphy បានទទួលយកដោយលោកថានឹងយក ទៅពិភាក្សាបន្ថែម។
លោកបានបន្ថែមថា៖ «ការពង្រឹងពង្រីកចំណងមិត្តភាពនិងភាពជាដៃគូសំដៅធ្វើឱ្យកម្ពុជាសម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីធនធានទឹកបានឱ្យដឹងបន្ថែមថា សំណើរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹកដល់សហរដ្ឋអាមេរិកនេះគឺផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសរបស់ក្រសួងដែលនៅមានភាពខ្វះខាតក្នុងផ្នែកឧតុនិយម និងការព្យាករអាកាសធាតុ។
លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះ នៅកម្ពុជាយើងមានបញ្ហាប្រឈមដែលសមត្ថភាពមន្ត្រីយើងនៅមានកម្រិតចំពោះវិស័យឧតុនិយមដែលជាវិស័យមួយដែលសំខាន់ផងនោះ»។
លោក ជីវ ស៊ុនហេង បានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹកមិនទាន់មានកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះឡើយ ដែលកន្លងមកមានត្រឹមកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងដៃគូអន្តរជាតិគឺក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC)។
ទោះជាយ៉ាងណា លោកថា ក្រសួងធនធានទឹកតាមរយៈរដ្ឋមន្ត្រីបានដាក់សំណើលើកិច្ចសហប្រតិបត្តិការដោយផ្ទាល់ទ្វេភាគីនៅថ្ងៃខាងមុខ ជាមួយសហរដ្ឋអាមេរិក តួយ៉ាងយន្តការជាមួយទន្លេមីស៊ីស៊ីពី (Mississippi) របស់សហរដ្ឋអាមេរិកតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាលើការគ្រប់គ្រងធនធានទឹកនិងឧតុនិយមជាដើម៕