កំពង់ស្ពឺ/កណ្ដាលៈ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះចំនួន ៣ គ្រាប់ ដែលមានទម្ងន់សរុបជាង ២៣០ គីឡូត្រូវបានមន្ត្រីជំនាញ់ស៊ីម៉ាក់ចុះរំដោះ ក្រោយពីរកឃើញនៅតំបន់កំពុងអភិវឌ្ឍន៍ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រាប់នៅថ្ងៃទី ១២ ខែមីនាថា គ្រាប់បែកទាំង ៣ គ្រាប់នេះ អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីម្ចាស់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ផ្សេងគ្នា ក្នុងនោះមាននៅខាងស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានរកឃើញចំនួន ២ គ្រាប់ ដោយការជីករណ្ដៅដី។
ចំណែកគ្រាប់បែក ១ គ្រាប់ទៀត លោកថា រកឃើញនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយការជីកប៉ះនៅក្នុងដីជីកប្រឡាយទឹករបស់ប្រជាពលរដ្ឋ។
លោក ហេង រតនា បានបន្តថា ក្រោយពីទទួលបានព័ត៌មានពីការរកឃើញគ្រាប់ទាំងនោះ ខាងអង្គភាពស៊ីម៉ាក់ បានចាប់ផ្ដើមប្រតិបត្តិការចុះរំដោះគ្រាប់ទាំងនោះចេញពីដីដោយរំដោះគ្រាប់ម្ដងមួយៗចាប់តាំងពីថ្ងៃទី ៣ រហូតដល់ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
គ្រាប់បែកទាំង ៣ គ្រាប់ ដែលបានរំដោះចេញនេះ គឺសុទ្ធតែជាគ្រាប់បែកសំណល់សង្គ្រាម និងជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK៨២ ដែលមានទម្ងន់សរុបប្រមាណជាង ២៣០ គីឡូក្រាម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហេង រតនា។
លោកបានថ្លែងថា៖ «បើយើងមើលស្ថានភាពគ្រាប់នេះគឺស្ថិតនៅក្នុងស្ថានភាពអាចបង្កផ្ទុះបាន តែជាភ័ព្វសំណាងអ្នកជីកមិនបានប៉ះចំកន្លែងវាផ្ទុះ ប៉ុន្តែប្រសិនបើផ្ទុះវិញ គឺកម្លាំងគ្រាប់ហ្នឹងធំខ្លាំងណាស់ អាចធ្វើឱ្យគ្រឿងចក្រ មនុស្សសត្វ ក៏ដូចជាសម្ភារផ្ទះសំបែងស្ថិតនៅក្បែរៗនោះ អាចខ្ទេចខ្ទីគ្មានសល់ឡើយ»។
បើតាមលោក ហេង រតនា គ្រាប់បែកទាំង៣គ្រាប់ដែលរំដោះចេញនេះត្រូវបានដឹកជញ្ជូនយកទៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការបន្សាប យករំសេវដែលមានជាតិផ្ទុះចេញ។
លោកថា៖ «ចំពោះករណីនេះដែរ ខ្ញុំសុំឱ្យអ្នកប្រើប្រាស់ដីធ្លី និងអ្នកដែលមានគម្រោងអភិវឌ្ឍន៍ដែលមានការសង្ស័យដីមានពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែក សូមស្វែងរកអង្គភាពរុករកគ្រាប់បែកទម្លាក់ពីយន្តហោះនេះ មុននឹងប្រើប្រាស់ដីហ្នឹង ដើម្បីកុំឱ្យមានមនុស្សស្លាប់ និងរបួស»។
បន្ថែមពីនេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់គម្រោងអភិវឌ្ឍន៍ ដែលមានបំណងចង់ធ្វើអ្វីមួយក្នុងតំបន់ចម្ការមីន ឬតំបន់សង្ស័យថាមានមីនឬសំណល់យុទ្ធភណ្ឌសង្គ្រាម ត្រូវតែបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះជាមុនសិន ដើម្បីធានាសុខសុវត្ថិភាព និងអនុលោមតាមច្បាប់រដ្ឋផងដែរ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានឱ្យដឹងទៀតថាក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៥ នាក់ ក្នុងនោះមានអ្នកពិការអវយវៈចំនួន៣នាក់ និងអ្នករងរបួសចំនួន ២ នាក់។
ក្នុងចំណោមជនរងគ្រោះទាំង ៥ នាក់នោះ មាននៅខេត្តពោធិ៍សាត់ចំនួន ៣ នាក់ ខេត្តបន្ទាយមានជ័យម្នាក់និងខេត្តបាត់ដំបងម្នាក់។ចំនួនជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅដើមឆ្នាំ ២០២៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានការថយចុះប្រមាណ ៣៨ ភាគរយ៕