ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការរវាងបណ្តាប្រទេសទន្លេមេគង្គ ដែលបានចូលរួមលើវិស័យអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ និងទេសចរណ៍ ជាដើម។
នេះបើយោងតាមសារលិខិតអបអរសាទររបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា ជូនពរយ៉ាងកក់ក្តៅចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និងទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(MLC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ ដែលមានការចូលរួមពី ៦ ប្រទេសរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមនិងប្រទេសមហាអំណាចចិន។
លោកបានបញ្ជាក់ថា ៖ «ការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាំងពីឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំង៦ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក»។
លោកបានបន្តថា រយៈពេល ៨ ឆ្នាំ កន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។
លោក សុខ ចិន្តាសោភាព បានបញ្ជាក់ថា៖«យន្តការនេះ ក៏បានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្ដល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង»។
មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មី លើវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។
លោកបន្តថា ៖«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តបម្រើជាមធ្យោបាយវិជ្ជមានជាមួយនឹងយន្តការអនុតំបន់មេគង្គ ដទៃទៀត ក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាមួយ "ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” ក៏ដូចជា "គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)” “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)" "គំនិតផ្ដួចផ្ដើម ផ្នែកសន្តិសុខសកល (GSI) "គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)” និង “គំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតសកល” របស់ចិន»។
លោកឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តគាំទ្រដល់សហគមន៍ នៃអនាគតរួមគ្នា នាំមកនូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប ដែលជាការអភិវឌ្ឍដ៏ជោគជ័យសម្រាប់តំបន់ មេគង្គ-ឡានឆាង។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលទាំងអស់បានអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ»។
សូមរំឭកថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព។
គោលដៅចម្បងនិងមូលដ្ឋានគ្រឹះនៃទស្សនទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បីសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ បានប្រាប់ឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អាចហៅថាជាច្រករបៀង ដែលមានកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ដែលបាននិងកំពុងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ។
លោកបានថ្លែងថា៖«អ៊ីចឹងហើយ កិច្ចសហការទាំងនេះបានជំរុញនូវកិច្ចសន្ទនាផ្សេងទៀត ដែលបាននាំមកនូវគុណប្រយោជន៍ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងមេគង្គ និងឡានឆាង»។
លោកបានបន្តថា៖«យើងដឹងហើយថា ក្នុងបរិបទសកលលោកយើងនេះ គឺជាបរិបទនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក ដែលត្រូវការអង្គការតំបន់នានាត្រូវរួមគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំពារគ្នាក្នុងការដោះស្រាយទៅលើបញ្ហាផ្សេងៗ»។
លោក យង់ ពៅ សង្កេតឃើញថា ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយចិន ធ្វើឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ឡាវ បានអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន មកដល់វៀងចន្ទន៍ ហើយនេះជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការដឹកជញ្ជូន។
លោកថា៖«ជាមួយគ្នានេះកម្ពុជាក៏មានគម្រោងអភិវឌ្ឍន៍រួចជាច្រើន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅលើវារីអគ្គិសនី ផ្លូវ ថ្នល់ ស្ពាន និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងព្រលានយន្តអន្តរជាតិសៀមរាបអង្គរជាដើម និងគម្រោងផ្សេងៗទៀតដែលនឹងចាប់ផ្តើមទាំងអស់នេះសុទ្ធតែផ្លែផ្កាកើតចេញពីគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ ក្នុងបណ្តាញនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង»៕