ភ្នំពេញៈ ធនាគារពិភពលោក(World Bank) បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៣៥ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងកែលម្អផ្លូវថ្នល់ធន់នឹងអាកាសធាតុទៅដល់ខ្សែផ្លូវជនបទឱ្យមានស្តង់ដានៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាជនជាង ២ លាននាក់ ក្នុងខេត្តទាំង ៣។
ជាពិសេសពង្រីកការទទួលសេវាសុខភាព ទីផ្សារ អប់រំ ដែលធ្លាប់រងផលប៉ះពាល់ជាអវិជ្ជមាន និងជាពិសេសអំឡុងពេលរដូវវស្សា ខណៈ WB ធ្លាប់ផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ កាលពីឆ្នាំ ២០២០។
ការអនុម័តនេះ ធ្វើឡើងដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោកផ្ទាល់ ពីទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ជំនួយ ៣៥ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជានេះ សម្រាប់ «គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP)» ក្នុងគោលដៅបង្កើនភាពធន់ដល់ផ្លូវថ្នល់ដើម្បីបម្រើប្រជាពលរដ្ឋក្នុងខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ លើការប្រើប្រាស់ដើម្បីទៅផ្សារ ទៅសាលារៀន ទៅរកសេវាសុខាភិបាល ខណៈប្រជាជនប្រមាណ ៨០% នៃប្រជាជនសរុបជាង ២ លាននាក់ ក្នុងខេត្តទាំង ៣ រស់នៅតាមតំបន់ជនបទ។
បើតាមរយៈរបាយការណ៍របស់ធនាគារពិភពលោកស្តីពីការអភិវឌ្ឍនិងបម្រែបម្រួលអាកាសធាតុនៅកម្ពុជាបានបញ្ជាក់ថា ផ្លូវថ្នល់នៅបណ្តាខេត្តទាំង៣ នេះ មានការប្រឈមខ្លាំងនឹងវិបត្តិអាកាសធាតុ ខណៈស្ថានភាពផ្លូវថ្នល់គ្មានកម្រាលកៅស៊ូ ឬបេតុង ហើយសំណង់គ្រប់គ្រងទឹកជំនន់ក៏គ្មាន ដែលនាំឱ្យងាយរងគ្រោះ បង្កហានិភ័យដល់ពលរដ្ឋក្នុងការទទួលសេវាសំខាន់ៗ ដូចជា ការអប់រំ ការថែទាំងសុខភាព ជាមួយឥទ្ធិពលជាអវិជ្ជមានដល់ជីវភាពរស់នៅ។
សេចក្តីប្រកាសបានសង្កត់ធ្ងន់ទៀតថា៖ «ស្ថានភាពផ្លូវថ្នល់អន់ ក៏ជាហេតុនាំឱ្យមានការចំណាយខ្ពស់លើការដឹកជញ្ជូន និងឡូជីស្ទិកសម្រាប់កសិផលសំខាន់ៗ នៅក្នុងខេត្តគោលដៅទាំងនេះដែរ។ ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ឱ្យការចំណាយលើគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេស នៅក្នុងកិច្ចសន្យាធ្វើផ្លូវ»។
សូមបញ្ជាក់ថា រយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិនៃអតិផរណាខ្ពស់ និងការឡើងថ្លៃធាតុចូលសំខាន់ៗនៃដំណើរការគម្រោង ដូចជាប្រេងឥន្ធនៈ និងកៅស៊ូអ៊ុតផ្លូវថ្នល់ ធ្វើឱ្យថ្លៃចំណាយនៃគម្រោងបានកើនឡើងហួសពីការស្មាន នៅមុនពេលឆ្នាំ ២០១៩ នៃការអនុម័តជាលើកដំបូងរបស់ធនាគារពិពលោក។
បន្ថែមពីនេះ តាមរយៈការស្ទង់មតិបន្ថែម បង្ហាញថា ការធ្វើនវានុវត្តន៍មួយចំនួន និងរចនាផ្នែកវិស្វកម្មនៃគម្រោងផ្លូវថ្នល់នេះក៏តម្រូវបង្កើនថវិកាទ្រទ្រង់ផងដែរ។ បច្ចុប្បន្ន គម្រោងស្តារផ្លូវនេះកំពុងអនុវត្តលើផ្លូវប្រវែង ១៣០ គីឡូម៉ែត្រ និងផ្លូវជាតិនិងផ្លូវខេត្តគោលដៅ និងលើផ្លូវ ១៤២ គីឡូម៉ែត្រនៃប្រវែងសរុប ២៧៩ គីឡូម៉ែត្រ នៃផ្លូវជនបទជាគោលដៅ។
ជាមួយគ្នានេះ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា លើកឡើងតាមរយៈសេចក្តីប្រកាសថា នៅទីជនបទ ពលរដ្ឋមានបញ្ហាប្រឈមធំៗ ដើម្បីទទួលបានលទ្ធភាពរកសេវាថែទាំសុខភាព និងសេវាសាលារៀន ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ជាពិសេសនៅអំឡុងរដូវវស្សា។
លោកស្រីបន្ថែមថា៖ «មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះផង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានថ្លែងថា គម្រោងការតភ្ជាប់ផ្លូវថ្នល់ និងកែលម្អផ្លូវជនបទសម្រាប់ខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំនេះ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការជុំវិញការផ្តល់អាទិភាពទៅលើ ទឹក ភ្លើង ផ្លូវ និងមនុស្ស ដែលនឹងចូលរួមបង្កើនគុណភាពផ្លូវថ្នល់ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ពោលគឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ទឹកជំនន់ ចៀសវាងការសាងសង់ផ្លូវដែលខូចខាតញឹកញាប់។
លោកបានសង្កត់ធ្ងន់ថា៖ «គម្រោងនេះមានសារៈសំខាន់ណាស់ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅតាមទីជនបទ ដែលបង្កើនគុណភាពនៃវិស័យតភ្ជាប់ សម្រួលជីវភាពប្រចាំថ្ងៃលើការធ្វើដំណើរទៅទទួលសេវានានាដែលជាតម្រូវការ។ ប្រជាពលរដ្ឋដែលភាគច្រើនប្រកបរបរកសិកម្មកាន់តែងាយស្រួលលើការដឹកជញ្ជូននានា»។
លោក ជ័យ តិច បានបន្តថា ធនាគារពិភពលោក បានចូលរួមចំណែកយ៉ាងច្រើនដល់ដំណើរការអភិវឌ្ឍកម្ពុជា មុនពេលកម្ពុជាត្រៀមចាកចេញពីកម្រិតប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលធនាគារនេះបានផ្តល់ជំនួយហិរញ្ញប្បទានជាច្រើន ដែលនៅជាបន្តបន្ទាប់ ជាពិសេសការផ្តល់កម្ចីសម្បទានដល់រដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍជនបទ។
គួរជម្រាបជូនថា នេះជាការអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣៥ លានដុល្លារ ក្នុងគម្រោង RCIP ខណៈកម្ពុជាបានទទួលហិរញ្ញប្បទាននេះចំនួន ១០០ លានដុល្លារ កាលពីខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ។ គម្រោងនេះជាផ្នែកមួយជួយដល់ការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទរបស់កម្ពុជា ខណៈក្រសួងទាំង ២ ជាអ្នកអនុវត្តគម្រោង៕