ភ្នំពេញៈ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាថ្លែងថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។
លោកស្រីបានថ្លែងបែបនេះក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខដើម្បីប្រាក់រៀល និងប្រព័ន្ធបាគង នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។ ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលធនាគារជាតិនៃកម្ពុជាបានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យឆាប់រហ័ស និងចំណាយតិច។
លោកស្រីបញ្ជាក់ថា ៖«ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា ៣,១ ភាគរយ»។
លោកស្រីបន្តថា៖ «លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់បានតាមប្រព័ន្ធឃ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ»។
លោកស្រីបានសង្កត់ធ្ងន់ថា ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈ QR code នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។
លោកស្រីបន្តថា ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិ ដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀល រួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០ ភាគរយ នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀត។
ក្នុងនោះរួមមានដូចជា៖ ការបញ្ចេញសន្ទនីយភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារដែលទាំងអស់នេះបានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការជាប្រាក់រៀលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ក្នុងការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។
លោកស្រី ជា សិរី បាននិយាយថា ការស្រាវជ្រាវបានរកឃើញថា កម្មករមានចំណូលជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀលប្រមាណជាង ៨០ ភាគរយ ដែលបញ្ហានេះ នាំឱ្យកម្មករមានការខាតបង់ពេលវេលា និងប្រាក់កាសដោយសារការប្តូរប្រាក់។ ផ្អែកតាមការអង្កេតនេះ មានកម្មករជាច្រើនក៏បានសម្តែងការយល់ស្របលើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមួយផ្នែកជាប្រាក់រៀលផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមយកឱកាសនេះដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាសគួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់ការសងប្រាក់ទាំងអស់ផ្ដល់ជម្រើសឱ្យអតិថិជន ទាំងអស់មានលទ្ធភាពក្នុងការប្រើប្រាស់ឃ្យូអរកូដ (QR code) ជាប្រាក់រៀលដើម្បីសម្រួល ដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ»។
យោងតាមការធ្វើបទបង្ហាញរបស់លោក ខូយ រ៉ាដា សេដ្ឋវិទូជាតិផ្នែកគោលនយោបាយ និងនវានុវត្តន៍នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានបង្ហាញថា នៅក្នុងវិស័យរដ្ឋបាលសាធារណៈ មានការប្រើប្រាស់ប្រាក់រៀលជាទូទៅ ប៉ុន្តែចំពោះវិស័យឯកជន រូបិយប័ណ្ណបរទេស (ជាពិសេស ប្រាក់ដុល្លារអាមេរិក) នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
លោកបន្ថែមថា ការសិក្សាពីដុល្លារូនីយកម្មនៅកម្ពុជាដោយធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ JICA (JICA Ogata Research Institute) ដោយប្រើប្រាស់ទិន្នន័យ និងព័ត៌មានទូទាំងប្រទេសកន្លងមក បានផ្តល់នូវការយល់ដឹងល្អអំពីដុល្លារូនីយកម្មនៅកម្ពុជានៅកម្រិតអង្គភាព គ្រួសារអាជីវកម្មសហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖«នៅក្នុងប្រទេសកម្ពុជា គេអាចសង្កេតឃើញថា ក្នុងករណីយើងប្រើប្រាស់រូបិយប័ណ្ណខុសគ្នាសម្រាប់ការទូទាត់ទំនិញ និងសេវា អត្រាប្តូរប្រាក់ក្រៅផ្លូវការសម្រាប់ការទូទាត់ទាំងនោះមានភាពលម្អៀងទៅអ្នកលក់ឬអ្នកផ្គត់ផ្គង់»។
បើតាមលោក រ៉ាដា ការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនមានសារៈសំខាន់ក្នុងការពង្រឹងការប្រើប្រាស់ប្រាក់រៀលតាមរយៈកិច្ចសន្ទនាគោលនយោបាយ, ការស្ម័គ្រចិត្តក្នុងការប្រើប្រាស់ប្រាក់រៀលដើម្បីទូទាត់ បៀវត្សរ៍, និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការ ក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់របស់វិស័យឯកជន។ ការទូទាត់បៀវត្សរ៍ជាប្រាក់រៀលមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អង្គភាពគ្រួសារដែលមានចំណូលទាប។
ទន្ទឹមនឹងនេះ ការលើកកម្ពស់ការទូទាត់តាមប្រព័ន្ធឌីជីថល (digital payments) អាចកាត់បន្ថយការខាតបង់ដោយសារអត្រាប្ដូរប្រាក់លម្អៀង នៅពេលប្រើប្រាស់រូបិយប័ណ្ណខុសគ្នា (currency mismatch) ក្នុងប្រតិបត្តិការទូទាត់ទំនិញ និងសេវាផ្សេងៗ។
ដោយឡែកដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ «ស្រឡាញ់ប្រាក់រៀល» ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជនចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។
ធនាគារជាតិនៃកម្ពុជា បានជូនដំណឹង កាលពីថ្ងៃទី ១៩ ខែមីនាថា សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវានៅតាមគ្រប់សាខាគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទូទាំងប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការនេះ៕