ព្រះសីហនុៈ ក្រុមការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងអត់ច្បាប់ចំនួន ២ កន្លែង និងឃាត់ខ្លួនមនុស្សជិត ៥០០ នាក់នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៩ និងទី ១០ ខែមីនា ខណៈក្នុងរយៈពេលប្រមាណជា ៣ ខែ កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់ជាង ៣ ពាន់ទីតាំង និងបានអនុវត្តផ្លូវច្បាប់លើមនុស្សជាង ១ ម៉ឺននាក់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសឱ្យដឹងនៅថ្ងៃទី ១១ ខែមីនាថា ក្នុងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និង ១០ កន្លងទៅនេះ ក្រុមការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន ២ ទីតាំង ដោយបានឃាត់ខ្លួនមនុស្សជិត ៥០០ នាក់ ក្នុងនោះជនបរទេស ២០៥ នាក់ និងជនជាតិខ្មែរចំនួន ២៧៩ នាក់។
ក្រុមការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ នៅអតីតកាស៊ីណូភែរឺដលអាយលែន (Paradis Island) ដោយបានរកឃើញជនបរទេសចំនួន ១៧៥ នាក់ (ស្រី ៤៥ នាក់ ដែលក្នុងនោះមាន ៤ សញ្ជាតិ៖ មានវៀតណាម ១០៩ នាក់ (ស្រី ១៧ នាក់), ថៃ ៥៤ នាក់ (ស្រី ២៤ នាក់), ចិនតៃវ៉ាន់ ៨ នាក់ (ស្រី ២ នាក់) និងចិន ១ នាក់ និងអ្នកគ្រប់គ្រងជាជនជាតិចិនតៃវ៉ាន់ និងជនជាតិចិន ៥ នាក់ (ស្រី ២ នាក់)។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា សម្រាប់ជនបរទេសចំនួន ១៦៧ នាក់ (ស្រី ៤១ នាក់) មាន ៣ សញ្ជាតិ គឺវៀតណាម ថៃ និងចិនតៃវ៉ាន់ នឹងត្រូវបណ្តេញចេញពីកម្ពុជា។
ចំណែកករណីទី២ ដែលក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាប នាថ្ងៃទី ១០ មីនា បានរកឃើញជនជាតិខ្មែរចំនួន ២៧៩ នាក់ (ស្រី ២២៧ នាក់) និងរកឃើញជនបរទេសចំនួន ២៨ នាក់ (ស្រី ៣ នាក់) ក្នុងនោះមាន ២ សញ្ជាតិ គឺចិន និងមីយ៉ាន់ម៉ា។ សម្រាប់ជនបរទេសចំនួន ២៨ នាក់ នេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី ១០ ខែមីនាថា ការបង្ក្រាបល្បែងខុសច្បាប់នៅក្នុងខេត្តព្រះសីហនុនេះ គឺផ្អែកទៅលើគោលការណ៍របស់រាជរដ្ឋាភិបាលដោយលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ដើម្បីអភិវឌ្ឍខេត្ត ទៅជាខេត្តឈានមុខលើវិស័យទេសចរណ៍និងអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះលោក សុខ ផល បានអំពាវនាវដល់អ្នកប្រកបរបរល្បែងស៊ីសងខុសច្បាប់ទាំងអស់ត្រូវបិទដោយខ្លួនឯង និងរករបរផ្សេងដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសបម្រើដល់ការអភិវឌ្ឍនិងអូសទាញទេសចរមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន។ បើតាមលោកសុខ ផល ក្នុងរយៈពេលប្រមាណជា ៣ ខែ កន្លងមកនេះទីតាំងលេងល្បែងខុសច្បាប់ជាង ៣ ពាន់ទីតាំង ត្រូវបានបង្ក្រាប និងបិទជាស្ថាពរ និងបានអនុវត្តផ្លូវច្បាប់ចំពោះមនុស្សជាង ១ ម៉ឺននាក់។
ទាក់ទិននឹងការបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំង ២ កន្លែងនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ក្រោយទទួលបានលិខិតបង្គាប់ការរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតឈានដល់ការបង្ក្រាប និងបិទជាស្ថាពរ។
លោក គួច ចំរើន បន្ថែមថា នៅក្នុងខេត្តព្រះសីហនុនេះគឺមានទីតាំងល្បែងពាណិជ្ជកម្មស្របច្បាប់ដែលគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមគ្នានេះក៏មានជនឆ្លៀតឱកាសបានបើកល្បែងស៊ីសងខុសច្បាប់នៅលើទឹកដីខេត្តព្រះសីហនុផងដែរ។
លោកបានថ្លែងថា៖ «ទាក់ទងនឹងការបង្ក្រាបនេះ តាមលិខិតបង្គាប់ការដែលបានប្រគល់ជូន តួនាទីរបស់គណៈបញ្ជាការឯកភាពខេត្តមិនមែនបង្ក្រាបតែ ២ ករណីនេះទេ។ យើងនឹងបន្តស្រាវជ្រាវស្វែងរកជាបន្តបន្ទាប់ទៀត នៅទីតាំងល្បែងស៊ីសងអត់ច្បាប់ ដែលបានប្រព្រឹត្តនាពេលកន្លងទៅឬក៏ប៉ុនប៉ងប្រព្រឹត្តល្បែងខុសច្បាប់នៅក្នុងខេត្តព្រះសីហនុនេះ»។
សូមរំឭកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅទីក្រុងមែលប៊ន កាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅនេះ លោកបានស្នើដល់អ្នកវិនិយោគ ដែលបានបណ្តាក់ទុន ឬមានបំណងវិនិយោគលើវិស័យល្បែងស៊ីសង នៅក្នុងប្រទេសកម្ពុជា មេត្តាយោគយល់លើបញ្ហានេះ ព្រោះកម្ពុជា មិនចង់ឱ្យមានការវិនិយោគបែបនេះទេ ព្រោះវាមិនមានផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាទេ៕