រដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (Cambodia Anti-Doping Agency) ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬCADAដើម្បីប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំងដែលអន្តរជាតិហាមឃាត់ ក្នុងន័យធានា និងរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា ដែលគោរពតាមនិយាមអន្តរជាតិ ខណៈសារធាតុដូប៉ា ជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា។
ការបង្កើតនេះយោងតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលផ្អែកតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន ក្នុងគោលដៅកំណត់បទប្បញ្ញត្តិទូទៅ ដើម្បីចូលរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ទីភ្នាក់ងារនេះមានសមាសភាពក្រុមប្រឹក្សាភិបាលដែលមានរដ្ឋមន្ត្រីអប់រំ ជាប្រធាន, និងអនុប្រធានចំនួន២រូបដែលមកពីក្រសួងមហាផ្ទៃ និងក្រសួងអប់រំ រួមនឹងសមាជិក២ រូបទៀតផងដែរដែលមកពីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌។
ផ្អែកតាមអនុក្រឹត្យ ទីភ្នាក់ងារនេះមានតួនាទីជាសេនាធិការរដ្ឋាភិបាលដូចជារៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព បទប្បញត្តិនានាពាក់ព័ន្ធការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ក៏ដូចជាផ្សព្វផ្សាយបទប្បញ្ញត្ដិដទៃទៀត និងអនុម័តលក្ខន្ដិកៈប្រឆាំងដូប៉ាក្នុងវិស័យកីឡា ជាមួយនឹងតួនាទីស្រាវជ្រាវសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់ ហើយផ្សព្វផ្សាយពីបញ្ហាទាំងនេះ រួមនឹងភារកិច្ចមួយចំនួនទៀត។
បន្ថែមពីនេះ ទីភ្នាក់ងារនេះក៏ត្រូវលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ព្រមទាំងត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងចូលរួមប្រជុំពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡាកម្រិតជាតិ តំបន់ និងអន្ដរជាតិ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានប្រាប់ឱ្យដឹងដែរថាការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ជាយន្តការសំខាន់ដើម្បីកសាងកីឡាស្អាតស្អំនៅកម្ពុជា។
លោក ថ្លែងថា យន្តការនេះបានទទួលការសាទរពីសហគមន៍ជាតិ និងអន្តរជាតិ និងអាចពង្រឹងគុណភាពវិស័យកីឡាកម្ពុជាផង ដែលបង្ការមិនឱ្យកីឡាកររូបណាប៉ះពាល់សារធាតុណាដែលហាមឃាត់។
លោកបានថ្លែងថា៖ «សារធាតុដូប៉ានេះសំដៅទៅលើសារធាតុដែលហាមឃាត់ នៅក្នុងការលើកកម្លាំងខុសពីបទបញ្ជាការប្រកួត។ សារធាតុនេះត្រូវបានភ្នាក់ងារប្រឆាំងសារធាតុនេះ ទូទាំងពិភពលោក រួមទាំងកម្ពុជា ដែលមានអនុសញ្ញាអន្តរជាតិហាមឃាត់»។
លោក វ៉ាត់ ចំរើន បន្តថា ៖ «យើងបង្កើតនេះ ដើម្បីពង្រឹងភាពស្អាតស្អំនៃកីឡា និងការលេងដោយយុត្តិធម៌ ដោយមិនត្រូវប្រើសារធាតុប៉ូវខុសច្បាប់។ សារធាតុនេះជះឥទ្ធិពលដល់ក្រមសីលធម៌ និងយុត្តិធម៌ក្នុងការប្រកួតកីឡា»។
លោកបានបន្ថែមថា កន្លងមក មានករណីព្យួរកីឡាករ និងករណីហាមឃាត់កីឡាករផងដែរ នៅបណ្តាប្រទសមួយចំនួន និងព្រឹត្តិការណ៍កីឡាធំៗមួយចំនួន តួយ៉ាងកាលពីឆ្នាំ២០១៦ នាព្រឹត្តិការណ៍កីឡាអូឡាំពិកដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ មានករណីកីឡាកររុស្ស៊ីដែលបានប្រើសារធាតុដូប៉ានេះ ហើយត្រូវបានគេព្យួរ ខណៈកម្ពុជាមិនធ្លាប់មានប្រវត្តិប្រើប្រាស់សារធាតុនេះឡើយ។
លោកបានបន្តថា ការបង្កើតទីភ្នាក់នេះ ស្របពេលកីឡាករ កីឡាការិនីកម្ពុជាកាន់តែមានសមត្ថភាពនិងប្រឡូកក្នុងឆាកអន្តរជាតិ ដែលអាចធានាស្តង់ដាកីឡាកម្ពុជាផង។
លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការបង្កើតទីភ្នាក់ងារនេះមានភាពចាំបាច់ដើម្បីធានា និងរក្សាភាពស្អាតស្អំរបស់កីឡាករកម្ពុជា ក៏ដូចជាដើម្បីបំពេញស្តង់ដានិងលក្ខខណ្ឌតម្រូវក្នុងវិស័យកីឡាលើឆាកអន្តរជាតិផង។
លោកថា៖ «ការងាររបស់ទីភ្នាក់ងារនេះនឹងចូលរួមចំណែកនៅក្នុងការលើកកម្ពស់គុណតម្លៃ និងស្តង់ដានៃកីឡាករយើងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ»៕