ភ្នំពេញៈ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល និងគេហទំព័រធនធានអប់រំ (OER) សម្រាប់ការបង្រៀន និងរៀន» ទៅដល់លោកគ្រូអ្នកគ្រូ ដើម្បីបំប៉នសមត្ថភាពគ្រូបង្រៀនឱ្យកាន់តែប្រសើរថែមទៀត។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូសរុបចំនួន ២០០ នាក់ មកពីវិទ្យាល័យគោលដៅចំនួន ១០។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្រោមគម្រោងធនធានអប់រំបើកទូលាយ និងបំណិនឌីជីថល ក្រោមជំនួយរបស់សេវាកម្មអភិវឌ្ឍន៍លីចតេនស្ទីន (LED) ដែលជាទីភ្នាក់ងារម្ចាស់ជំនួយទ្វេភាគីផ្លូវការនៃប្រទេសលីចតេនស្ទីន (Principality of Liechtenstein)។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដើម្បីបំប៉នសមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល។
ក្រសួងអប់រំបានឱ្យដឹងថា ក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមនៃវិទ្យាល័យគោលដៅទាំង ១០ នឹងត្រូវផ្សព្វផ្សាយចែករំលែកចំណេះដឹងទៅដល់លោកគ្រូ អ្នកគ្រូផ្សេងទៀតនៅក្នុងវិទ្យាល័យរបស់ខ្លួន។ បន្ទាប់មកលោកគ្រូអ្នកគ្រូក៏នឹងផ្សព្វផ្សាយដល់សិស្សា-នុសិស្សរបស់ខ្លួនទៅលើការប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលសម្រាប់ស្វ័យសិក្សា សិក្សាស្រាវជ្រាវ និងស្វែងរកឯកសាររៀនដ៏សម្បូរបែបដែលជាផ្នែកមួយនៃការបណ្ដុះបំណិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍។
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាលោកគង់ សំនៀង បានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលពីរបៀបប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលនេះឡើងដោយលោកចាត់ទុកថា នេះគឺជាយុទ្ធសាស្ត្រថ្មីរបស់ក្រសួងក្នុងការជំរុញឱ្យមានការកសាងសមត្ថភាពយុវជន ជាពិសេសសិស្សនិស្សិតតាមរយៈលោកគ្រូ អ្នកគ្រូដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។
លោកបានបញ្ជាក់ថា៖ «ការជំរុញឱ្យមានការកសាងសមត្ថភាពលោកគ្រូអ្នកគ្រូ តាមរយៈវគ្គបណ្តុះបណ្តាលបន្ថែមគឺជារឿងចាំបាច់ព្រោះបើពួកគាត់មានសមត្ថភាពនឹងក្លាយជាធនធានសំខាន់ឆ្លើយតបដល់ការជំរុញកំណើនសេដ្ឋកិច្ច ហើយនិងជួយអភិវឌ្ឍយុវជនជំនាន់ក្រោយ»។
លោកបានបន្តថា៖ «ហេតុនេះក៏សូមឱ្យក្រសួងបង្កើនការផ្សព្វផ្សាយពីថ្នាលអប់រំសាលាឌីជីថលឱ្យកាន់តែទូលាយបន្ថែមទៀតដើម្បីសិស្សានុ-សិស្ស លោកគ្រូ អ្នកគ្រូ អាចសិក្សារៀនសូត្រ និងចែករំលែកបន្តឱ្យកាន់តែមានប្រសិទ្ធភាព»។
សូមរំឭកដែរថា ក្រសួងអប់រំ បានប្រកាសដាក់ឱ្យដំណើរការផ្ទាល់នូវការអប់រំសាលាឌីជីថល (SalaDigital) សម្រាប់គាំទ្រដល់ការបង្រៀន និងរៀនស្របទៅតាមបរិបទថ្មីនៃការអប់រំបែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាបន្ន គុណភាព និងស័ក្តិសិទ្ធិភាព។
សូមបញ្ជាក់ដែរថា ថ្នាលអប់រំសាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែកនិងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀនរៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅ។
ក្រសួងអប់រំ បានដាក់ដំណើរការឱ្យសាកល្បងប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះហើយបើគិតមកទល់បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៩ ម៉ឺននាក់ សាលាចំនួនជាង ១០០ ដោយមានផ្ទុកសៀវភៅជាង ២ ០០០ ក្បាល និងមានមេរៀនជាង ១៣០ មេរៀន៕