ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានស្នើដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានលុបប្រកាសអនុញ្ញាតការប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មានមួយ ក្រោយពីអង្គភាពនេះបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ។
លោក ទេព អស្នារិទ្ធ ឱ្យដឹងថា ក្រសួងព័ត៌មានបានលុបប្រកាសអនុញ្ញាតការប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាន Life and Sport កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ដោយសារម្ចាស់អង្គភាពបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមខ្លឹមសារដែលបានចែងក្នុងក្របខ័ណ្ឌនៃប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ។ ក្រសួងបានជូនដំណឹងពីការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មនេះ ដល់ម្ចាស់អង្គភាពរួចហើយ។
លោកបញ្ជាក់ថា៖ «យើងសូមសំណូមពរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀតផងដែរ»។
លោក ទេព អស្នារិទ្ធ បន្តថា ៖ «ត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន»។
លោកបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមឱ្យសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជាមួយខ្លឹមសារមានគុណភាពដោយត្រូវធានាថា ជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
ជុំវិញរឿងនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសម្តែងការសោកស្តាយនៅពេលមានការលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ឈប់ឱ្យផ្សព្វផ្សាយបន្តទៀតនេះ ខណៈលោកមិនដឹងច្បាស់ថា អង្គភាពសារព័ត៌មាននោះ បានធ្វើសកម្មភាព និងចុះផ្សាយពីអ្វីច្បាស់នោះឡើយ។ ទន្ទឹមគ្នានេះលោកក៏ទទួលស្គាល់ថា កន្លងមកពិតជាមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយដោយខ្វះក្រមសីលធម៌វិជ្ជាជីវៈផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ការលុបអាជ្ញាប័ណ្ណនេះ គឺជាការគោះជួងមួយដើម្បីឱ្យបងប្អូនអ្នកសារព័ត៌មានយើងមានការប្រយ័ត្នប្រយែង ឱ្យបែរមកមើលពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនដែលក្លិបអ្នកកាសែតកម្ពុជា បានធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយច្រើនមកហើយ។ ដូច្នេះខ្ញុំយល់ថា នេះជាចំណុចមួយឱ្យអ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈដោយខ្វះចន្លោះបែរមកអនុវត្តឱ្យត្រឹមត្រូវវិញ»។
បន្ថែមពីនេះ លោកថ្លែងថា ចំពោះអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានណាមួយដែលមានចម្ងល់ជុំវិញក្រមសីលធម៌វិជ្ជាជីវៈនេះ ក្លិបអ្នកកាសែតកម្ពុជា នៅរង់ចាំ និងត្រៀមខ្លួនជានិច្ច ដើម្បីជួយ។
សូមរំឭកដែរថា កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានក៏ធ្លាប់ព្រមានដែរថា នឹងចាត់វិធានការក្នុងក្របខ័ណ្ឌច្បាប់ចំពោះរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាសំដៅរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់ក្នុងសង្គមឱ្យកាន់តែប្រសើរ៕