ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ត្រូវរៀបចំឱ្យមានបណ្ណាល័យស្ដង់ដា និងបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលអំណាននៅបណ្ណាល័យចូលទៅក្នុងម៉ោងសិក្សា ដើម្បីពង្រឹងសមត្ថភាពគរុសិស្សឱ្យកាន់តែមានគុណភាពថែមទៀត។
ការលើកឡើងបែបនេះ ក្នុងពេលលោកចុះពិនិត្យការងារដឹកនាំ និងគ្រប់គ្រងនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តបន្ទាយមានជ័យ កាលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤។នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ។
នាឱកាសនោះ លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា បច្ចុប្បន្នសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បាននិងកំពុងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសជាប្រចាំតាមរយៈការចូលរួមសិក្ខាសាលា ប្រជុំក្រុមបច្ចេកទេសបង្ហាត់បង្រៀនឱ្យគ្រូឧទ្ទេសចេះប្រើប្រាស់សម្ភារពិសោធន៍ បង្កើនគំនិតច្នៃប្រឌិត បង្កើនសមត្ថភាពគ្រូឧទ្ទេសក្នុងការស្រាវជ្រាវនានា និងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិធីសាស្ត្របង្រៀនផ្សេងៗជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានផ្ដោតសំខាន់ទៅលើប្រធានបទ ៣ គឺអំណានដំបូង គណិតវិទ្យាដំបូង និងវិទ្យាសាស្ត្រ នៅថ្នាក់បឋមសិក្សា ដោយលោកបញ្ជាក់ថា សម្រាប់គរុសិស្សចេញថ្មីគឺចាំបាច់ត្រូវតែមានសមត្ថភាពពេញលេញក្នុងការបង្រៀន អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។
លោកបានបញ្ជាក់ថា៖ «គរុសិស្សចេញថ្មីគប្បីត្រូវមានសៀវភៅជំនួយសម្រាប់ការបង្រៀន និងទាមទារឱ្យត្រៀមសម្ភារឧបទេសជាមុនដើម្បីចំណេញពេលវេលា ហើយដើម្បីពង្រឹងសមត្ថភាពដល់គរុសិស្សសូមជំរុញឱ្យគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ត្រូវរៀបចំឱ្យមានបណ្ណាល័យស្ដង់ដា និងបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលអំណាននៅបណ្ណាល័យចូលក្នុងម៉ោងសិក្សា»។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា ក៏ដូចជា លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញភារកិច្ចដឹកនាំ និងស្នើសុំឱ្យបន្តរក្សាស្មារតីសហការគ្នា ដើម្បីចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀតផងដែរ។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានគាំទ្រចំពោះការបង្កើតឱ្យមានបណ្តាល័យស្តង់ដាដោយចាត់ទុកថា ជារឿងល្អ និងជាភាពចាំបាច់មួយ ព្រោះថា អាចឱ្យគរុសិស្សសិក្សាស្រាវជ្រាវបន្ថែមក៏ដូចជា បម្រើដល់ការបង្រៀន និងរៀនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងថា៖ «បើនិយាយដល់ការបង្កើតឱ្យមានបណ្ណាល័យស្តង់ដា គឺទាមទារឱ្យមានធនធានច្រើន ដូចជា រចនាសម្ព័ន្ធរូបវន្ត តុ ទូ សៀវភៅ និងឧបករណ៍ផ្សេងៗទៀត»។
លោកបានបន្តថា៖ «ហេតុនេះសូមឱ្យគណៈគ្រប់គ្រងសាលានីមួយៗត្រូវចេះស្វែងរកប្រភពជំនួយផ្សេងៗពីដៃគូពាក់ព័ន្ធ ចៀសវាងមានបណ្តាល័យហើយតែមិនមានសៀវភៅនិងឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។ ដូច្នេះបើធ្វើបែបនេះបានជោគជ័យនោះ នឹងជួយដល់គរុសិស្សចេះអំណានបានគ្រប់គ្រាន់ អាចចែករំលែក និងបង្រៀនទៅកាន់សិស្សរបស់ខ្លួនបាន»។
សូមបញ្ជាក់ដែរថា ក្រសួងអប់រំ ធ្លាប់បានលើកឡើងថា ក្រសួងបាននិងកំពុងអភិវឌ្ឍគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូឱ្យស័ក្ដិសមជាកន្លែងអប់រំគ្រូបង្រៀនប្រកបដោយគុណភាពទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិក្ខារបង្រៀននិងរៀនព្រមទាំងការធ្វើទំនើបកម្មវិធីសាស្ដ្របង្រៀនឱ្យស្របតាមបរិបទសតវត្សរ៍ទី ២១ ដើម្បីធានាថា គរុសិស្សមានមូលដ្ឋានរឹងមាំ ក្នុងការបង្រៀនបន្តដល់សិស្សនូវចំណេះដឹងប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ក្រសួងបានបន្តថា ដើម្បីសម្រេចបានគោលដៅនិងផែនការសកម្មភាពខាងលើនេះ ក្រសួងនឹងបន្តធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្ដោតលើចំណុចសំខាន់ៗដូចជា ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ, ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន,ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗបណ្ណាល័យនិងសម្ភារឧបទេសទំនើបសម្បូរបែប និងការធានាគុណភាពនៃការបណ្តុះបណ្តាលជាដើម៕