ភ្នំពេញៈ មន្ត្រីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអះអាងថា សម្រាប់ទិសដៅអនុវត្តការងារសំខាន់ៗក្នុងឆ្នាំនេះ ប.ស.ស.នឹងបន្តពង្រីកការផ្សព្វផ្សាយពីផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តឱ្យកាន់តែទូលាយដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាលភាពពលរដ្ឋកម្ពុជា។
លោកហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៤ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលាយបន្ថែមទៀតពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័នដើម្បីបន្តជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា។
ក្រៅពីនេះសម្រាប់ឆ្នាំ ២០២៤ លោកថា៖ «ប.ស.ស.ក៏នឹងបន្តសិក្សារៀបចំនិងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន តាមផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុតផងដែរ»។
លោកបានបញ្ជាក់ថា ទិសដៅអនុវត្តការងារសំខាន់ៗនេះ គឺស្របទៅតាមទិសដៅអាទិភាពនៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និង «កម្មវិធីនយោបាយអាទិភាព» របស់រាជរដ្ឋាភិបាលដែលបេឡាជាតិសន្តិសុខសង្គមបំពេញបេសកកម្មដើម្បីធានាការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម។
លោក ហេង សុផាន់ណារិទ្ធ បានអះអាងថា ប.ស.ស. នឹងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុក និងចូលរួមអនុវត្តគោលនយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈកម្មវិធីអាទិភាពចំនួន៥។
ក្នុងនោះរួមមាន ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម និងការអភិវឌ្ឍសមត្ថភាពស្ថាប័នជាដើម។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានលើកឡើងថា យន្តការនៃការពង្រីកការផ្សព្វផ្សាយពីរបបសន្តិសុខសង្គមនេះគឺមានសារៈសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ កម្មករនិយោកជិត និងសាធារណជនទូទៅបានដឹងជុំវិញអត្ថប្រយោជន៍នេះ ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យមានការពង្រឹងទៅលើវិស័យសុខាភិបាលឱ្យកាន់តែល្អ និងទូលាយជាងនេះ។
លោកបានបញ្ជាក់ថា៖ «សូមឱ្យអគ្គនាយកប.ស.ស. ក្រសួងសុខាភិបាល និងក្រសួងការងារ គួរតែពិនិត្យមើលលើការពន្លឿនលើការផ្តល់សេវាជូនសមាជិក ប.ស.ស. ដូចជាការព្យាបាល ការពិនិត្យ ការផ្តល់ថ្នាំព្យាបាល ព្រោះកន្លងមកឃើញថា នៅមានភាពយឺតយ៉ាវ និងអសកម្មរបស់មន្ត្រី ប.ស.សនៅតាមមន្ទីរពេទ្យមួយចំនួន ដូច្នេះសូមឱ្យស្ថាប័នពង្រីកសេវានេះឱ្យបានទូលាយទើបប្រសើរ»។
បើតាមបេឡាជាតិរបបសន្តិសុខសង្គម ចាប់តាំងពីរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ មក បេឡាជាតិបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពីប.ស.ស.ទៅដល់មូលដ្ឋានពលរដ្ឋដែលកំពុងរស់នៅ។
ជាក់ស្តែង គិតមកត្រឹមថ្ងៃទី ៥ ខែមីនា មានពលរដ្ឋជិត ១៧ ម៉ឺននាក់ ហើយដែលបានចូលជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត របស់ប.ស.ស.៕