ភ្នំពេញៈ ក្រសួងសុខាភិបាល បានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់សមាគមឆ្មបកម្ពុជា ពីការថែទាំសុខភាពមាតា និងទារក ក្នុងគោលបំណងរួមចំណែកពង្រឹងសមត្ថភាពឆ្មប ដើម្បីផ្ដល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនស្ត្រីក្នុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីលោកស្រី គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងលោកស្រី ឆាយ ស្វ័យជាអាទិ៍ ប្រធានសមាគមឆ្មបកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកស្រី ប្រាក់ សោភ័ណនារី បានថ្លែងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនធនធានគ្រូបង្គោលតាមសាខាសមាគមនីមួយៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបណ្ដុះបណ្ដាលបន្ត ពង្រឹងសមត្ថភាពបន្ថែមដល់ឆ្មបជាសមាជិក ក៏ដូចជាឆ្មបផ្សេងទៀត ក្នុងការផ្ដល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់ស្ដ្រីមានផ្ទៃពោះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។
លោកស្រីបានថ្លែងថា៖ «វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើននូវចំណេះដឹង និងសមត្ថភាពដល់គ្រូបង្គោលនៅតាមសាខាសមាគមឆ្មបនីមួយៗ ដើម្បីមានលទ្ធភាពក្នុងការបណ្តុះបណ្តាលបន្តដល់សមាជិកសមាគមឆ្មបនៅតាមសាខារបស់ខ្លួន»។
ទន្ទឹមគ្នានេះដែរ លោកស្រីក៏បានធ្វើការកោតសរសើរដល់សមាជិកឆ្មបទាំងអស់ចំពោះការតាំងចិត្តខ្ពស់ប្រកបដោយឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីជាទុនក្នុងការផ្តល់សេវាជូនដល់ស្ត្រីក្នុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។
បន្ថែមពីនេះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះឆ្មបទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាជូនដល់ស្ត្រី និងទារក រហូតធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងវិស័យសុខាភិបាល។
បើតាមលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងកន្លងមកថា អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ ២០១៤ មកត្រឹម ៨ នាក់សម្រាប់ទារកក្នុង ១ ០០០ កំណើតរស់, កុមារតិចជាង ១២ នាក់ ក្នុង ១ ០០០ កំណើតរស់ និងកុមារនៅក្រោមអាយុ ៥ ឆ្នាំ នៅត្រឹម ១៦ នាក់ ក្នុង ១ ០០០ កំណើតរស់ នាឆ្នាំ ២០២១-២០២២។
លោកបានថ្លែងថា៖ «ការសម្រេចបាននេះ គឺមានន័យថា ប្រទេសកម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម ១ ឆ្នាំ និងកុមារអាយុក្រោម ៥ ឆ្នាំ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន ៩៩ នាក់ ក្នុងចំណោម ១០០ នាក់ បានរាយការណ៍ថាបានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងអឡុងពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣៨% ក្នុងឆ្នាំ ២០០០។
ប្រភពដដែលបន្តថា ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល ដែលបានកើនពី ៣២% ក្នុងឆ្នាំ ២០០០ ដល់ ៩៩% ក្នុងឆ្នាំ ២០២១-២០២២៕