ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុតដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
លោក អ៊ាង សុផល្លែត បានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង (Zhang Xiaodong) នាយកក្រុមហ៊ុន China SiweiSurving and Mapping Technology Co,.LTD នៅថ្ងៃទី ១៨ ខែមីនា នាទីស្តីការក្រសួងបរិស្ថាន។
នាឱកាសនោះ លោក ចាង ខឺស៊ាងតុង បានលើកឡើងអំពីប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០ គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយរណប។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។
លោក ចាង ខឺស៊ាងតុង បានលើកឡើងថា៖«ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្ត្រ រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត»។
ក្រុមហ៊ុន China SiweiSurving and Mapping Technology Co,.LTD មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ជូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។
លោក អ៊ាង សុផល្លែត បានថ្លែងថា៖ «ក្រសួងបរិស្ថានបានប្រើប្រាស់រួចទៅហើយ ចំពោះការពិនិត្យ តាមដាន និងវិភាគព័ត៌មានតាមរយៈទិន្នន័យដែលទទួលបានពីផ្កាយរណបហើយការទទួលបានទិន្នន័យទាំងនេះ ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗនៅតាមតំបន់គោលដៅផងដែរ»។
ទន្ទឹមគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួងបរិស្ថានដើម្បីពិនិត្យ និងពិភាក្សាលម្អិតពីប្រសិទ្ធភាពនៃគម្រោង ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង ធានាឱ្យបាននូវផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់អ្នកជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានពីការយកចិត្តទុកដាក់គ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទំនើប។
លោកបាននិយាយថា ការប្រើប្រាស់បច្ចេកវិទ្យាដូចជាផ្កាយរណប និងបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងវិស័យបរិស្ថាននឹងបង្កើនការងារក្នុងការអភិរក្ស និងការគ្រប់គ្រងព្រៃឈើជាពិសេស គឺអាចការពារបាននូវការលួចចូលកាប់ទន្ទ្រានរានយកដីព្រៃធ្វើជាកម្មសិទ្ធិ។
លោកបានបន្ថែមថា បើទោះបីមានក្រុមឧទ្យានុរក្សក៏ដោយ ក៏ប៉ុន្តែពួកគេមិនអាចធ្វើការគ្រប់ជ្រុងជ្រោយបានទេ ដោយសារតែពួកគេខ្វះបច្ចេកវិទ្យាទំនើបក្នុងការតាមដាន និងប្រមូលទិន្នន័យ។
លោក ជុំ ហួត បានថ្លែងថា៖ «ដូច្នេះបើមានបច្ចេកវិទ្យាទំនើបទាំងនោះដូចជាផ្កាយរណប នេះ នឹងបង្កើននូវឥទ្ធិពល និងបន្ថែមនូវចំណុចខ្វះខាត និងបង្កើននូវប្រសិទ្ធភាពការងារការគ្រប់គ្រងធនធានធម្មជាតិខ្ពស់»៕