ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញ ខណៈស្ថាប័នមានសមត្ថកិច្ចកងអាវុធហត្ថបញ្ចេញកម្លាំង ៣០០ នាក់ អន្តរាគមន៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិនៅខេត្តពោធិ៍សាត់។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ពីថ្ងៃទី ១៥ ខែមីនា ដើម្បីពិនិត្យរបៀបវារៈការងារសំខាន់ៗនិងផ្តល់ការណែនាំមួយចំនួនដល់ភាគីពាក់ព័ន្ធ។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងការទន្ទ្រានតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនិងដោះស្រាយបញ្ហាឱ្យចប់ប្រកបដោយប្រសិទ្ធភាពនិងធានានិរន្តរភាព។
គួរជម្រាបថា លោក សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខែមីនានេះបានបញ្ចេញកម្លាំងកងអាវុធហត្ថចំនួន ៣០០ នាក់ ទៅអន្តរាគមន៍គាំទ្រកម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសនៅស្រុកវាលវែង។
កងរាជអាវុធហត្ថបញ្ជាក់ថា បេសកកម្មនេះត្រូវធ្វើក្នុងរង្វង់ ១ ខែ ហើយនឹងបន្តធ្វើដូចភ្លៀងរលឹមដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីធានាឱ្យបាននិរន្តរភាពប្រព័ន្ធអេកូឡូស៊ីការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប។លើសពីនេះ បេសកកម្មនេះក៏ធ្វើឡើងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋក្នុងខេត្តពោធិ៍សាត់ផងដែរ។
ចំណែកក្រសួងបរិស្ថាន បានជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចនិងម្ចាស់គម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារធនធានធម្មជាតិថា ដើម្បីពង្រឹងការអនុវត្តច្បាប់និងការអនុវត្តគម្រោងឱ្យបានត្រឹមត្រូវចៀសវាងដល់ការប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ការពារធនធានធម្មជាតិ។ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិដែលអាចកើតមានជាយថាហេតុ ក្រសួងបរិស្ថានសហការជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារធនធានធម្មជាតិតាមគោលការណ៍មួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធនធានធម្មជាតិ ចុះថ្ងៃទី ១៥ ខែមីនា។
ក្រសួងបន្តថា គម្រោងអភិវឌ្ឍន៍ទាំងឡាយណាដែលបានទទួលកិច្ចសន្យា និងកំពុងដំណើរការ ម្ចាស់គម្រោងអភិវឌ្ឍន៍ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការអភិវឌ្ឍន៍ និងកិច្ចសន្យា។ ប្រភពដដែលបញ្ជាក់ទៀតថា៖ «ចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណាដែលទទួលបានគោលការណ៍និងបានចុះកិច្ចសន្យារួច តែពុំទាន់បានចាប់ផ្តើមអនុវត្តម្ចាស់គម្រោងត្រូវរៀបចំផែនការអភិវឌ្ឍន៍និងត្រូវផ្ដើមអនុវត្តជាបន្ទាន់ក្នុងរយៈពេលមិនលើស ៦ ខែ ចាប់ពីថ្ងៃជូនដំណឹងតទៅ»។
ក្រសួងបរិស្ថានព្រមានថា ទាំងគម្រោងអភិវឌ្ឍន៍ដែលកំពុងដំណើរការអាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ដែលបានទទួលកិច្ចសន្យារួចត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីជាធរមាន ពុំនោះទេត្រូវប្រឈមនឹងការដកហូតមកវិញ៕