ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចកែសម្រួលមាត្រាមួយចំនួននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីធ្វើឱ្យវិសោធនកម្មសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះធានាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការសម្រេចសម្រួលបែបនេះធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដឹកនាំដោយលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំនេះ បានឯកភាពលើសេចក្តីព្រាងចាស់ ដែលបានឆ្លងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) រួចនឹងត្រូវបានបញ្ជូនត្រឡប់មកវិញពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីចុងអាណត្តិទី ៦ នៃរាជរដ្ឋាភិបាលដើម្បីពិនិត្យលើចំណុចដែលត្រូវកែសម្រួលឱ្យស្របតាមការវិវឌ្ឍរីកចម្រើននៃសង្គម និងសេដ្ឋកិច្ច រក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍របស់ជាតិ។
បើតាមក្រសួងសាធារណការ កិច្ចប្រជុំនេះបានសម្រេចឯកភាពគ្នាកែសម្រួលចំណុចទី ៧ នៃមាត្រា ៧ ដើម្បីធានាកុំឱ្យមានការបិទបាំងយានជំនិះប៉ះពាល់ដល់ការមើលឃើញរបស់អ្នកបើកបរ និងសមត្ថកិច្ច។ សម្រួលបញ្ចូលមាត្រា ៥៤ ទៅក្នុងមាត្រា ៥២ តែ ១ នៅក្នុងជំពូកទី ៩ ដើម្បីធានាដល់ការធ្វើអាជីវកម្មដឹកជញ្ជូនប្រកបដោយតម្លាភាពងាយគ្រប់គ្រងលើសុវត្ថិភាពចរាចរណ៍ និងការប្រមូលពន្ធចូលថវិកាជាតិ។
ក្រសួងបន្តទៀតថា៖ «ការសម្រួលមាត្រាទាំងនោះបញ្ចូលគ្នាដែរក៏ដើម្បីបំពេញបន្ថែមតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងសាធារណការធានាកុំឱ្យមានការត្រួតភារកិច្ចជាមួយសមត្ថកិច្ចផ្សេងទៀត និងការកំណត់ទោសទណ្ឌឱ្យបានច្បាស់លើអ្នកប្រើភ្លើង ការប្រើទូរស័ព្ទ និងយានជំនិះល្មើសច្បាប់ជាដើម»។
បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះនឹងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងសាធារណការដើម្បីសុំការសម្រេចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធីសុំការអនុម័តជាស្ថាពរឱ្យឆាប់ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា នៅក្នុងមាត្រា ៧ ចំណុចទី ៧ បានចែងថា ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗដែលនាំឱ្យបាំងភ្នែកដល់អ្នកបើកបរ។ចំណែកមាត្រា ៥២ ចែងថាគ្រប់យានដ្ឋានជួសជុលយានយន្តនិងកែច្នៃដំឡើងយានយន្តត្រូវមានលិខិតអនុញ្ញាតដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងឧស្សាហកម្មនិងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃ។
រីឯមាត្រា ៥៤ ចែងថា គ្រប់យានយន្ត រ៉ឺម៉ក ដែលយកទៅប្រើប្រាស់ក្នុងអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកគឹម បញ្ញា អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានប្រាប់នៅថ្ងៃទី ១៩ ខែមីនាថា កន្លងមកការសម្រេចកែសម្រួលមាត្រាទាំងនោះ វាពិតជាល្អណាស់ ព្រោះដើម្បីឱ្យច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះក្លាយទៅជាច្បាប់ថ្មីក្នុងការធានាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តថា តាមរយៈការធ្វើសេចក្ដីព្រាងច្បាប់នេះដែរក្នុងនាមជាអង្គការសង្គមស៊ីវិលមើលឃើញថា កន្លងមកច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មិនទាន់កំណត់ឱ្យអ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីន ១២៥c ត្រូវមានបណ្ណបើកបរនោះទេ។
ដូច្នេះហើយប្រសិនបើក្រសួងបានបញ្ចូលហើយឬមិនបញ្ចូលយ៉ាងហោចណាស់ក្នុងមាត្រាច្បាប់គួរតែតម្រូវឱ្យអ្នកបើកបរម៉ូតូត្រូវមានការឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ខណៈសព្វថ្ងៃអ្នកបើកបរម៉ូតូរៀនតគ្នា និងដោយខ្លួនឯង ហេតុនេះនៅពេលបើកបរលើផ្លូវធំៗច្រើនតែប្រឈមជាមួយនឹងគ្រោះថ្នាក់។
លោកបានថ្លែងថា៖ «ការធ្វើវិសោធនកម្ម ឬកែសម្រួលនេះគួរពិនិត្យពីគ្រោះថ្នាក់ដែលបណ្ដាលឱ្យស្លាប់មនុស្សជាច្រើននាក់ ហើយអ្នកបើកបរតែងតែរត់ចោលកន្លែងកើតហេតុត្រូវតែមានការដំឡើងការដាក់ទោសទណ្ឌជាងច្បាប់មុនៗដើម្បីឱ្យអ្នកបើកបរមានការភ័យខ្លាច ជាពិសេសអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតែម្ដង»។
ជាមួយគ្នានេះលោកបានរំពឹងថា ភាគីរាជរដ្ឋាភិបាលនឹងប្រមូលធាតុចូលបន្ថែមទៀតពីវិស័យពាក់ព័ន្ធផ្សេងទៀតរួមមានអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឱ្យបង្កើតច្បាប់មួយដែលមានលក្ខណៈល្អប្រសើរ។ ជាពិសេសនៅពេលដាក់ឱ្យអនុវត្តទៅគឺមានគោលដៅដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជា កាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យច្រើនទាំងតួលេខអ្នកស្លាប់ និងអ្នករងរបួសស្ថិតក្នុងអតិបរមាកម្រិតមួយទាបបំផុត៕