ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងដោយមានការគាំទ្រពីសហភាពអឺរ៉ុបប្រចាំកម្ពុជាកំពុងជួយដល់រោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទីក្នុងការបន្តធ្វើពិពិធកម្មទីផ្សារ និងជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
កិច្ចខិតប្រឹងប្រែងនេះ ត្រូវបានលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងទស្សនកិច្ចសិក្សាទៅកាន់រោងចក្រកែច្នៃស្វាយចន្ទីរបស់ក្រុមហ៊ុន Ample នៅរាជធានីភ្នំពេញដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាព និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា។ ពិធីនោះមានការចូលរួមតំណាងក្រសួងកសិកម្ម, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, អគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិរបស់សហភាពអឺរ៉ុបទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក រួមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
លោក រាជ រ៉ា លើកឡើងថា ក្រសួងពាណិជ្ជកម្មបានបន្តខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មទីផ្សារ និងជំរុញអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាដែលជាដំណាំអាទិភាពទី២ បន្ទាប់ពីស្រូវព្រមទាំងបានជម្រាបសង្ខេបអំពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧។
លោកបានបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្មបានដឹកនាំរៀបចំ ដោយបានដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក»។
ចំណែកលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្ថែមនៅថ្ងៃទី ១២ ខែមីនាថា គោលបំណងនៃការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីខ្សែច្រវាក់តម្លៃរបស់ស្វាយចន្ទីកម្ពុជា រួមមាន ដូចជា អ្នកផលិត អ្នកកែច្នៃនិងអ្នកនាំចេញ ដើម្បីធ្វើយ៉ាងណាកំណត់ឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈមចម្បងៗដើម្បីស្វែងរកដំណោះស្រាយក្នុងការអភិវឌ្ឍស្វាយចន្ទីកម្ពុជាទាំងមូល ជាពិសេសស្វែងរកការគាំទ្រពីទីផ្សារក្នុងតំបន់អឺរ៉ុប។
លោកបានឱ្យដឹងថា ទីផ្សារអឺរ៉ុបគឺជាទីផ្សារដែលនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃរួចដ៏ធំជាងគេលើពិភពលោក។ ដូច្នេះហើយក្រសួងស្ថាប័នពាក់ព័ន្ធខិតខំធ្វើយ៉ាងណាជួយឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីមានស្តង់ដា ទាំងគុណភាព និងបរិមាណទៅតាមតម្រូវការរបស់សហភាពអឺរ៉ុប។
លោកបានបញ្ជាក់បន្ថែមថា៖ «ការនាំចេញស្វាយចន្ទីទៅអឺរ៉ុបកន្លងទៅមានតិចតួចណាស់ ទើបខាងអឺរ៉ុបគេចុះមកជួយពង្រឹងយើងបន្ថែមទៀត ដោយសារស្វាយចន្ទីខ្មែរយើងមានគ្រាប់ធំល្អ មានគុណភាព និងសារធាតុចិញ្ចឹមខ្ពស់ ហើយនៅខាងអឺរ៉ុប គេមិនទាន់ស្គាល់ពីគ្រាប់ស្វាយចន្ទីខ្មែរនៅឡើយទេ។ នេះហើយជាចំណុចសំខាន់ដែលសហគមន៍អឺរ៉ុបមកទស្សនកិច្ចបន្ថែមដើម្បីសិក្សាស្វែងយល់និងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យស្វាយចន្ទីខ្មែរចូលទីផ្សារអឺរ៉ុបបានពេញលេញដូចគេ»។
«នៅឆ្នាំនេះ មានក្រុមហ៊ុនមួយចំនួនគាត់អាចផលិតបានតាមស្តង់ដាអឺរ៉ុបរួចហើយ ក្នុងនោះក៏មានក្រុមហ៊ុន Ample ផងដែរ ដែលគាត់អាចធ្វើបានតាមស្តង់ដាអឺរ៉ុបរួចហើយ។ អ៊ីចឹងនៅឆ្នាំហ្នឹង យើងសង្ឃឹមថា នឹងមានការនាំចេញទៅកាន់សហភាពអឺរ៉ុបច្រើននៅឆ្នាំនេះ។សហភាពអឺរ៉ុបក៏មានផ្តល់ជាជំនួយឥតសំណង និងជំនួយបច្ចេកទេសបន្ថែមទៀតដែរ
ក្នុងការស្វែងរកទីផ្សារនៅអឺរ៉ុបនេះ»។ នេះបើតាមប្រធានសហព័ន្ធស្វាយចន្ទីបានបញ្ជាក់បន្ថែម។
លោកស្រី សម្បត្តិ កល្យាណ ម្ចាស់រោងចក្រកែច្នៃស្វាយចន្ទីអេមផល (Ample) បានប្រាប់ដែរថា កន្លងទៅ ខាងសហភាពអឺរ៉ុប និង GIZ បានជួយដល់រោងចក្រលើការស្វែងរកទីផ្សារ និងជួយផ្សព្វផ្សាយបន្ថែមទៀតពីផលិតផលរបស់រោងចក្រទៅកាន់សហភាពអឺរ៉ុប។
លោកស្រីបានបញ្ជាក់ថា៖ «យើងរំពឹងថា ក្នុងឆ្នាំ ២០២៤ នេះ ពួកគាត់ (ក្រសួងស្ថាប័នពាក់ព័ន្ធ និងសហភាពអឺរ៉ុប) នឹងជួយយើងពង្រឹងបន្ថែម ជាពិសេសការស្វែងរកដៃគូដើម្បីជំរុញការនាំចេញទៅកាន់សហភាពអឺរ៉ុប»។
បើតាមលោកស្រី កល្យាណ បច្ចុប្បន្នផលិតផលស្វាយចន្ទីរបស់លោកស្រីបាននាំចេញទៅកាន់ទីផ្សារមួយចំនួនហើយដូចជា ទីផ្សារ សិង្ហបុរី ចិន អាមេរិក ហើយទីផ្សារបន្ទាប់ដែលលោកស្រីកំពុងស្វះស្វែងនាំចេញទៅបន្ថែម គឺអង់គ្លេសនិងសហភាពអឺរ៉ុប៕