ភ្នំពេញៈ​ លោក ​ខ្វៃ អាទិ​ត្យា មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិ​ស្ថានបាន​ថ្លែង​ថា ​ចាប់​ពី​ថ្ងៃទី​ ១៣​ ដល់ ​១៧ ​ខែមីនា​ សមត្ថ​កិច្ច​ចម្រុះ​បង្ក្រាប និង​ទប់​ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តពោ​ធិ៍សាត់​ ចំនួន​ ១០​ ក្រុម ​ដែល​មាន​កម្លាំង​សរុប​ ៧៨៩ ​នាក់ ​បាន​ចុះ​អន្ត​រាគមន៍​ ឃ្លុំ​ឬ​ហ៊ុម​ព័​ទ្ធ​ដី​ទំហំ​ចំនួន ​៣ ៩៤២,​៧៣ ហិកតា ​និង​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ហើយ​បាន​អប់រំ​មនុស្ស​មួយ​ចំនួន​ផង​ដែរ​។

​លោក​បាន​ថ្លែង​បែប​នេះ​កាលពី​​ថ្ងៃទី​១៨ ​ខែមីនា​ ​ក្រោយ​កិច្ច​ប្រជុំ​បូកស​រុប​ការ​ងារ​ប្រតិ​បត្តិ​កា​រលើក​ទី​១ កាលពី​ថ្ងៃទី​ ១៧ ​ខែមីនា នៅ​សាលា​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍​សាត់ ដោយ​មាន​ការ​ចូល​រួម​ដឹក​នាំដោយ​លោក​ ចាយ សា​មិត្ត រដ្ឋ​លេខាធិ​ការ​ក្រ​សួងង​បរិស្ថាន និង​លោក​ខូ​យ រី​ដា អភិ​បាល​ខេត្ត​ពោធិ៍​សាត់ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​តំណាង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ អាជ្ញា​ធរ​ខេត្ត ​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និ​ង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។​

លោក​បាន​បញ្ជាក់​ថា៖«​ដោយ​មាន​បញ្ជា​ពី​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ក្នុង​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពង្រឹង​ការ​គ្រប់​គ្រង​ធន​ធា​នធម្ម​ជាតិ​នៅ​តាម​ភូមិ​សាស្ត្រ​នានា​ទូទាំង​ប្រទេស​ ប្រតិ​បត្តិការ​ទ្រង់ទ្រា​យ​ធំ​របស់​សមត្ថ​កិច្ច​ចម្រុះ​បាន​ចុះប​ង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍​សាត់ បាន​ធ្វើ​ឡើង​»​។​

​ការ​ចុះ​ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការដា​ក់​បទ​បញ្ជា​ដោយផ្ទា​ល់​ពីលោក ​អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​បរិស្ថាន និង​លោក ​សៅ សុខា ​អគ្គ​មេ​បញ្ជា​ការ​រងនៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ និង​ជា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​គណៈក​ម្មការ​ថ្នាក់​ជាតិដើម្បី​ទប់​ស្កាត់និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ និង​បញ្ជា​ការ​កង​ឯក​ភាព​ខេត្ត ​ដឹក​នាំ​ដោយ​លោក ​ខូ​យ រី​ដា អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ពោធិ៍​សាត់​។​

​លោក ​ខ្វៃ អាទិ​ត្យា បាន​បន្ថែម​​ថា ក្នុង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ នៃ​រាជ​រដ្ឋាភិ​បាល​ក្នុង​នោះ​បញ្ច​កោណ​ទី​៤ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ធន់​ ចីរភាព ​និង​បរិ​យា​បន្ន ​និង​ក្នុង​មុំ​ទី​២ ​ស្តីពី​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ បេ​តិក​ភណ្ឌ​ វប្បធម៌ ​និង​ទេស​ចរណ៍​ប្រកប​ដោយ​ចីរ​ភាព​។​

លោក​ថា ​៖«​លើស​ពី​នេះ ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីកាល​ពី​ថ្ងៃទី​១៥ ​ខែមីនា ​ឆ្នាំ​២០២៤ ​សម្តេច​បវរ​ធិប​តី​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​បាន​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់​គ្រង​និង​ការ​ពារ​ធន​ធាន​ធម្មជាតិ ជា​ពិសេស​ព្រៃ​ឈើ​ដើម្បី​កុំឱ្យ​មាន​ជន​ឆ្លៀត​ឱកាស​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​»​។​

​យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ចម្រុះ​នៅ​ថ្ងៃទី​១៧ ​ខែមីនា ​បាន​បង្ហាញ​ថា​ ប្រតិ​បត្តិ​ការ​នៃ​កម្លាំង​ចម្រុះ​បាន​សម្រេច​ឃ្លុំ​ដី​បាន​ចំនួន​ ៥១៥ ​ហិក​តា និង​បាន​ដក​ហូត​ ផាល ​ត្រាក់​ទ័រ (​ទុក​នៅ​ប៉ុ​ស្តិ៍​នគរ​បាល​រដ្ឋបាល​អន្លង់​រាប​) ២ ​គ្រឿង​, រណារ​យន្ត១​គ្រឿង​, តង់​កៅស៊ូ​ ១០​ តង់​,រោង​ប្រក់​ស័ង្ក​សី​ ៩​ខ្នង​,រោង​ប្រក់​ស្លឹក​១​ខ្នង​,ដើម​ដំឡូង ៣​៧០ ​បាច់​,ដើម​ចេក​ ៧០ ​គុ​ម្ព​,បង្គោល​របង​ថ្ម ២០ ​បង្គោល ​និង​បង្គោល​របង​ឈើ៧​០​បង្គោល​។​

​របាយ​ការណ៍​ដដែល​ប​ន្ថែ​ម​ថា ដោយ​ឡែក​នៅ​ក្នុង​ពេល​ចុះ​អន្ត​រាគមន៍​កម្លាំង​ចម្រុះ​បាន​រុះរើ រោង​ប្រក់​ស័ង្ក​សី៣​ខ្នង​,រោង​ប្រក់​ស្លឹក ២​ខ្នង​,បង្គោល​របង​១២២​ដើម​និង​បាន​ស៊ើប​អង្កេត​អត្ត​សញ្ញាណ​កសាង​សំណុំ​រឿង២​ករណី(​នៅ​ចំណុច​កូនភ្នំ​កណ្ដាល​)ក្នុង​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍​សាត់​។​

សូម​រំឭក​ដែរ​ថា ក្រសួង​បរិស្ថាន​កន្លង​មក​ បាន​ដាក់​ចេញ​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ស្រប​តាម​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​គឺ​ស្អាត ​បៃ​តង និង​ចីរភាព​។​ក្នុង​នោះ​រួម​មាន ​​ការ​អនុវត្ត​ច្បាប់ ​១០០​ភាគ​រយមិន​មាន​ការ​លើក​លែង​ជា​ដាច់​ខាតនិង​បញ្ចប់​នូវ​វប្ប​ធម៌​ចុះ​កិច្ច​សន្យា​ហើយ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​និង​ពង្រឹង​កិច្ច​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​រាជ​ធានី ​ខេត្ត ​ដើម្បី​ទប់​ស្កាត់​ការ​ពារ ​និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​។​

ជា​មួយ​គ្នា​នេះ​ក្រសួ​ងបរិ​ស្ថានបន្ត​សហ​ការ​ជា​មួយ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ថែម​លើ​កិច្ច​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ដែល​បាន​អនុវត្ត​កន្លង​មក​និងជំរុញ​ការ​ដាំ​ស្តារ​ព្រៃ​ឈើ​សំដៅ​ឱ្យ​មាន​ការ​ដាំ​ដើម​ឈើ​ឱ្យ​ច្រើន​ដើម្បី​បង្កើន​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០​ភាគ​រយ​នៅ​ឆ្នាំ​២០៥០៕