ភ្នំពេញៈ ក្រុមហ៊ុន Cambodia Tienit International Trading បានបង្កើនការនាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ទៅទីផ្សារប្រទេសចិនបន្ថែមទៀត ដោយគិតត្រឹមរយៈពេលជាង ២ ខែ ដើមឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនបាននាំចេញបង្កងកណ្តូបជាង ២ តោន ខណៈដែលឆ្នាំ ២០២៣ កន្លងទៅ(គិតពីខែកញ្ញា ឆ្នាំ ២០២៣) ក្រុមហ៊ុននាំចេញបានប្រមាណជាង១តោនប៉ុណ្ណោះ។
លោក ជា គឹមឡុង ទីប្រឹក្សាក្រុមហ៊ុន CambodiaTienit International Trading បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១២ ខែមីនាថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបានបង្កើនការប្រមូលទិញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ដើម្បីជំរុញការនាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិទៅកាន់ទីផ្សារចិន ទៅតាមផែនការដែលបានគ្រោងទុក។
កំណើននៃការនាំចេញនេះ ដោយសារតែផលិតផលបង្កងកណ្តូប ឬប្រកាំងធម្មជាតិនេះ មានការពេញនិយមចូលចិត្តពីសំណាក់ប្រជាជនចិន ដោយសារតែរសជាតិនិងគុណភាពរបស់វា។ ទោះជាយ៉ាងណា ការលក់តម្លៃថ្លៃពេក បានធ្វើឱ្យក្រុមហ៊ុនជួបការលំបាក ក្នុងការប្រមូលទិញ។
លោកបានប្រាប់ឱ្យដឹងថា៖ «មានឈ្មួញមកប្រកួតប្រជែងទិញទាំងក្នុងស្រុក និងក្រៅស្រុក។ កាលពីពេលជិតចូលឆ្នាំចិន តម្លៃបានហក់ឡើង ១ គីឡូ៩០ ដុល្លារឯណោះ ដែលតម្លៃនេះខ្ពស់ណាស់ ខណៈដែលខាងចិន គេឱ្យតម្លៃយើងដដែលហ្នឹង»។
លោក ជា គឹមឡុង បានលើកឡើងទៀតថា បញ្ហាប្រឈមមួយទៀតនោះគឺដោយសារតែបង្កងប្រភេទនេះ ជាផលិតផលធម្មជាតិដូច្នេះហើយក្រុមហ៊ុនហាក់មានការលំបាកបន្តិចទាក់ទងនឹងការប្រមូលទិញពីប្រជានេសាទ ស្របពេលដែលទីផ្សារចិនមានតម្រូវការខ្ពស់។ យ៉ាងណាក្តីក្រុមហ៊ុន CambodiaTienit International Trading នឹងនាំចេញផលិតផលជលផលសមុទ្រដទៃទៀតផងដែរនាពេលខាងមុខ។
ចំពោះបញ្ហានេះដែរកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា បង្កងកណ្តូប ឬប្រកាំង ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារដទៃទៀត នាពេលកន្លងមក គឺជាផលិតផលធម្មជាតិ មិនមែនជារបស់ចិញ្ចឹមទេ។
កញ្ញាបញ្ជាក់ថា ៖ «ដោយសារតែវាជារបស់ធម្មជាតិ ទើបបង្កងកណ្តូបនេះ វាសម្បូរតែនៅចន្លោះខែកញ្ញា ដល់ខែមករា នៅពេលដែលអាកាសធាតុត្រជាក់។ ចាប់ពីខែកុម្ភៈ ដល់ឧសភា បង្កងប្រភេទនេះ មិនសូវសម្បូរទេ ដោយសារតែអាកាសធាតុក្តៅ ទឹកក្តៅ ធ្វើឱ្យការបង្កកំណើតរបស់វាក៏ថយចុះទៅតាមនោះដែរ នាំឱ្យទិន្នផលដែលនេសាទបានក៏ថយ ដែលនេះជាលក្ខណៈជីវសាស្រ្តរបស់បង្កងកណ្តូបនេះ។ នៅពេលដែលបង្កងកណ្តូបនេះ មិនសូវសម្បូរ ធ្វើឱ្យតម្លៃក៏ថ្លៃទៅតាមនោះដែរ»។
តម្លៃបង្កងកណ្តូប មានភាពខុសគ្នាក្នុងរង្វង់ ៣០ ភាគរយ បើប្រៀបធៀបរវាងខែដែលសម្បូរ និងខែខ្សត់បង្កងកណ្តូប។
កញ្ញាបានបញ្ជាក់ថា៖ «ទីផ្សារបង្កងកណ្តូប ក្រៅពីឈ្មួញចិន ក៏មានខាងវៀតណាមចូលមកទិញផងដែរ ដោយសារតែឃើញថា បង្កងយើងមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ហើយហ៊ានឱ្យតម្លៃថ្លៃ។ យើងជាប្រទេសដែលប្រកាន់យករបបទីផ្សារសេរី ដោយយើងមិនអាចផ្តាច់មុខលក់បង្កងកណ្តូបនេះ ឬផលិតផលណាមួយទៅឱ្យប្រទេសណាមួយផ្តាច់មុខតែឯងនោះទេ»។
ការណ៍ដែលប្រជាពលរដ្ឋ លក់ឱ្យឈ្មួញណាមួយដែលហ៊ានទទួលទិញនៅក្នុងតម្លៃថ្លៃ នោះគឺជាសិទ្ធិរបស់គាត់ ហើយវាគឺជាការផ្តល់ចំណេញឱ្យអ្នកនេសាទ និងអ្នកប្រមូលទិញ។ វាជាការប្រកួតប្រជែងដោយសេរី នៅលើទីផ្សារ។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញផលិតផលជលផលធម្មជាតិ ២ខែ នាដើមឆ្នាំ២០២៤ សម្រេចបានចំនួន ១៥តោន ស្មើ ០,១៩ភាគរយ នៃផែនការ ៨ ០០០តោន។ ផលសរុបពីការនាំចេញក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ការនាំចេញផលនៃផលិតផលជលផលធម្មជាតិ សម្រេចបាន៣៨២តោន៕